ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណងសម្រាប់កម្មវិធីចំនួន៥ ហើយបញ្ចូលកម្មវិធីមួយបន្ថែមទៀតដែលបានចុះហត្ថលេខាពីមុននេះ ការវិនិយោគសរុបរបស់ ADB ក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា មានតម្លៃសរុប ៤០៣លានដុល្លារអាម៉េរិក ។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីនិងជំនួយឥតសំណង សម្រាប់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍កាលថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤, លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសា សន៍ថា “ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ភាពជាដៃគូរវាង ADB ជាមួយកម្ពុជា ជាមួយនឹងការ អនុម័តប្រាក់ កម្ចី និងជំនួយ ឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍ កម្ពុជា ថ្មីរប ស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨”។
លោកស្រីបន្តថា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និង ការអភិវឌ្ឍធនធានមនុស្ស គម្រោង ទាំងនេះនឹងគាំទ្រដល់កំណើនជាបន្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព បរិយាបន្ន និងភាពបៃតង។ សម្រាប់ ធនាគារ ADB ក៏ប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាសអំណោយ ផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ ADB នៅតែប្រកាន់ខ្ជាប់ នូវភាពជាដៃគូមិនងាករេរបស់ខ្លួនជាមួយកម្ពុជា ដើម្បីនាំមកនូវលទ្ធផលវិជ្ជមានដែលជាអត្ថប្រយោជន៍ យូរ អង្វែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រចាំកម្ពុជាបានបង្ហាញថា ប្រាក់កម្ចី ៩0 លានដុល្លារអាម៉េរិកដែលបានចុះហត្ថលេខាពីមុន សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅតំបន់ជនបទ នឹងពង្រឹងនិងពង្រីក វិសាលភាព សេវាផ្គត់ផ្គង់ទឹកមាន សុវត្ថិភាព និង អនាម័យមូលដ្ឋាន ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨.000គ្រួសារ ក្នុងភូមិចំនួន ៤00នៃឃុំចំនួន ៥0ក្នុងប្រាំបួនខេត្ត នៃប្រទេសកម្ពុជា។
គម្រោងអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សដែលជាប្រាក់កម្ចី ៨0 លានដុល្លារអាម៉េរិកនឹងធ្វើឱ្យប្រសើរឡើងនូវវិស័យអប់រំមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញសតវត្សទី ២១ ដូចជាការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុសនិងសិស្សស្រី និង ការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ វានឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន ដើម្បីដោះស្រាយស្ថានភាពចង្អៀត ក្នុង ថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។
ជំនួយឥតសំណងចំនួន ១0 លានដុល្លារអាម៉េរិកសម្រាប់ គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹង យេនឌ័រ នឹងជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។ វានឹងផ្តោតលើការពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័ន, ការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពីអំពើហិង្សាក្នុងគ្រួសារ, ធ្វើអោយប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋានដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះជាពិសេសនៅ តំបន់ជនបទ, និង ជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។
កម្មវិធីរងទី២នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែងដែលកំពុងដំណើរការ (ជាកម្ចីផ្អែកលើគោលនយោបាយ ដែលមានទឹកប្រាក់ ៥0 លានដុល្លារអាម៉េរិក) សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ វាពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបាននូវកំណើនខ្ពស់ និងមាននិរន្តរភាព។
ដោយផ្តោតលើអាងទន្លេក្នុងខេត្តបាត់ដំបងនិងខេត្តពោធិសាត់ក្នុងអាងទន្លេសាប ប្រាក់កម្ចីចំនួន ៨៨ លានដុល្លារអាម៉េរិកសម្រាប់គម្រោងគ្រប់គ្រងធនធានទឹករួម នឹងពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយការបន្ស៊ាំនឹងអាកាសធាតុនិងបរិស្ថានមេត្រី, ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយហានិភ័យទឹកជំនន់។
ចុងក្រោយ ការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់ គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលមានកម្ចីចំនួន ៨៥ លានដុល្លារអាម៉េរិកនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការជញ្ជូនបែងចែកទឹក និងភាពធន់នឹងអាកាសធាតុនៃប្រព័ន្ធធារាសាស្ត្រចំនួន ៤ នៅខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងខេត្តតាកែវ ព្រមទាំងចែករំលែកការអនុវត្តល្អៗជាមួយកសិករដើម្បីបង្កើន ភាពធន់នឹងអាកាសធាតុ និងប្រសិទ្ធភាពនៃការចែកចាយទឹកនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ គម្រោងនេះក៏នឹងគាំទ្រដល់ ការពង្រឹងសមត្ថភាពសម្រាប់ប្រតិបត្តិការនៃ មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹករបស់កម្ពុជា និងប្រព័ន្ធព័ត៌មានធនធានទឹកជាតិដែលពាក់ព័ន្ធ ព្រមទាំងការងាររៀបចំ និងរចនាសម្រាប់ការវិនិយោគនាពេលអនាគតលើការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត៕