ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ កាលពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាបបានរំលឹកពីការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន ៤ ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា« វិធានការចំាបាច់ទំាង៤ រួមមាន៖ (១)-ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់ បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២)-ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (៣)-ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤)-ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និងទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី»។
បន្ថែមលើសពីនេះដើម្បីចូលរួមកលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ជាចំនួន៧៖ (១)-ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការ ដែលត្រូវបានកំណត់ ក្នុងគោលដៅជំរុញការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈយន្តការ «គណៈកម្មការអន្តរក្រសួង ក្នុងការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» (២)-ក្រសួង-ស្ថាប័ន និង វិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធ និងចូលរួមអនុវត្តឱ្យបានពេញលេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានលទ្ធផល តាមការរំពឹងទុក (៣)-ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ ត្រូវបន្តរៀបចំ និងចូលរួមព្រឹត្តិការណ៍ធុរកិច្ច និងជំនួបផ្គូផ្គងធុរកិច្ចពាណិជ្ជកម្មបែបនេះ ឱ្យបានញឹកញាប់ (៤)-វិនិយោគិនទាំងក្នុង និងក្រៅប្រទេសគួរពិនិត្យលទ្ធភាពវិនិយោគលើវិស័យ ស្វាយចន្ទីនៅកម្ពុជា ជាពិសេសការកែច្នៃ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ (៥)- ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ត្រូវបន្តសហការ និងចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងពួតដៃគ្នាជាធ្លុងធំមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា (៦)- វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា ត្រូវជួយគាំទ្រ និង សហការ ឱ្យបានកាន់តែជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាលើកកម្ពស់កេរ្តិ៍ឈ្មោះ និង កិត្យានុភាពស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ និង (៧)-ស្នើសុំភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទស្វាយចន្ទី នាឱកាសនេះ ជួយផ្សព្វផ្សាយបន្តអំពីសក្តានុពល របស់ស្វាយចន្ទីកម្ពុជា។
ពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីកម្ពុជានេះ បើយោងតាមលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណជាង ៤៧ម៉ឺន ហិកតា និងទទួលបានទិន្នផលសរុបជាង ៧០ម៉ឺនតោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ជាង៦៥ម៉ឺនតោន ទៅកាន់ប្រទេស ចិន, ជប៉ុន, បង់ក្លាដែស, ឥណ្ឌា, វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសចិន, សាធារណៈរដ្ឋឆែក, ជប៉ុន, កូរ៉េខាងត្បូង, ហូឡង់, វៀតណាម និងសហរដ្ឋអាមេរិក៕
ដោយ៖Long Sareth