ដោយ ឡុង សារេត
ភ្នំពេញ៖ ទន្ទឹមនិងសេចក្តីព្រៀងគោលនយោបាយជាតិ ស្តីពីម្រេចបានបញ្ចប់ និងត្រៀមដាក់ឱ្យប្រើប្រាស់នៅឆមាសទី២ នៃឆ្នាំ២០២៦ កសិករប្រកបមុខរបរដាំម្រេច ស្ថិតនៅក្នុងសហគមន៍កសិកម្មទំនើបម្រេច មេមត់ត្បូងឃ្មុំបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកផលប្រយោជន៍តាមរយៈការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលខាងមុខ។
កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានផ្ទៃដីសម្រាប់ដាំម្រេចប្រមាណ១៣៤ហិកតា មានសមាជិកសរុប៨៧នាក់។ ផ្អែកលើផ្ទៃដីកាលឆ្នាំទី១កន្លងទៅប្រមូលផលម្រេចបាន២៦០តោន ប៉ុន្តែនៅក្នុងផលិតកម្មម្រេច នៅឆ្នាំ២០២៥-២០២៦ រំពឹងថា នឹងទទួលបានផលកើនដល់ជាង៤០០តោនដោយសារទទួលបានសមាជិកថ្មីៗចូលរួមជាមួយសហគមន៍ច្រើន។
កញ្ញាបន្តថា កន្លងទៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានផលិតផលម្រេចខ្មៅតែមួយមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ ខាងសហគមន៍បានធ្វើការស្រាវជ្រាវទៅលើតម្រូវការទីផ្សារ ដោយបានកែច្នៃជាចម្រេចជ្រក់ និងមានការវេចខ្ចប់ម្រេចខ្ចីលក់ ដោយព្យាយមធ្វើយ៉ាងណាឱ្យម្រេច ដែលបានផលិតបានអាចប្រើប្រាស់បានច្រើនបែប ដើម្បីឆ្លើយតបទៅនិងតម្រូវការ។
បើតាមប្រធានផ្នែកទីផ្សារខាងលើ, កញ្ញាមានក្តីសង្ឃឹមជឿជាក់ថា នៅពេលប្រជាជនខ្មែរគាំទ្រផលិតផលខ្មែរ ទោះបីផលិតផលរបស់សហគមន៍ ទើបតែកែច្នៃបានជាផលិតផលថ្មី ហើយការវេចខ្ចប់មិនទាន់មានភាពទាក់ទាញក្តី តែកម្លាំងសាមគ្គី នៃក្តីស្រលាញ់របស់ប្រជាជនខ្មែរ សម្រាប់ម្រេចស្រុកមេមត់នឹងក្លាយជាផលិតផលមួយអាចនាំចេញទៅលើទីផ្សារទាំងក្នុង និងក្រៅស្រុក។ ពិសេសសហគមន៍បានត្រៀមខ្លួនរួចរាល់ដើម្បីចាប់យកផលប្រយោជន៍ពីការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយម្រេចរបស់រាជរដ្ឋាភិបាលនាពេលខាងមុខ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ លោក អប់ រ៉ាឌី អគ្គនាយករងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញ “ដើម្បីរៀបចំគោលនយោបាយម្រេចនេះមានទីប្រឹក្សាជាតិ និងអន្តរជាតិ ហើយសេចក្តីព្រាងគោលនយោបាយម្រេចឈានទៅអនុម័ត ដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ ៕






