ដោយ ឡុង សារេត
រាជធានីភ្នំពេញ៖ សមាគមបណ្តាញកសិករតេជោ (Techo Farmer Network Association) និងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា (Supply Chain Business Association Cambodia) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសមាគមទាំងពីរ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិនិងជាប្រធានសមាគមបណ្តាញកសិករតេជោ លោក ជា ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជកម្មករ ដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ។
ការចុះអនុស្សរណៈនេះ មានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសមាគមទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗរួមមាន ទី១)- ការភ្ជាប់ទំនាក់ទំនង ឬផ្គូផ្គូងអាជីវកម្មរវាងសមាជិក TFNA និង LOSCBA, ទី២)-ការផ្តល់ជូនពិសេស ឬលក្ខខណ្ឌអនុគ្រោះ,ទី៣)-ការផ្លាស់ប្តូរចំណេះដឹង និងទី៤)-ការជួយផ្សព្វផ្សាយទីផ្សារជូនគ្នារវាងសមាជិក TFNA និង LOSCBA។
ថ្លែងនាឱកាសនោះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍បញ្ជាក់ថា សមាគមបណ្តាញកសិករតេជោ សហការជាមួយសមាគមពាណិជ្ជករ ដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាគឺជាដំណើរឆ្ពោះទៅមុខដ៏ល្អរបស់សមាគមទាំងពីរដែលមានគោលដៅរួម និងបង្ហាញភាពច្បាស់លាស់ក្នុងការលើកស្ទួយ និងអភិវឌ្ឈន៍វិស័យកសិកម្មនៅកម្ពុជា។ ប្រព័ន្ធដឹកជញ្ចូននិងភស្តុភារកម្មនេះជារឿងសំខាន់ក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ឬទីប្រជុំជន។ សមាគមនិងធ្វើការសម្របសម្រួលជាមួយសហគមន៍កសិកម្មផ្សេងៗ និងអ្នកផលិតធំៗ ដើម្បីតភ្ជាប់ក្នុងការដឹកជញ្ជូនកសិផល និងផលិតផលកសិកម្ម។ ការចុះអនុស្សរណៈនេះ ជាសក្កានុពលរវាងសមាគមទាំងពីរ ក្នុងការបម្រើសេវាដល់ប្រជាកសិករ ក៏ដូចអ្នកផលិតនៅក្នុងវិស័យកសិកម្ម។
ជាចុងក្រោយ សមាគមទាំងពីរ បានចូលរួមក្នុងការលើកកម្ពស់ផលិតផលកសិកម្មខ្មែរ ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងសមាគម ដើម្បីជួយស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម ទាំងក្នុងប្រទេស និងក្រៅប្រទេស រួមទាំងការដឹកជញ្ជូនជាតិ និងអន្តរជាតិ ដែលនឹងជួយដល់ការអភិវឌ្ឍសហគ្រាស សមាគម សហគមន៍អ្នកផលិតផលិតផលខ្មែរ ក្នុងការរួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាផងដែរ៕










