វៀងច័ន្ទន៍៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែ ដែលផ្ទុកម្សៅដំឡូងមី ចំនួន១ ០០០តោន បានចេញដំណើរពីស្ថានីយ៍រថភ្លើង នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីចុងសប្តាហ៍មុន ដែលគេរំពឹងថា នឹងទៅដល់ក្រុងឆេងជូ (Zhengzhou) ខេត្ត ហឺណាន (Henan) ប្រទេសចិន ដោយប្រើរយៈពេល៨០ម៉ោង។
សារព័ត៌មាន ក្លូបលថែមៃ៍ របស់ចិនបានចុះផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ម្សៅដំឡូងមីចំនួនជាង១ ០០០តោន ផលិតដោយរោងចក្រកែច្នៃម្សៅដំឡូងមី នៅក្នុងប្រទេសឡាវ ត្រូវបានដឹកទៅដល់កំពង់ផែ ក្រុងឆេងជូ ភាគកណ្តាលប្រទេសចិន។
ការនាំចេញម្សៅដំឡូងមីនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនចិនដឹកជញ្ជូនតាមទូកុងតឺនើរថភ្លើង (China Railway Container Transport) ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមរថភ្លើងផ្ទាល់រវាងចិន និងអឺរ៉ិប (China-Europe Railway Express) ហើយបានផ្តល់ជូនអតិថិជននូវផែនការដឹកជញ្ជូនទូកុងតឺន័រតាមរថភ្លើង។
ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ដែលដំណើរការផ្លូវដែកចិន-ឡាវ បាននិយាយថា ចាប់តាំងពីផ្លូវដែកបើកដំណើរការមក វាបានផ្តល់ជូនអ្នកនាំចេញផលិតផលកសិកម្មឡាវនូវកុងតឺន័រ សម្រាប់ដឹកជញ្ជូនទំនិញទាន់ពេលវេលា ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានដឹកជញ្ជូនទំនិញជាង១៦លានតោន រួមទាំងផលិតផលកសិកម្មជាង១,៧លានតោន ដែលនាំចេញទៅកាន់ប្រទេសចិន។
ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរផ្លូវដែកចិន ដើម្បីដំណើរការរថភ្លើងដឹកទំនិញម្សៅដំឡូងមី និងផលិតផលកសិកម្មផ្សេងទៀត ដោយផ្តល់នូវបណ្តាញដឹកជញ្ជូន ដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងមានគុណភាពខ្ពស់សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់ឡាវ។
កន្លងមកកំពង់ផែផ្លូវដែកអន្តរជាតិ ក្រុងឆេងទូ បាននាំចូលទំនិញផ្លែឈើពីតំបន់អាស៊ីអាគ្នេយ៍ ដោយដឹកតាមរយៈផ្លូវដែកចិន-ឡាវ ដែលចាប់តាំងពីដើមឆ្នាំ២០២៥មក ខ្សែរថភ្លើងបានដឹកផ្លែទុរេនសរុបចំនួន១៧៥ជើងទៅដល់ទីក្រុងឆេងទូ ក្នុងខេត្តស៊ីឈួន។
ប្រធានក្រុមហ៊ុនកំពង់ផែស្ងួតទីក្រុងឆេងទូ បានមានប្រសាសន៍ថា ផ្លែទុរេនស្រស់ត្រូវដឹកជញ្ជូនទៅឡើងរថភ្លើងនៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយរថភ្លើងបន្តដឹកជញ្ជូនទៅកាន់ទីក្រុងឆេងទូ ដោយប្រើរយៈពេលត្រឹមតែ៧២ម៉ោងប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា បើប្រៀបធៀបជាមួយនឹងការដឹកជញ្ជូនតាមសមុទ្រ សេវាខ្សែសង្វាក់ត្រជាក់នៅលើផ្លូវដែកចិន-ឡាវ កាត់បន្ថយពេលវេលាដឹកជញ្ជូនប្រហែល៧០ភាគរយ និងកាត់បន្ថយការចំណាយប្រហែល៥០ភាគរយ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវអាកាស។
មជ្ឈមណ្ឌលចែកចាយ មានគ្រោងនាំចូលផ្លែទុរេនស្រស់ចំនួន៨ ០០០តោនក្នុងមួយឆ្នាំ នឹងតម្លៃជាទឹកប្រាក់លើសពី២០០លានយន់ ឬស្មើនឹង២៨លានដុល្លារ។ ក្នុងរយៈពេលពីពីរទៅប្រាំឆ្នាំខាងមុខទៀត ក្រុមហ៊ុនមានគោលបំណងចង់កែប្រែទីក្រុងឆេងទូ ដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន ឱ្យទៅជាមជ្ឈមណ្ឌលដ៏ធំបំផុតសម្រាប់ចែកចាយផ្លែឈើនាំចូលពីអាស៊ីអាគ្នេយ៍ផងដែរ៕








