ដោយ ឡុង សារេត
រាជធានីភ្នំពេញ៖បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុក គេសង្កេតឃើញនៅពិព័រណ៍មានការដាក់តាំងបង្ហាញពីផលិតផលថ្មីៗប្លែក មានកាន់តែច្រើនទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក តួយ៉ាងដូចជាផលិតផលប្រេងសណ្តែកដីរបស់ក្រុមហ៊ុនកូនខ្មែរមួយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងមានការគាំទ្រច្រើន បើប្រៀបទៅនិងពេលមុនៗ។
បើតាមកញ្ញា ទូច នីតា តំណាងផ្នែកលក់របស់ក្រុមហ៊ុន Tiger Power បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានផលិតផលកែច្នៃច្រើនប្រភេទ ហើយក្នុងនោះសម្រាប់ប្រេងសណ្តែកដី នៅពេលកន្លងមកនេះមិនសូវមានប្រជាពលរដ្ឋបានស្គាល់ច្រើននោះទេ។ ប៉ុន្តែសព្វថ្ងៃនេះ គឺមានអតិថិជនជាពលរដ្ឋខ្មែរបានស្គាល់ច្រើន ពិសេសនៅពេលបងប្អូនខ្មែរងាកមកគាំទ្រផលិតផលកែច្នៃដោយសហគ្រាស ក្រុមហ៊ុនក្នុងស្រុក។
ចំណែកលោក ធា កក្កដា តំណាងផ្នែកលក់នៃក្រុមហ៊ុនខាងលើ បានឱ្យដឹងថា នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនចង់ឃើញផលិតផលរបស់ខ្លួន មានការគាំទ្រច្រើនបន្ថែមទៀត ដើម្បីជួយដល់ជីវភាពរបស់កសិករខ្មែរ ពេលតម្រូវការប្រើប្រាស់កើនឡើងធ្វើឱ្យកសិករបង្កើនការដាំដុះសណ្តែកដីរបស់ខ្លួនបន្ថែម។
បើតាមតំណាងក្រុមហ៊ុនខាងលើ វត្ថុធាតុដើម ដែលក្រុមហ៊ុនយកមកកែច្នៃធ្វើជាប្រេងសណ្តែកដី មានការផ្គត់ផ្គង់ពីខាងកសិករនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ក្នុងមួយខែមានបរិមាណពីរតោន ដែលអាចផលិតបានជាប្រេងសណ្តែកដីពី៦០០០ ទៅ៨០០០លីត្រ។
លោកបន្តថា បច្ចុប្បន្ននេះផលិតផលប្រេងសណ្តែកដី របស់ក្រុមហ៊ុនកំពុងតែចរាចរនៅលើទីផ្សារ បាន៨០ភាគរយ។ ពោលមានលក់នៅតាមផ្សារទំនើប និងតាមផ្សារម៉ាតធំៗ ដូចជាផ្សារឡាក់គី ផ្សារទំនើបអ៊ីអន ផ្សារជីបម៉ុង ផ្សារស៊ីត្រា ផ្សារបាយ័ន រួមនិងផ្សារទំនើបផ្សេងទៀតទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនផ្សេងទៀត៕








