ប្រជាកសិករធ្វើស្រែនៅតាមតំបន់ទូទាំងក្នុងប្រទេស បានលក់ស្រូវរបស់ខ្លួនទទួលបានតម្លៃខ្ពស់មិនធ្លាប់មាន ក្នុងឆ្នំា២០២៣នេះ។ ហើយនៅក្នុងឆ្នំា២០២៤ ផ្អែកទៅលើតម្រូវការទីផ្សារក្នុងតំបន់និងពិភពលោក ដែលបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន អាចនឹងធ្វើឱ្យតម្លៃស្រូវអាចនឹងនូវរក្សាបានតម្លៃខ្ពស់ រហូតដល់រដូវប្រមូលផលក្នុងឆ្នំា២០២៤។
ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន បានលើកឡើងនាពេលថ្មីៗនេះថាជាង១៥ឆ្នំាកន្លងមកតម្លៃស្រូវឡើងខ្ពស់មិនដែលធ្លាប់មាននោះទេ ខណៈកត្តាដែលនាំឱ្យស្រូវមានតម្លៃខ្ពស់ ដោយសារការបម្រែបម្រួលអាកាសធាតុនៅតាមតំបន់អាស៊ីខ្វះខាតស្បៀងអាហារ ដែលតម្រូវឱ្យប្រទេសទាំងនោះស្តុកស្បៀងបម្រុងដើម្បីទប់ទល់ទៅនឹង ការបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យមានការកើនឡើងកម្ដៅ។
ជាក់ស្តែងប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន បានទិញអង្ករច្រើនជាងគេនៅក្នុងតំបន់ដើម្បីស្តុកទុកនៅក្នុងឃ្លំាង សម្រាប់រក្សាស្ថិរភាពស្បៀងក្នុងប្រទេសរបស់ខ្លួន។ ចំណែកប្រទេសឥណ្ឌា បានបិទខ្ទប់មិនឱ្យមានការនាំចេញអង្ករស របស់ខ្លួនទៅទីផ្សារខាងក្រៅ ដោយសារបារម្ភទិន្នផលស្រូវក្នុងស្រុករបស់ខ្លួនថយ ព្រោះតែទទួលរងឥទ្ធិពលពីការបម្រែបម្រួលអាកាសធាតុ។
បើតាមប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ ស្ថិតក្នុងកាលៈទេសៈវិស័យកសិកម្មតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់រងផលប៉ះពាល់ ខណៈកម្ពុជាមានឱកាសច្រើន ហើយតម្លៃស្រូវរបស់ប្រជាកសិករទទួលបានតម្លៃខ្ពស់។ កន្លងមកត្រូវទិន្នផលស្រូវកើនឡើងជាង ៣៥ភាគរយ បើធៀបនឹងឆ្នាំមុនៗ។ លើកសបីនេះទៀតនៅឆ្នំា២០២៤ កសិករអាចរក្សាការដំាដុះស្រូវតាមប្រភេទពូជស្រូវពីមុន ហើយតម្លៃទីផ្សារលក់បានតម្លៃល្អ ប៉ុន្តែសម្រាប់នៅឆ្នំា២០២៥ អាចនឹងមានការប្រែប្រួលតម្លៃ។
ឧកញ៉ាសង្កត់ធ្ងន់ថា នៅឆ្នំា២០២៥ កសិករចំាបាច់ផ្លាស់ប្តូរឥរិយាបទក្នុងការដំាដុះប្រភេទពូជស្រូវ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។ ក្រែងប្រទេសឥណ្ឌាបើកឱ្យមានការនាំចេញអង្ករសវិញ អាចធ្វើឱ្យប៉ះពាល់ដល់ការផលិតស្រូវនៅកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀត ព្រោះឥណ្ឌាជាប្រទេសផលិតអង្ករសធំជាងគេនៅលើពិភពលោក។ ប៉ុន្តែបើឥណ្ឌានៅតែបិទខ្ទប់មិនឱ្យមានការនាំចេញអង្ករនោះ សម្រាប់កសិករកម្ពុជានឹងបន្តទទួលបានប្រាក់ចំណេញដូចឆ្នំាមុន។
ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ទៀតថា៖’យើងគិតថាដល់ឆ្នំា២០២៤ តម្លៃស្រូវអង្ករនឹងកើនឡើងថែមទៀត អាចធ្វើឱ្យមានការខ្វះខាតស្រូវនៅក្នុងត្រីមាសទី១ ព្រោះការប្រមូលផលស្រូវដំបូងរបស់ប្រជាកសិករមិនទាន់មានគ្រប់ឆ្លើយតបទៅនឹងតម្រូវការនាំចេញរបស់ក្រុមហ៊ុនក្នុងស្រុកបាន។ ដូចនេះការនាំចេញអង្ករនៅត្រីមាសទី១ អាចនឹងមានកំណើនតិចតួច ប៉ុន្តែនៅត្រីមាសទី២ ដល់រដូវប្រមូលផលស្រូវប្រាំង អាចនឹងជំរុញការនាំចេញឡើងវិញ”។
ទាក់ទងនឹងវិស័យស្រូវ-អង្ករនេះដែរ, ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ មានក្តីរំពឹងថា ការនាំចេញអង្ករសរុបនៅក្នុងឆ្នំា២០២៣ អាចនឹងសម្រេចបាន ៦៧ម៉ឺនតោន ពោលគឺមានការកើនឡើងប្រមាណពី ៥ទៅ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជានាពេលកន្លងមក គឺរយៈពេល ១១ខែក្នុងឆ្នំានេះ កម្ពុជាបានសម្រេចការនាំចេញអង្ករបាន ៨៥ភាគរយ នៃផែនការ ៧០០ពាន់តោន គឺសម្រេចបានចំនួនជាង ៥៩៥ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួនជាង ៤២០លានដុល្លារអាម៉េរិក។
រយៈពេល ១១ខែឆ្នំា២០២៣នេះ កម្ពុជាបាននាំចេញអង្ករទៅប្រទេសចំនួន២៦នៅក្នុងទ្វីបអឺរ៉ុបបាន ២៤០ពាន់តោន ស្មើនឹងជាង ១៧១លានដុល្លារអាម៉េរិក, នាំទៅប្រទេសជាសមាជិកអាស៊ានបាន ៧៦ពាន់តោន ស្មើនឹងជាង ៥០លានដុល្លារអាម៉េរិក, នាំទៅប្រទេសផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានជាង៧៩ពាន់តោន ស្នើនឹងជាង ៧០លានដុល្លារអាម៉េរិក។ ចំពោះប្រភេទអង្ករដែលនាំចេញរួមមាន អង្ករក្រអូបគ្រប់ប្រភេទមានជាង ៨២ភាគរយ, អង្ករចំហុយមាន ៣ភាគរយ, អង្ករសគ្រាប់វែងមានជាង ១៣ភាគរយ, អង្ករសរីរាង្គមានជិត ២ភាគរយ និងអង្ករសគ្រាប់ខ្លីមាន ០,០២ភាគរយ៕SARETH