អ្នកស្រី ចំរើន ពិសោធន៍ដំាបន្លែស្លឹកក្នុងផ្ទះបន្លែសុវត្ថិភាពថ្មី ដែលមិនមានការហ៊ុមព័ន្ធបិទជិត

អ្នកស្រី វង់ ចំរើន ជាកសិកររស់នៅភូមិស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល កំពុងធ្វើការសាកល្បងពិសោធន៍ដំាដំណាំស្លឹក នៅក្នុងគម្រោងផ្ទះបន្លែសុវត្ថិភាពថ្មី ដែលមិនមានយកស្បៃហ៊ុមព័ន្ធជុំវិញ ឬ បិទជិត។
កសិកររូបនេះ បានរៀបរាប់ថា “ផ្ទះបន្លែសុវត្ថិភាពគឺ គម្រោងមាសបៃតងបានឱ្យខ្ញុំធ្វើការដកស្រង់ថា តើការការពារសត្វ ការលូតលាស់របស់ដំណាំ ហើយបន្លែយើងមានសុវតិ្ថភាពបានកម្រិតណា ដោយគេឱ្យខ្ញុំធ្វើស្ដង់ដាពិសោធន៍រោងថ្មី សាកល្បងក្នុងផ្ទះសំណាញ់ថ្មីនេះ វាធន់នឹងបម្រែបម្រួលអាកាសធាតុកម្រិតណា” ។
អ្នកស្រី វង់ ចំរើន បានពិសោធន៍ផ្ទះបន្លែសុវត្ថិភាព អស់រយៈពេល ១ខែហើយ ដោយឃើញថាដំណាំរបស់អ្នកស្រីទទួលបានផលល្អ មិនមានសត្វល្អិតមកបំផ្លាញដំណាំនោះទេ។ ជុំវិញផលលំបាក អ្នកស្រី ពុំទាន់អាចបញ្ជាក់ប្រាប់បាននោះទេ ព្រោះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការសាកល្បងពិសោធន៍នៅឡើយ។
មុននឹងក្លាយជាគ្រោងផ្ទះដំាដំណាំសុវត្ថិភាពមួយនេះ អ្នកស្រី និងគម្រោងមាសបៃតង បានចំណាយថវិកាអស់ប្រមាណ ៣ ៦០០ដុល្លារអាមេរិក ដោយក្នុងនោះកសិករត្រូវចេញជាបដិភាគ ៥០០ដុល្លារអាមេរិក។
អ្នកស្រី វង់ ចំរើន បានបញ្ជាក់ថា គម្រោងមាសបៃតង បានឱ្យគាត់ពិសោធន៍ទៅលើដំណាំស្លឹក ដំណាំផ្លែ ដំណាំមើម និងដំណាំផ្កា តែបច្ចុប្បន្នទើបតែបានសាកល្បងដាំដំណាំស្លឹកនោះទេ។ នៅកម្ពុជាផ្ទះបន្លែសុវត្ថិភាព ទើបតែសាងសង់បានចំនួន ៩រោងប៉ុណ្ណោះគឺមាន នៅខេត្តតាកែវ កំពង់សោម មណ្ឌលគិរី រតនៈគិរី និងខេត្តកណ្ដាល។
សូមជម្រាបថា គម្រោងផ្ទះបន្លែសុវត្ថិភាពថ្មីនេះ ជាបុត្រសម្ព័ន្ធរបស់មាសបៃតង ដែលបានបង្កើតនៅក្នុងសហគមន៍ស្វាយប្រទាល ចាប់តាំងពីថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៨៕

ដោយ៖ ញឹក សំអូន


កាលវិភាគផ្សព្វផ្សាយ