ភ្នំពេញ៖ ក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក ខេត្ត មណ្ឌលគិរី និងរតនគិរី ដែលស្ថិតនៅតាមដងទន្លេនេះ ក្រុមការងាររបស់អង្គការ WWF-កម្ពុជាបានប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាលជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនជិតផុតពូជមួយប្រភេទនេះ។
ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាល នៃប្រទេសវៀតណាមហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកជាទន្លេដែលត្រូវបានគេចាត់ទុកថា ជាជម្រកត្រី ជាពិសេសជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជនៅកម្ពុជា។ បើតាមអ្នកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជាបានប៉ាន់ស្មានថា ក្រពើទាំង៣ក្បាលដែលគេបានប្រទះឃើញនេះមានអាយុពី ៥ ទៅ ៦ ខែ។
តំបន់នេះក៏ធ្លាប់ជាកន្លែងដែលគេធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។
យោងតាមអង្គការអង្គការ WWF បានឱ្យដឹងថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ។
បើតាមអ្នកជំនាញបានលើកឡើងនាកន្លងមកថាក្រពើភ្នំបានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជា ឧទ្យានជាតិជួរភ្នំក្រវាញក៏ជាទីជម្រកធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់ប្រភេទសត្វដ៏កម្រនេះផងដែរ។
សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ។ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ កម្ពុជាត្រូវបានគេចាត់ទុកថា មានវត្តមានសត្វក្រពើភ្នំច្រើនជាងគេដែលប្រមាណជាង ៣០០ក្បាលកំពុងរស់នៅ និងស្ថិតក្រោមការឃ្លាំមើល និងការពារដោយក្រុមអ្នកជំនាញ៕