អង្ករសរុបចំនួន ៣៥០០តោន ដែលនាំចូលពីកម្ពុជាត្រូវបានគេរាយការណ៍ថាបានចូលដល់ទឹកដីប្រទេសឥណ្ឌូនេស៊ី ហើយកាលពីថ្ងៃទី០២ ខែវិច្ឆិកា តាមច្រក Tanjung Emas ហើយការនាំចូលអង្ករពីកម្ពុជាលើកដំបូងនេះ គឺកើតចេញពីលទ្ធផលនៃជំនួបរវាងឯកឧត្តមប្រធានាធិបតី Joko Widodoជាមួយនឹង សម្តេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នំា២០២៣។ នេះបើយោងតាមសារព័ត៌មាន CNBC របស់ឥណ្ឌូនេស៊ី។
ប្រភពខាងលើបញ្ជាក់ថា ក្នុងបរិមាណអង្ករកម្ពុជាសរុប ៣៥០០តោន ដាក់នៅកុងទីន័រចំនួន ១៤០ ហើយនៅក្នុងមួយកុងទីន័រផ្ទុកអង្ករចំនួន ២៥ តោន។
ពាក់ព័ន្ធនឹងការនាំចេញអង្ករទៅប្រទេសឥណ្ឌូនេស៊ីនេះ បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថា ជើងទី១ បានដឹកទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយចំនួន៣៥០០តោន ជើងទី០២ បានចេញដំណើរទៅកាលពីថ្ងៃទី២៩ ខែតុលា ឆ្នំា២០២៣ ចំនួន ៣ ០០០តោន និងជើងទី០៣ ចំនួន ៣៥០០តោន បានចេញដំណើរនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នំា២០២៣ កន្លងមកនេះ។
នៅក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជាសម្រេចបានការនាំចេញអង្ករជាង ៥២ម៉ឺន តោន ដែលក្នុងនោះទីផ្សារថ្មីចំនួន០១ ត្រូវបានកើតឡើង គឺទីផ្សារប្រទេសឥណ្ឌូនេស៊ី ដែលបាននាំចេញជាលើកដំបូងក្នុបរិមាណច្រើនមិនធ្លាប់មានពីមុន គឺចំនួន ១ម៉ឺនតោន។ ការនាំចេញទៅកាន់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ក្នុងបរិមាណច្រើនជាលើកទី១នេះ គឺត្រូវបានអនុវត្តឡើងដោយ ក្រុមហ៊ុន ហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ដែលមានការសហការណ៏នឹងសហព័ន្ធស្រូវអង្ករកម្ពុជា។
កិច្ចដំណើរការនៃការនាំចេញទៅកាន់ទីផ្សារប្រទេសឥណ្ឌូនេស៊ីនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេច តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជា ឱ្យបានកាន់តែច្រើន ជាក់ស្តែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់ ដែលក្នុងនោះរួមទាំងឯកឧត្តម ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី ដែលសម្តេចធិបតី បានអញ្ជើញធ្វើទស្សនៈកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន។ ស្ថិតក្រោមទស្សនៈវិស័យដ៏ភ្លឺស្វាងរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមាន ក្រុមហ៊ុន ហ្គ្រីនត្រេដ ជាសេនាធិការ ធ្វើកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំការធ្វើប្រជុំពិភាក្សារជាមួយក្រុមហ៊ុនរដ្ឋ Bulog ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរហូតឈានដល់ការចុះកិច្ចសន្យារទិញ លក់ និងបានធ្វើការនាំចេញជាបន្តបន្ទាប់ ជាក់ស្តែងអង្ករកម្ពុជាបរិមាណចំនួន៣៥០០តោន បានទៅដល់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃនេះទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានរៀបចំធ្វើពិធីទទួលជាផ្លូវការផង៕