ដើម្បីឈានទៅដល់ការលុបបំបាត់ភាពអត់ឃ្លានទំាងស្រុងនៅកម្ពុជាត្រឹមឆ្នំា ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន៥ចំណុច ហើយទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏មានមហិច្ឆិតាកែទម្រង់វិស័យកសិកម្មដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានប្រ
សាសន៍នៅក្នុងវេទិការស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីប្រកាសដាក់ឱ្យអនុវត្តនីតិវិធីរួម សម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជាកាលថ្ងៃទី០២ ខែវិច្ឆិកាឆ្នំា២០២៣ ថា “រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជា នៅត្រឹមឆ្នំា២០២៥ តាមរយៈការដាក់ចេញនូវគោនយោបាយ និងយុទ្ធសាស្ត្រជាច្រើនរួមមាន៖ ១) គោលនយោបាយជំរុញការផលិតស្រូវ និងការនាំចេញអង្ករ ២) គោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នំា២០២២-២០៣០ ៣) យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាដើម ៤) សំដៅលើកកម្ពស់ផលិតភាព និងធ្វើពិពិធកម្មកសិកម្ម ៥) ពង្រឹងសន្តិសុខ និងសុវត្ថិភាពស្បៀង ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានរហ័ស។ ទន្ទឹមនិងនេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតា ក្នុងការកែទម្រង់វិស័យកសិកម្ម ឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ”។
បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការបម្រុងស្បៀងសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលអាចត្រូវការស្បៀង ជាពិសេសនៅពេលមានគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិកើតឡើង។ ក្នុងន័យនេះមុនពេលប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) ត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈអនុក្រឹត្យលេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០២១ រាជរដ្ឋាភិបាលតែងបម្រុងគ្រាប់ពូជស្រូវ ចំនួន ៣ ០០០ តោន ជារៀងរាល់ឆ្នំា ក្រោមការចាត់ចែង និងគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីត្រៀមទុកសម្រាប់ផ្តល់ជូនកសិករដែលទទួលរងគ្រោះមហន្តរាយធម្មជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ដើម្បីពង្រឹងប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ ប.ស.ប.ក. ស្របតាមការវិវត្តជាក់ស្តែង រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្ម អនុក្រឹត្យលេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០១២ ជាបន្តបន្ទាប់ចំនួន២លើក។ ពោលគឺលើកទី០១ ក្នុងឆ្នំា២០១៦ និងលើកទី០២ ក្នុងឆ្នំា២០២១ ការធ្វើវិសោធនកម្មលើកទី០២ មានការកែសម្រួលជាច្រើនទំាងទំហំធនធានបម្រុង និងរចនាសម្ព័ន្ថរបស់ ប.ស.ប.ក. ដែលតម្រូវឱ្យមានការកែសម្រួលចំណុចជាច្រើននៃនីតិវិធីរបស់ ប.ស.ប.ក. ដែលត្រូវបានអនុម័ត កាលពីឆ្នំា២០១៥៕