វិស័យកសិកម្មកំពុងដើរតួរនាទីកាន់តែសំខាន់ក្នុងការបង្កើនប្រាក់ចំណូលដល់ពលរដ្ឋនិងធានាបាននូវសន្តិសុខស្បៀង

វិស័យកសិកម្មនៅប៉ុន្មានឆ្នំាចុងក្រោយនេះក្រៅពីចូលរួមធានាបាននូវសន្តិសុខស្បៀងក្នុងស្រុក និងឈានទៅដល់ការនាំចេញមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមរិកក្នុងមួយឆ្នំាៗ។ វិស័យមួយនេះ បាននឹងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងស្រុកមានកម្រិតជីវភាពកាន់តែប្រសើរ។

ថ្លែងក្នុងពិធីបើក «សនិ្នសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ ២០២៤» កាលថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍លើកឡើងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ចាប់ពីឆ្នាំ ១៩៩៨ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, វិស័យកសិកម្មជារួម បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ពិសេស ក្នុងការកាត់បន្ថយភាពក្រីក្រ, ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និង ការធានាបាននូវសន្តិសុខស្បៀង ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់ថា វិស័យកសិកម្មកម្ពុជា បានរីកលូតលាស់គួរឱ្យកត់សម្គាល់, ពោលគឺបានប្រែក្លាយពីកសិកម្មបែបប្រពៃណី និងគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ, មកជាកសិកម្មទំនើប, មានពិពិធភាព និងលើសពីតម្រូវការក្នុងស្រុកដែលអាចនាំចេញ ជាច្រើនផលិតផល រួមមាន៖ ស្រូវ-អង្ករ, ដំឡូងមី, ស្វាយចន្ទី, ចេក, ស្វាយ, មៀនប៉ៃលិន។ ស្របពេលដែលកសិផលជាច្រើន ដែលធ្លាប់តែត្រូវបាននាំចូល ត្រូវបានផ្គត់ផ្គង់ ពីប្រភពក្នុងស្រុកជំនួសវិញ ហើយនៅក្នុងរយៈកាលជាង ២ ទសវត្សរ៍ចុងក្រោយនេះ វិស័យកសិកម្មបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យសង្កត់ធ្ងន់ដូច្នេះថា « វិស័យកសិកម្ម បានដើរតួសំខាន់ ក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ខ្ពស់ប្រមាណ ៧% ជាមធ្យម ក្នុងមួយឆ្នាំ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩, ហើយម៉្យាងទៀត យើងក៏បានមើលឃើញកាន់តែច្បាស់ អំពីសារៈសំខាន់នៃវិស័យនេះ ក្នុងអំឡុងកម្ពុជា ជួបប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណ ៣ ឆ្នាំកន្លងទៅ, ដែលក្នុងអំឡុងនោះ វិស័យនេះបានផ្តល់ការងារ, ប្រភពចំណូល និង សន្តិសុខ ស្បៀង ដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីវិបត្តិជាសកលនេះ »។
យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថាការនាំចេញកសិផលសំខាន់ៗទៅទីផ្សារអន្តរជាតិ ប្រចំាឆ្នំា២០២៣មានបរិមាណ ៨លានតោន ហើយបើគិតជាទំហំទឹកប្រាក់មាន ៤ ៣០៦ លានដុល្លារអាម៉េរិក ដែលក្នុងនោះ ៖តម្លៃពីការនាំចេញអង្ករមានចំនួនជាង ៥៦៧ លានដុល្លារអាមេរិក, តម្លៃពីការនាំចេញស្រូវមានចំនួនជាង ៩៣៩ លានដុល្លារអាម៉េរិក, តម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង ២ ៧៩៩ លានដុល្លារអាម៉េរិក៕ ដោយ៖ Long Sareth


កាលវិភាគផ្សព្វផ្សាយ