ចូលមកដល់ឆ្នាំ២០២៥នេះ វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកត្រូវបានអ្នកជំនាញមើលឃើញថានឹងមានភាពល្អប្រសើរជាងពេលកន្លងមក ដោយសាររាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធមានវិធានការក៏ដូចជាគោលនយោបាយច្បាស់លាស់ ទាក់ទងនិងការផ្គត់ផ្គង់និងការនាំចូលមកពីខាងក្រៅ។
លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ចូលមកដល់ឆ្នាំ២០២៥នេះវិស័យចិញ្ចឹមសត្វកម្ពុជានិងមានភាពល្អប្រសើរ ព្រោះក្រសួង ស្ថាប័នមានវិធានការ និងគោលនយោបាយច្បាស់លាស់ ថ្វីត្បិតមានជនខិលខូចមួយចំនួនរកស៊ីរត់ពន្ធនាំចូលខុសច្បាប់ខ្លះៗក្តី រដ្ឋបើកឱ្យមានការនាំចូលស្របច្បាប់ហើយសម្រួលឱ្យការនាំចូលឱ្យបានត្រឹមត្រូវ និងមានតម្លាភាព ដូចនេះក្រុមហ៊ុនពុំចាំបាច់លូចរត់ពន្ធទៀតនោះទេ បើម្ចាស់ក្រុមហ៊ុនមកសុំច្បាប់នាំចូល ធ្វើលិខិតស្នាមម្តងអាចនាំចូលបានរហូត។
លោកបានសង្កត់ធ្ងន់ថា “រដ្ឋបានរៀបចំឱ្យមានការនាំចូលស្របច្បាប់នេះ វាជួយសម្រួលដល់ការលូចនាំចូលគេចពន្ធបានច្រើន។ដូចនេះយើងសង្ឃឹមថានៅដើមឆ្នាំ២០២៥នេះវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសនឹងមានភាពប្រសើរឡើង នៅពេលដែលការរត់ពន្ធសាច់សត្វខុសច្បាប់ត្រូវបានកាត់បន្ថយ ”។
លោកលើកឡើងថា ជាទូទៅប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វ នៅពេលសត្វលក់បានតម្លៃថោក កសិករនាំគ្នាផ្អាកការចិញ្ចឹមសត្វរបស់ខ្លួន តែបើសត្វលក់បានតម្លៃល្អ ពួកគាត់នឹងងាកមកចិញ្ចឹមសត្វឡើងវិញជាក់ជាមិនខាន។ ដូចនេះក្នុងឆ្នាំ២០២៥នេះប្រជាកសិករនិងងាកមកចិញ្ចឹមសត្វឡើងវិញ តួយ៉ាងតម្លៃជ្រូករស់នៅលើទីផ្សារបានឡើងថ្លៃពីជាង៨ពាន់រៀល ដល់ជាង៩ពាន់រៀលតិចតួចហើយក្នុងមួយគីឡូក្រាម។ដូចនេះយើងជឿជាក់ថានៅដើមឆ្នាំ២០២៥នេះ កសិករនឹងងាកមកចិញ្ចឹមឡើងវិញ។
គួរបញ្ជាក់ផងដែរថា វិធានការផ្អាកជាបណ្តោះអាសន្នហាមមិនមានការនាំចូលបំណែកសាច់បង្កកនិងគ្រឿងក្នុងមកពីខាងក្រៅផុតកំណត់នៅខែមីនាខាងមុខនេះ។ ទាក់ទងនិងវិធានការនេះ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបង្ហាញជំហររបស់ខ្លួនថា “ក្រោយពីយើងធ្វើការវិភាគគ្រប់ជ្រុងជ្រោយសមាគមអ្នកចិញ្ចឹមសត្វនឹងមិនស្នើរឱ្យរាជរដ្ឋាភិបាលបិទខ្ទប់ការនាំចូលបំណែកដៃជើងសត្វ គ្រឿងក្នុងសត្វទៀតនោះទេ យើងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិ អាចធ្វើការនាំចូលបាន១០០ភាគរយ មូលហេតុទោះបីយើងស្នើរសុំឱ្យមានការហាមឃាត់ នៅតែមានការលូចរត់ពន្ធពីខាងក្រៅដោយខុសច្បាប់។ដូចនេះយើងសុខចិត្តឱ្យក្រុមហ៊ុនទៅស្នើរសុំច្បាប់នាំចូលបំណែកសាច់បង្កកឱ្យបានត្រឹមត្រូវ ”។
លោកលើកឡើងថា ជាយុទ្ធសាស្ត្ររបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមិនទាមទារឱ្យរាជរដ្ឋាភិបាលបិទខ្ទប់ការនាំចូលបំណែកសាច់បង្កងទៀតទេ ក៏ប៉ុន្តែជំរុញឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិនាំចូលស្របច្បាប់ទាំងនោះ មានការកំណត់ចំនួននាំចូលឱ្យបានត្រឹមត្រូវ ដើម្បីយកមកប្រកួតប្រជែងតម្លៃមួយ រុញអ្នកនាំចូលខុសច្បាប់ ងាកមកសុំច្បាប់នាំចូលត្រឹមត្រូវវិញ ហើយដល់ពេលនោះកម្ពុជានឹងបានផលិតផលមួយដែលមានគុណភាពសម្រាប់បរិភោគទាំងអស់គ្នា៕