1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រការវិនិយោគលើកែច្នៃស្វាយចន្ទីដោយប្រើប្រាស់ថាមពលស្អាត

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រការវិនិយោគលើកែច្នៃស្វាយចន្ទីដោយប្រើប្រាស់ថាមពលស្អាត

រដ្ឋមន្ត្រីបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងគាំទ្រចំពោះក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ដែលបានវិនិយោគ និងកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅប្រទេសជប៉ុនតាមរយៈការពង្រីករោងចក្រកែច្នៃស្វាយចន្ទីពីខ្នាតមធ្យមទៅខ្នាតធំ ដោយប្រើប្រាស់ថាមពលស្អាត ។

យោងតាមក្រសួងបរិស្ថាន កាលថ្មីៗនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួទយនាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី នៅទីស្តីការក្រសួង, ឯកឧត្ត អ៊ាង សុផល្លែត បានជំរុញឱ្យក្រុមហ៊ុនសហការផ្ទាល់ជាមួយប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ដាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារ ដែលនឹងផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ផង និងផ្តល់នូវភាពស្អាតដល់បរិស្ថាន។

ក្នុងឱកាសនោះផងដែរ, លោក សាសាគី កូជី (Sasaki Koji) នាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី មានប្រសាសន៍ថា គម្រោងការវិនិយោគខ្នាតមធ្យមរបស់លោកនៅកន្លងមកដែលសម្រេចបានប្រមាណជាង១ពាន់តោន ហើយជាគម្រោងក្រុមហ៊ុននឹងពង្រីករោងចក្រកែច្នៃស្វាយចន្ទីដែលរួមមានគ្រាប់ស្វាយចន្ទី និងសម្បកស្វាយចន្ទីឱ្យទៅជាប្រេង ដោយប្រើប្រាស់ថាមពលស្អាតបន្ថែមទៀតនៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតឱ្យបានជាង ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍សង្កត់ធ្ងន់ថា «ចំពោះការវិនិយោគរបស់ក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី បានផ្តល់ជាប្រយោជន៍ដល់ប្រជាសហគមន៍ ជាពិសេសការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំដើមស្វាយចន្ទី ហើយដើមស្វាយចន្ទីនេះទៀតសោតអាចជួយបង្កើននូវគម្របព្រៃឈើ និងផលរបស់ស្វាយចន្ទីផ្តល់ជាប្រាក់ចំណូលឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរ កាត់បន្ថយការចូលព្រៃរកអនុផលព្រៃឈើ ឬសំលាប់សត្វ ម្យ៉ាងវិញទៀតដើមស្វាយចន្ទីក៏ជាប្រភេទដើមឈើដែលជួយស្រូបយកឧស្ម័នកាបូនិច និងផលិតជាអុកស៊ីសែនទៅក្នុងបរិយាកាសវិញ។ ការវិនិយោគដែលផ្តល់ប្រយោជន៍ផ្ទាល់ទៅសហគមន៍បែបនេះ គឺស្របតាមយុទ្ធសាស្រ្តគន្លឹះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ គឺផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព»។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ បានឆ្លើយតបទៅនឹងមុំទី៥នៃយុទ្ធសាស្រ្តស្នូលទី៤ ដែលបានផ្តោតលើ ការបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕

ដោយ៖ LOG SARETH


កាលវិភាគផ្សព្វផ្សាយ