សៀមរាប៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំកំពុងសម្រុកធ្វើការប្រមូលផលស្រូវលើកដំបូងរបស់ខ្លួន បើគិតត្រឹមចុងខែវិច្ឆិកា សម្រេចបានលើផ្ទៃដី១៦៧ហិកតា និងបានផលប្រមាណ ៣២៤តោន ។
យោងតាមតំណាងសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា ការផលិតស្រូវនាងអំលក្ខណៈសហគមន៍នៅឆ្នាំដំបូងនេះ ក្នុងស្រែមួយហិកតាបានផលចាប់ពី២តោនកន្លះទៅដល់៣តោន ពោលច្រើនជាងកសិករធ្វើស្រែតាមគ្រួសារដោយសារអ្នកខ្លះមិនបានរៀបចំដីឱ្យល្អមុនធ្វើការសាបព្រោះគ្រាប់ពូជ តែនៅពេលបង្កើតបានជាហគមន៍ មុនចាប់ផ្តើមធ្វើស្រែ ក្រុមការងារសហគមន៍ បានរៀបចំដីបានល្អ និងប្រើប្រាស់ថ្នាំនិងជីគីមីបានត្រឹមត្រូវ ធ្វើឱ្យទិន្នផលស្រូវនាងអំកើនឡើង។
អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា តម្លៃស្រូវនាងអំនៅក្នុងពេលកំពុងប្រមូលផល ថ្លៃ៩៥០ទៅ១០៥០រៀលក្នុងមួយគីឡូក្រាម ហើយចំពោះតម្លៃនេះអ្នកស្រី យល់ឃើញថាមានតម្លៃល្អ សម្រាប់កសិករ។
អ្នកស្រីបញ្ជាក់ថា “ប្រភេទស្រូវនាងអំកសិករទើបលក់បានថ្លៃក្នុងឆ្នាំ២០២៣ ។ដូចនេះខ្ញុំគិតថាតម្លៃស្រូវនាងអំនៅឆ្នំាំ២០២៤នេះក៏ដូចជា ទៅថ្ងៃខាងមុខទៀត វាមិនអាចធ្លាក់ចុះក្រោម៩០០រៀលឬឡើងថ្លៃលើសពី១០៥០រៀលនោះទេក្នុងមួយគីឡូក្រាម ព្រោះវាជាតម្លៃមួយសមស្រប ដែលអាចឱ្យកសិករទទួលបាន”។
អ្នកស្រីលើកឡើង ថាទិន្នផលស្រូវនាងអំដែលផលិតបាន គឺខាងសហគមន៍មិនមានគម្រោងលក់ឱ្យក្រុមហ៊ុនដៃគូក្នុងស្រុកណានោះទេ គឺសហគមន៍ស្តុកទុក សម្រាប់កែច្នៃកិនជាអង្ករ ធ្វើទីផ្សារដោយខ្លួនឯង ហើយកសិករដែលជាអ្នកផលិតសង្ឃឹមថាប្រជាពលរដ្ឋក្នុងស្រុកនឹងគំាំទ្រ អង្ករនាងអំ ព្រោះវាជាប្រភេទអង្ករសុវត្ថិភាព៕