ផ្អែកទៅលើស្ថានភាពនៃការជួញដូរអង្ករសរីរាង្គមានភាពល្អប្រសើនៅឆ្នំា២០២២ អេមរុ រាយស៍ដែលជាក្រុមហ៊ុនកែច្នៃនាំចេញអង្ករសរីរាង្គឈានមុខនៅក្នុងស្រុកមួយ បានបង្ហាញក្តីរំពឹងរបស់ខ្លួនថានឹងអាចនាំចេញអង្ករទៅទីផ្សារគោលដៅរបស់ខ្លួនបានប្រមាណ១២០០០តោនក្នុងឆ្នំា២០២៣នេះ ពោលគឺមានកំណើនប្រហាក់ប្រហែលនឹងឆ្នំា២០២២។
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេម រុរាយស៍ បានឱ្យដឹងថា ស្ថានភាពការជួញដូរ អង្ករសរីរាង្គនៅឆ្នំា២០២២ កន្លងមកមានភាពល្អប្រសើខ្លំាង ធ្វើឱ្យក្រុមហ៊ុនអាចនាំចេញអង្ករសរីរាង្គកើនឡើងប្រហែល ៣៥% បើប្រៀបធៀបទៅនឹងឆ្នំា២០២១ ហើយដោយឡែកនៅឆ្នំា២០២៣ នេះ ក្រុមហ៊ុនរំពឹងថាអាចរក្សាបានកំណើនប្រហែលនឹងឆ្នំា២០២២។
បើតាម ឧកញ៉ា សុង សារ៉ន កាលឆ្នំា២០២១ អេមរុ រាយស៍ បានធ្វើការនាំចេញអង្ករសរីរាង្គមានជាង៧ ០០០តោន ឆ្នំា២០២២ មានចំនួន ១២ ០០០តោន ហើយក្នុងឆ្នំា២០២៣ នេះរំពឹងថានាំចេញអង្ករបានប្រហាក់ប្រហែលនឹងឆ្នំា២០២២ ចំនួន១២ ០០០តោនដែរ។
ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា “បច្ចុប្បន្ននេះយើងបានបង្កើតទីផ្សារបន្ថែមសម្រាប់អង្ករនៅសហរដ្ឋអាមេរិក។ ដូច្នេះយើងមានក្តីរំពឹងថានៅឆ្នំា២០២៤ ការនាំចេញអង្ករសរីរាង្គរបស់យើងនឹងមានការកើនឡើងប្រមាណ១៥% តាមរយៈទីផ្សារថ្មីដែលក្រុមហ៊ុនទើបទទួលបាននេះ”។
ឧកញ៉ាលើកឡើងថា ស្របពេលក្រុមហ៊ុនអេម រុរាយស៍ បន្តរក្សាបានការនាំចេញអង្ករមានកំណើនល្អ បច្ចុប្បន្នក្រុមហ៊ុនមានទីផ្សារនៅក្នុងដៃនៅខាងក្រៅប្រទេសមានប្រមាណ៣០កន្លែង ក្នុងនោះមាននៅខាងសហគមន៍អឺរ៉ុប សរដ្ឋអាមេរិក ហុងកុង សិង្ហបូរី អូស្ត្រាលី និង ចិន ហើយការនាំចេញកន្លងមកភាគច្រើនក្រុមហ៊ុនខ្ជាប់ប្រេនឱ្យគេ។ តែថ្មីៗនេះក្រុមហ៊ុនព្យាយាមធ្វើប្រេនខ្លួនឯង ដូចនេះចាប់ពីឆ្នំា២០២៤ តទៅ ដើម្បីឱ្យមានកំណើនប្រកបដោយនិរន្តរភាព ក្រុមហ៊ុនត្រូវខ្ជាប់អង្ករជាមួយម៉ាកសញ្ញា និងឈ្មោះរបស់ខ្លួននាំចេញពីកម្ពុជាទៅដោយខ្លួនឯង។
ឧកញ៉ា សុងសារ៉ន សង្កត់ធ្ងន់ថា “ការនាំចេញអង្ករដែលមានម៉ាកសញ្ញាផលិតផលរបស់កម្ពុជានេះ ជាការបង្កើតនៅផ្ទះបាយឬចង្ក្រានបាយនៅអឺរ៉ុប និងនៅសហរដ្ឋអាមរិក តែបើយើងអត់មានឈ្មោះលើការុងអង្ករនោះទេ យើងបានត្រឹមបម្រើឱ្យឈ្មួញនិយមដែលពេលខ្លះឈ្មួញផ្លាស់ប្តូរ តែទៅតាមតែចិត្តគាត់ អីចឹងឆ្នំាងបាយយើងមិនងាយជាប់បានយូរទេ”៕