ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះថា ឥឡូវនេះ មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យមប្រមាណ ១៣៨ បាននិងកំពុងតែប្រមូលទិញស្រូវ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេសកំពុងតែមមាញឹកយ៉ាងខ្លាំង ដើម្បីស្តុកទុកសម្រាប់កែច្នៃនិងនាំចេញ។
លោកឧកញ៉ាបានថ្លែងទៀតថា តម្លៃស្រូវកសិករយើងបានលក់ទៅរោងម៉ាស៊ីនមានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករបានលក់ទៅឲ្យឈ្មួញលក់បន្តឲ្យទៅប្រទេសវៀតណាមខ្លះ ហើយតម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។
បន្ថែមពីនេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។
កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។
បច្ចុប្បន្ននេះ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM 54 51 និងតម្លៃប្រមាណ ១២០០រៀល ក្នុង១គីឡូក្រាម ចំពោះស្រូវស្រង៉ែ។ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានរម្លឹកដល់រោងម៉ាស៊ីនកិនស្រូវផងដែរដោយលើកឡើងថា បច្ចុប្បន្នកសិករបាន និងកំពុងត្រៀមខ្លួន ក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ ដូច្នេះរោងម៉ាស៊ីនក៏ ត្រូវត្រៀមខ្លួនសម្រាប់ការទិញស្រូវពីកសិករ។
សម្រាប់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ឥឡូវមានរោងម៉ាស៊ីនកិនស្រូវធំជាច្រើនកំពុងតែប្រមូលទិញស្រូវពីកសិករ តាមបណ្តាខេត្ត ហើយទន្ទឹមនោះក្នុង១ថ្ងៃទិញបាន២ ម៉ឺនតោន។
ឯកឧត្តមបានបន្ថែមថា ទីផ្សារនៅមានស្ថេរភាពល្អ ដែល ក្រៅពីនេះ មានក្រុមឈ្មួញបានប្រមូលទិញពីកសិករទៅលក់ទៅឲ្យវៀតណាមផងដែរ ហើយការប្រមូលផលស្រូវសរុប ក្នុង១ថ្ងៃមានបរិមាណ ៤ម៉ឺនតោន សម្រាប់ការប្រមូលផលស្រូវ OM 5451 បន្តប្រមូលផលរហូតដល់ខែតុលា ទើបនឹងបញ្ចប់ ដោយសារតែការប្រែប្រួលអាកាសធាតុ។