រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថ្មីៗកន្លងមកនេះថា អំបិលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ហើយធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវការផ្គត់ផ្គង់ បើទោះបីការផលិតអំបិលនៅក្នុងស្រុកពេលខ្លះមានតម្លៃថ្លៃជាងការនាំចូលមកពីខាងក្រៅក៏ដោយ រាជរដ្ឋាភិបាលនៅបន្តគំាំទ្រវិស័យអំបិលក្នុងស្រុក។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកអំបិលជាទំនិញយុទ្ធសាស្ត្រ ហើយក្នុងន័យនេះធ្វើយ៉ាងណាត្រូវរក្សាឱ្យនៅសន្តិសុខស្បៀង ទៅលើការងារផលិតអំបិលនេះ បើទោះជានៅពេលខ្លះការផលិតអំបិលក្នុងស្រុកមានតម្លៃថ្លៃជាងការនាំចូលក៏ដោយ រាជរដ្ឋាភិបាលនៅរក្សា និងបន្តការគំាំទ្រចំពោះដំណើរការផលិតអំបិលនៅក្នុងស្រុក។
ឯកឧត្តម ហែម វណ្ណឌី សង្កត់ធ្ងន់ថា «បើទោះបីនៅពេលខ្លះការផលិតអំបិល ឡើងថ្លៃជាងនាំចូលក៏ដោយ ត្រូវតែរក្សាការធ្វើការផលិតអំបិលបានខ្លួនឯង ហើយបើយើងពឹងផ្អែកទៅលើការនាំចូលក៏វាមិនកើតដែរ។ ដូចនេះរាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិល»។
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ អំបិលកំពត កែប យល់ឃើញថាទស្សនៈរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានដាក់ចេញដើម្បីគំាំទ្រវិស័យអំបិលកម្ពុជានេះ ពិតជាត្រឹមត្រូវ និងជាក់ស្តែងថែមទៀត។
លោក ប៊ុន ណារិន បន្តថា «បើយើងនិយាយអំពីការផលិតបែបធម្មជាតិវិញវាមានតម្លៃខ្ពស់ ខុសពីអំបិលនាំចូលស្ទើតែជាង៩០% ។បានន័យថាការផលិតអំបិលរ៉ែ គេមិនត្រូវការពេលវេលាច្រើនធ្វើម្តងទទួលបានផល តែសម្រាប់ការផលិតអំបិលបែបធម្មជាតិរបស់កម្ពុជាវិញ ទាមទារពេលវេលា និងឆ្លងកាត់ច្រើនដំណាក់កាលទើបបានជាអំបិលផ្គត់ផ្គង់ឱ្យប្រជាពលរដ្ឋប្រើប្រាស់»។
ពាក់ព័ន្ធនឹងការផលិតអំបិលក្នុងស្រុកនេះផងដែរ លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត ធ្លាប់ប្រាប់ឱ្យដឹងថា ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣.៤៨៩ ហិកតា មានឃ្លាំងស្តុកអំបិលចំនួន៥៦០កន្លែង ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១.៤៧៤ នាក់ ហើយកសិដ្ឋានផលិតអំបិលក្នុងខេត្តដំណើរការបានរយៈពេល ៤ ទៅ ៦ ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាសធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ ១០០.០០០ តោនក្នុងមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នំា២០២៣កន្លងមកនេះ កម្ពុជាផលិតអំបិលសរុបប្រមាណ៧ម៉ឺនតោន ហើយបើគិតត្រឹមខែមករាឆ្នំា២០២៤ កម្ពុជាផលិតបានអំបិលប្រមាណ ៥ពាន់តោន។ លើសពីនេះកម្ពុជាក៏មានក្តីរំពឹងថាការផលិតអំបិលសម្រាប់ឆ្នំា២០២៤អាចនឹងសម្រេចបានពី ៨ម៉ឺនតោន ទៅ១០ម៉ឺនតោន បើសិនអាកាសធាតុអំណោយផលដូចកាលពីដើមឆ្នំា៕
ដោយ៖Long Sareth