1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. វិស័យកសិកម្មនឹងមានកំណើន ១,១ភាគរយ នៅឆ្នាំ២០២៤

វិស័យកសិកម្មនឹងមានកំណើន ១,១ភាគរយ នៅឆ្នាំ២០២៤

វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងបន្តមានកំណើនល្អក្នុងរង្វង់ ១,១ភាគរយ នៅឆ្នាំ២០២៤ បើធៀបនឹង ឆ្នាំ២០២៣ មានចំនួន ០,៩ភាគរយ ដោយពឹងផ្អែកលើនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យ ចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការព្យាករកំណើនក្នុងរង្វង់ ១,១ភាគរយនេះ ចូលរួមគាំទ្រពីអនុវិស័យដំណាំបន្តនិន្នាការល្អ ដោយសារការរំពឹងទុកនូវកំណើននៃ ផលិតកម្ម ដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗរួមមាន “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ បន្ថែមពីនេះ ក៏នឹងបង្កើតការរវិនិយោគរបស់រាជរដ្ឋាភិបាលតាមរយៈការបន្តផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធ សម្រាប់ការនាំចូលវត្ថុធាតុដើមកសិកម្ម និងការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុកផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា សម្រាប់អនុវិស័យចិញ្ចឹមសត្វនៅបន្តរក្សាបានស្ថិរភាព ដោយសារការរំពឹងទុកនូវការកើនឡើងនៃផលិតកម្ម ដែលជំរុញដោយតម្រូវការក្នុងស្រុកសម្រាប់បម្រើការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ គួបផ្សំនឹងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍនានា។
ចំពោះអនុវិស័យនេសាទនឹងបន្តងើបឡើងវិញ ក្រោមការរំពឹងទុកនូវកំណើនផលចាប់ត្រីទឹកសាប ដែលបន្តស្តារឡើងវិញ ដោយការដាក់ចេញនូវគោលនយោបាយបង្ក្រាបបទល្មើសនេសាទ គួបផ្សំនឹងការងើបឡើងបណ្ដើរៗដូចជា៖ ផលិតកម្ម វារីវប្បកម្ម ព្រមទាំងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ការគាំទ្រផ្នែកហិរញ្ញប្បទាន ការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគុណភាព។
យោងតាមសៀវភៅគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ បានឱ្យដឹងថា
រដ្ឋាភិបាល បានរៀបចំដើម្បីឱ្យសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង ក្នុងគោលបំណងចម្បងរបស់គោលនយោបាយ គឺបង្កើនតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច ៣ភាគរយក្នុងមួយឆ្នាំ។ ដើម្បីសម្រេចបាននូវគោលបំណងអភិវឌ្ឍកសិកម្មក្នុងរយៈពេល ១០ឆ្នាំខាងមុខ រដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅគោលនយោបាយជាយុទ្ធសាស្រ្តគឺ បន្តជំរុញកំណើនកសិកម្មប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
តាមរយៈការផ្ដល់សេវាកម្មដែលមានគុណភាព នឹងផ្ដល់មកវិញនូវការផ្គត់ផ្គង់ស្បៀងអាហារមានសុវត្ថិភាព និងមានអាហារូបត្ថម្ភគ្រប់គ្រាន់ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង់ដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព។


កាលវិភាគផ្សព្វផ្សាយ