វៀងចន្ទន៍៖ សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ បានប្រារព្ធខួបលើកទី២០ របស់ខ្លួននៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរយៈពេលពីរទសវត្សរ៍រវាងប្រទេសឡាវ និងប្រទេសចិន ព្រមទាំងបានគូសបញ្ជាក់ពីចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
ព្រឹត្តិការណ៍នេះមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីឡាវ លោក សាឡឹមសៃ កុម៉ាស៊ីត (Saleumxay Kommasith) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ លោកស្រី ហ្វាង ហុង (Fang Hong) ប្រធានសភាពាណិជ្ជកម្មទូទៅចិនប្រចាំប្រទេសឡាវ លោក សិន ស៊ឺឈីន (Shen Xueqin) មន្ត្រីរដ្ឋាភិបាល តំណាងធុរកិច្ច និងភ្ញៀវកិត្តិយសផ្សេងទៀត។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ កាលពីដើមសប្តាហ៍មុន លោក សាឡឹមសៃ កុម៉ាសីត បានកោតសរសើរសភាពាណិជ្ជកម្ម និងសហគ្រាសចិន ចំពោះការចូលរួមចំណែករបស់ពួកគេចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលឡាវស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនចិន នៅក្នុងវិស័យដូចជា សេដ្ឋកិច្ចបៃតង ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល ការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងផលិតកម្ម ដោយលោកបន្ថែមថា ប្រទេសឡាវនឹងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចរបស់ខ្លួន និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនចិន។
ចំណែក លោកស្រី ហ្វាង ហុង ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ បានកោតសរសើរតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មចិន ក្នុងការបម្រើសមាជិក ការសម្របសម្រួលរវាងរដ្ឋាភិបាល និងអាជីវកម្ម និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន-ឡាវ។
លោកស្រីបានកត់សម្គាល់ថា សម័យប្រជុំពេញអង្គលើកទីបួននៃគណៈកម្មាធិការកណ្តាលទី២០ នៃបក្សកុម្មុយនិស្តចិន ដែលទើបបញ្ចប់ថ្មីៗនេះ បានអនុម័តអនុសាសន៍សម្រាប់ការបង្កើតផែនការប្រាំឆ្នាំលើកទី ១៥ របស់ប្រទេសចិន (ឆ្នាំ២០២៦-២០២៣០) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងអំឡុងពេលនេះ ប្រទេសចិននឹងបន្តលើកកម្ពស់ទំនើបកម្មចិន ពង្រីកការបើកចំហកម្រិតខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដោយបង្កើតឱកាសថ្មីៗសម្រាប់ប្រទេសនានា រួមទាំងប្រទេសឡាវផងដែរ។
លោកស្រីបានលើកទឹកចិត្តសភាពាណិជ្ជកម្មឱ្យណែនាំសហគ្រាសឱ្យចាប់យកឱកាស ដំណើរការស្របច្បាប់ និងមានទំនួលខុសត្រូវ និងបំពេញកាតព្វកិច្ចសង្គម ដោយធានាថាស្ថានទូតចិននឹងបន្តគាំទ្រសហគ្រាសដែលផ្តល់មូលនិធិដោយចិននៅក្នុងប្រទេសឡាវ។
នៅក្នុងសុន្ទរកថា ប្រធានសភាពាណិជ្ជកម្មទូទៅចិនប្រចាំប្រទេសឡាវ លោក សិន ស៊ឺឈីង បានគូសបញ្ជាក់ពីការលះបង់រយៈពេលពីរទសវត្សរ៍របស់សភាពាណិជ្ជកម្មចិន ចំពោះការបម្រើសមាជិក ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការប្រឹងប្រែងការអភិវឌ្ឍរួមគ្នា ដើម្បីឆ្លុះបញ្ចាំងពីការវិវត្តនៃទំនាក់ទំនងចិន-ឡាវ ពីមិត្តភាពអ្នកជិតខាងល្អទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកបានលើកឡើងពីទិន្នន័យ ដែលបញ្ជាក់ពីជម្រៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ រដ្ឋាភិបាលឡាវបានអនុម័តគម្រោងចំនួន៩២៧ ដែលផ្តល់មូលនិធិដោយប្រទេសចិន សរុបជាង១៨ពាន់លានដុល្លារ ដែលធ្វើឱ្យប្រទេសចិនក្លាយជាអ្នកវិនិយោគបរទេសកំពូលលើគេនៅក្នុងប្រទេសឡាវ។
ចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មចិន-ឡាវ បានឈានដល់៦,៩៦៨ពាន់លានដុល្លារ កើនឡើង១៤,៧ភាគរយធៀបនឹងឆ្នាំមុន។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ សហគ្រាសចិនបានវិនិយោគជាង៥លានដុល្លារ ក្នុងគំនិតផ្តួចផ្តើមសុខុមាលភាពសង្គម នៅក្នុងប្រទេសឡាវ ដោយបានសាងសង់សាលារៀនជាង៣០ខ្នង និងរៀនចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជាង៤០០វគ្គ។
នៅព្រឹត្តិការណ៍នេះបានចាក់បញ្ចាំងភាពយន្តឯកសារ ដែលបង្ហាញពីការចូលរួមចំណែករបស់សហគ្រាសចិនចំពោះកំណើនសេដ្ឋកិច្ច សុខុមាលភាពសង្គម និងការការពារបរិស្ថាន នៅក្នុងប្រទេសឡាវ។ សភាពាណិជ្ជកម្មចិន ក៏បានចេញផ្សាយរបាយការណ៍មួយ ដែលសង្ខេបអំពីសកម្មភាពរយៈពេលវែងរបស់សហគ្រាសចិន ក្នុងការបំពេញកាតព្វកិច្ចសង្គមរបស់ពួកគេ និងលើកកម្ពស់ការអភិវឌ្ឍបៃតង ក្នុងរយៈពេល២០ ឆ្នាំកន្លងមក នៅក្នុងប្រទេសឡាវ។
សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ គឺជាសភាពាណិជ្ជកម្មបរទេស ដែលត្រូវបានអនុម័តជាផ្លូវការដោយក្រសួងការបរទេសឡាវ ក្នុងខែវិច្ឆិកា ឆ្នាំ២០០៥។ រហូតមកដល់បច្ចុប្បន្ន សមាជិករបស់សភាពាណិជ្ជកម្មចិន បានកើនឡើងដល់ជាង១០០ក្រុមហ៊ុន ដោយមានសភាពាណិជ្ជកម្មសាខាចំនួន២៥ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម កសិកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុ និងទេសចរណ៍វប្បធម៌៕












