ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បានបញ្ជាក់ថា អង្ករបាក់ប្រាំភាគរយចំនួន៧ ៥០០តោន ដែលផលិតចេញពីតំបន់អាយ៉េយ៉ាវ៉ាឌី (Ayeyawady) នឹងត្រូវនាំចេញទៅកាន់ប្រទេសបង់ក្លាដែស ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ។
អង្ករសរុបចំនួន២ ៥០០តោន នឹងត្រូវដឹកជញ្ជូនក្រោមផែនការនាំចេញជើងដំបូង ទៅកាន់ប្រទេសបង់ក្លាដែស តាមសមុទ្រតែប៉ុណ្ណោះ។
យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងភូមា និងបង់ក្លាដែស ក្រុមហ៊ុនចំនួន៣១ត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនអង្ករទៅកាន់ប្រទេសបង់ក្លាដែស ក្នុងបរិមាណអង្ករសរុបចំនួន៧ ៥០០តោន តាមរយៈកំពង់ផែសមុទ្រប៉ាថេន (Pathein Seaport)។
ចំណែកកំពង់ផែយ៉ាងហ្គោន ក៏មានការដឹកជញ្ជូនអង្ករចេញទៅកាន់ប្រទេសបង់ក្លាដែសផងដែរ កាលពីក្នុងចុងខែវិច្ឆិកា និងដើមសប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៥ តាមរយៈកប៉ាល់ពីរគ្រឿង។
សហព័ន្ធស្រូវអង្ករភូមា មានគោលបំណងសម្រេចគោលដៅនាំចេញអង្ករចំនួនបីលានតោននៅក្នុងឆ្នាំ ២០២៥-២០២៦។ ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងអំឡុងពេលខែមេសា ដល់ខែតុលា ឆ្នាំ២០២៥ មានបរិមាណជាង១,៥លានតោន ដោយទទួលបានប្រាក់ចំណូលចំនួន៤៩៩លានដុល្លារ។
អង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារបង់ក្លាដែស ត្រូវបានកិនវេចខ្ចប់ នៅតំបន់ឧស្សាហកម្ម ប៉ាថេន ដែលរោងម៉ាស៊ីនកិនស្រូវនៅទីនោះ ដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៤០០គីឡូវ៉ាត់ ដោយធានាបាននូវគុណភាពផលិតផល ដែលមានស្ថេរភាព និងប្រសិទ្ធភាពផ្គត់ផ្គង់ទីផ្សារ។
ព្រមជាមួយគ្នានេះដែរ រដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី ដែលស្ថិតនៅភាគខាងត្បូងប្រទេសភូមា ក៏កំពុងសម្របសម្រួលដល់ការនាំចេញអង្ករក្នុងរយៈពេលកំណត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ស្ថាប័នក្រសួងពាក់ព័ន្ធ។
យោងតាមផែនការរដ្ឋបាលតំបន់អាយ៉េយ៉ាវ៉ាឌី បានឱ្យដឹងថា តំបន់ដាំស្រូវនេះកំពុងតែអនុវត្តផែនការបង្កបង្កើនស្រូវលើផ្ទៃដីទំហំ១០០ ០០០ហិកតា ក្រោមប្រព័ន្ធកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនទនិន្នផលស្រូវសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
មន្ត្រីរដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី បានមានប្រសាសន៍ថា «ដោយមានគោលបំណងផលិតអង្ករមានគុណភាពខ្ពស់ កសិករដាំស្រូវក្នុងតំបន់សម្រាប់នាំចេញនឹងធ្វើការតាមគោលការណ៍សំខាន់ៗចំនួនបួន គឺ គ្រាប់ពូជ ដី ទឹក និងបច្ចេកទេស។ កសិករផលិតស្រូវកំពុងតែខិតខំប្រឹងប្រែង ដើម្បីធានាថា សហគមន៍កសិករដាំស្រូវក្នុងស្រុកទទួលបានប្រាក់ចំណេញសមរម្យ និងសមស្របស្របតាមតម្លៃអង្ករលើសកលលោក»។
រដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី ក៏ត្រួតពិនិត្យជាប្រចាំលើប្រតិបត្តិការរបស់រោងម៉ាស៊ីនកិនស្រូវ នៅក្នុងតំបន់ផងដែរ ដើម្បីធានាបាននូវស្តង់ដារខ្ពស់ និងនឹងត្រួតពិនិត្យការគ្រប់គ្រងកាកសំណល់ ដែលផលិតដោយប្រព័ន្ធឧស្ម័នឥន្ធនៈចេញពីដុតអង្កាម ដើម្បីកុំឱ្យវាបង្កគ្រោះថ្នាក់ ឬបំពុលបរិស្ថានធម្មជាតិ ហើយសកម្មភាពទាំងអស់ ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ តំបន់ អាយ៉េយ៉ាវ៉ាឌី គឺជាតំបន់វាលទំនាបមួយ ស្ថិតនៅជាប់សមុទ្រភាគខាងត្បូងប្រទេសភូមា ដែលបានអនុវត្តប្រកបដោយជោគជ័យនូវវិស័យកសិកម្ម ចិញ្ចឹមសត្វ និងឧស្សាហកម្ម៕










