សមាគមក្នុងស្រុកចំនួន៣ មានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នាបង្កើតវេទិកាលើកទី៤ ស្តីពី ជំនួបសហគ្រិនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបង្កើតជាវេទិកាពិភាក្សារវាងសហគ្រិន និងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីស្វែងរកអនុសាសន៍សម្រាប់លើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម។
វេទិការលើកទី៤នេះបានផ្តោតសំខាន់លើដំណោះស្រាយឌីជីថលផ្នែកហិរញ្ញវត្ថុនិងរបៀបដែលសហគ្រិន ម្ចាស់អាជីវកម្ម ត្រៀមខ្លួនឱ្យបានល្អប្រសើរដើម្បីទទួលបាននូវហិរញ្ញប្បទាន និងគោលនយោបាយគាំទ្រការទទួលបានហិរញ្ញប្បទាន តាមរយៈការផ្តល់បទបង្ហាញ ជាសិក្ខាសាលាតូចៗ និងកិច្ចពិភាក្សាតុមូល ដែលមានការចូលរួមពីវាគ្មិន តំណាងមកពីវិស័យសាធារណៈ អ្នកជំនាញវិស័យហិរញ្ញវត្ថុ និងសហគ្រិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។
ឯឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាមានប្រសាសន៍លើកឡើងថា ដើម្បីទទួលបានប្រាក់កម្ចី ពីធនាគារនិងហិរញ្ញវត្ថុយើងត្រូវមានរបាយការណ៍ ឯកសារអភិបាលកិច្ចល្អ ដូចនេះហើយទើបសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីឱ្យម្ចាស់អាជីវកម្មមានសមត្ថភាពឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទំាងការរៀបចំបញ្ជីស្នាមគណនេយ្យ រៀបចំរបាយការណ៍រហិញ្ញវត្ថុ ផែនការអាជីវកម្ម រៀបចំវគ្គបណ្តុះបណ្តាលជំនាញខាងទីផ្សារ និងគ្រប់គ្រងធនធានមនុស្ស ដើម្បីផ្តល់ទំនុកទុកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុពេលផ្តល់ប្រាក់កម្ចីទៅអាចគ្រប់គ្រងឬប្រើប្រាស់ចំទិសដៅអាជីវកម្មបាន។
លោក អេង ផុន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)បានលើកឡើងនៅក្នុងបទបង្ហាញថា ធនាគារ ARDBបានផ្តល់ឥណទានទៅឱ្យអតិថិជន មានទំាងរូបវន្តបុគ្គល និងនីតិបុគ្គល មានកសិករ អ្នកធ្វើអាជីវកម្មផ្នែកវារីវប្បកម្ម, អ្នកដំាដុះបន្លែផ្លែឈើ, អ្នកដំាដំណាំឧស្សាហកម្ម និងអ្នកទិញលក់ធាតុចូលក្នុងវិស័យកសិកម្មគឺធនាគារផ្តល់ជូនទំាងអស់។មិនត្រឹមប៉ុណ្ណោះសម្រាប់អាជីវកម្មដែលធ្វើការប្រមូលទិញផលិតផលកសិកម្មក៏ខាងធនាគារផ្តល់ជូនផងដែរ។
លោកលើកឡើងថា លក្ខណៈវិនិច្ឆ័យរបស់អតិថិជនទំាងនោះជាបុគ្គលបែបណាខ្លះ? លក្ខណៈផ្លូវច្បាប់ទំាងរូបវន្តបុគ្គលនិងនីតិបុគ្គលត្រូវមានបទពិសោធន៍ពាក់ព័ន្ធនិងអាជីវកម្មរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ត្រូវមានព័ត៌មានផ្នែកហិរញ្ញវត្ថុ បើសិនគាត់ជាម្ចាស់ក្រុមហ៊ុន ត្រូវមានរបាយការណ៍បង្ហាញពីប្រាក់ចំណូលនិងការចំណាយ និងផែនការអាជីវកម្មឱ្យបានត្រឹមត្រូវ ដើម្បីដាក់ពាក្យស្នើសុំឥណទានពីធនាគារ។ តែបើគាត់ជាប្រជាកសិករដែលជាអ្នកប្រកបរបរដំាដុះបន្លែផ្លែឈើ ខាងធនាគារអត់តម្រូវឱ្យមានរបាយការណ៍ហិរញ្ញវត្ថុ គ្រប់ទាំងអស់នោះទេ ហើយលទ្ធភាពសងត្រឡប់មកខាងធនាគារវិញ មិនខុសប្លែកដូចទៅនិងធនាគារផ្សេងៗនោះទេ។
លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា វេទិកាជំនួបសហគ្រិនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ នេះជាវេទិកាមួយឱ្យយើងបានជួយជាមួយខាង SMEs ដែលគាត់ត្រូវឥណទានដើម្បីពង្រីកអាជីវកម្ម ពីខាងគ្រឹះស្ថានហិរញ្ញវត្ថុ បានជួបជជែកគ្នា យល់ពីគ្នាទៅវិញទៅមកនៅចន្លោះខ្វះខាតមួយចំនួន។ ការជួបពិភាក្សាគ្នា គឺជាគន្លឹះមួយចំនួន ដែលគាត់អាចយកទៅបន្ថែមលើប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់ ពាក់ព័ន្ធទៅនិងការ រៀបចំខ្លួនឱ្យមានស្តង់ដារច្បាស់លាស់ និងចុះបញ្ជីអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានហិរញ្ញប្បទាន និងឱកាសវិនិយោគជាដើម។
លោកជំទាវ សង្កត់ធ្ងន់ថា “លើកឡើងថា តម្រូវការឥណទាននៅក្នុងវិស័យកសិកម្ម បើមើលទៅតាមនិន្នាការឃើញថា តម្រូវការឥណទាននៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្នមានការកើនឡើង ហើយបើមើលទៅហានិភ័យនៅក្នុងវិស័យកសិកម្មនេះមានកម្រិតទាបជាងវិស័យផ្សេងៗ។ដូចនេះខ្ញុំគិតថាវិស័យកសិកម្មនេះមានសក្តានុពល ហើយសមាជិកសមាគមផ្តល់កម្ចីមួយចំនួនគួរតែពិនិត្យឱ្យបានទូលំទូលាយនៅក្នុងវិស័យនេះ”។
បើតាមយោងលោកជំទាវ , គិតត្រឹមត្រីមាសទី៣នៃឆ្នាំ២០២៤ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានផ្តល់ប្រាក់កម្ចីមានប្រមាណ៥០០០លានដុល្លារអាម៉េរិក ក្នុងនោះមាន២២%ឬស្មើប្រមាណ១១០០លានដុល្លារអាម៉េរិកបានផ្តល់ទៅក្នុងវិស័យកសិកម្ម៕