ក្រសួងមុខងារសាធារណៈរួមនិងក្រសួង- ស្ថាប័នពាក់ព័ន្ធនានានៅថ្ងៃទី១៧ខែធ្នូ ឆ្នំា២០២៣បានចាប់ផ្តើមប្រឡងប្រកួតប្រជែងជ្រើសរើសមន្ត្រីកសិកម្មបម្រើការងារនៅតាមខេត្តចំនួន១៧ ដែលមានបេក្ខជនដាក់ពាក្យប្រឡងចង់ក្លាយជាមន្ត្រីកសិកម្មមានរហូតដល់៣ ៣៨១នាក់។
ការប្រឡងប្រកួតប្រជែងជ្រើសរើសមន្ត្រីកសិកម្មនេះ ធ្វើឡើងនៅមណ្ឌលប្រឡងនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយចាប់ផ្តើមប្រឡងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ហើយបេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន៣៖ (១)- វិញ្ញាសាសរសេរជំនាញកសិកម្ម, (២)- វិញ្ញាសារសរសេរភាសាអង់គ្លេសនិង (៣)- វិញ្ញសាពហុចម្លើយដែលទាក់ទងនិងចំណេះដឹងទូទៅ។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងមានប្រសាសន៍ថា ការប្រឡើងជ្រើសរើសមន្ត្រីកសិកម្មជាផ្លូវការនៅថ្ងៃនេះ ដើម្បីការអនុវត្តផែនការគន្លឹះថ្មីសម្រាប់ជ្រើសរើសមន្ត្រីរាជការស៊ីវិល ហើយនៅថ្ងៃនេះត្រូវការជ្រើសរើសមន្ត្រីកសិកម្មប្រមាណ២៥០នាក់ សម្រាប់បម្រើការងារនៅតាមឃុំ ស្ថិតក្នុងខេត្តចំនួន១៧។ម្យ៉ាងទៀត មានគោលបំណង ដើម្បីជម្រាបជូនទៅដល់សាធារណៈជននៅទូទំាងប្រទេសចំពោះការអនុវត្តនៃវិធានការគន្លឹះក្នុងការជ្រើសរើសមន្ត្រីរាជការស៊ីវិល។
ឯកឧត្តម គូសបញ្ជាក់ថា« តំាងពីម៉ោង៦ព្រឹកនៅថ្ងៃទី១៧ខែធ្នូ នេះគឺយើងបានមកជួបជុំគ្នា ដើម្បីរៀបចំនិងដំណើរការប្រព្រឹត្តិទៅនៅការប្រឡង ក្នុងនោះយើងមានវិញ្ញាសារចំនួន៣ប្រភេទ៖សម្រាប់វិញ្ញាសារទី១ សំដៅទៅលើជំនាញកសិកម្ម,វិញ្ញាសារទី២ ភាសាអង់គ្លេស និង វិញ្ញាសារទី៣ ពហុចម្លើយដែលពាក់ព័ន្ធចំណេះដឹងទូទៅ ហើយការប្រឡងជ្រើសរើសមន្ត្រីកសិកម្មធ្វើឡើងនៅពេលនេះគឺ មានភាពម៉ាត់ចត់ ផ្តោតទៅលើបទពិសោធន៍កន្លងមក។
យោងតាមឯកឧត្តម ហ៊ុន ម៉ានី ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មបម្រើការងារនៅតាមឃុំ នៅតាមខេត្តចំនួន១៧ ឯកឧត្តម ពិតជាមានភាពកក់ក្តៅ និងមានការសប្បាយរីករាយ ហើយឯកឧត្តម ក៏ជឿថាឯកឧត្តមឌិត ទីណា ក៏មានភាពកក់ក្តៅ និងសប្បាយរីករាយ ដូចគ្នាផងដែរ។
ក្នុងឱកាសនោះផងដែរ, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា« ក្រសួងកសិកម្ម រំពឹងថានឹងទទួលបានមន្ត្រីកសិកម្មដែលមានសមត្ថភាពសម្រាប់ទៅបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។ នៅក្នុងដំណើរការនៃការៀបចំប្រឡងគឺមានការគិតគូគ្រប់ដំណាក់ការទំាងអស់ ដោយធ្វើយ៉ាងណា មិនឱ្យភាពចៃដន្យណាមួយ កើតឡើងលើអ្នកមិនមានសមត្ថភាព មានកក្តាចៃដន្យអាចជាប់ជាមន្ត្រីកសិកម្មទៅបម្រើប្រជាជនបាននោះទេ»។
យោងតាម ឯកឧត្តម យ៉ងសំាង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អ្នកដែលធ្វើការបានល្អបម្រើកសិករនឹងក្លាយជាមន្រ្តីកសិកម្មឃុំពេញលេញបន្ទាប់ពីកម្មសិក្សារយ:ពេលមួយឆ្នាំ។ជំហានបន្ទាប់ក៏យើងចាប់ផ្តើមដំណើការជ្រើសរើសបន្ថែមចំនួន ៨០០ នាក់ទៀតនៅដើមឆ្នាំ ២០២៤ និង ៥៥០នាក់ទៀតនៅដើមឆ្នាំ ២០២៥៕ SARETH