សមាគមវារីវប្បករកម្ពុជាសហការជាមួយនឹងដៃគូជាតិ និងអន្តរជាតិបានរៀបចំកិច្ចសន្ទនាអាជីវកម្ម វារីវប្បកម្ម ថ្នាក់តំបន់លើកដំបូងក្នុងឆ្នំា២០២៤ ដើម្បីផ្តល់ឱកាសដល់អ្នកចិញ្ចឹមត្រី ក៏ដូចជាភាគីពាក់ព័ន្ធស្ថិតនៅក្នុងខេត្តបាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ និងខេត្តសៀមរាប ចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាដើម្បីឈានទៅពង្រឹង ពង្រីកអាជីវកម្មនៅតាមកន្លែងរបស់ខ្លួនឱ្យប្រសើរឡើងនៅពេលខាងមុខ។
លោក ឡែមផូរ សុថាវវរិទ្ធិ ប្រធានគណៈកម្មកាប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា លើកឡើងក្នុង កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់រៀបចំឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅខេត្តបាត់ដំបងបានឱ្យដឹងថាកិច្ចសន្ទនាអាជីវកម្មនៅថ្ងៃនេះ មានគោលបំណងធំចម្បងៗចំនួន២៖ ទី១)-ចង់ឱ្យភាគីពាក់ព័ន្ធនៅក្នុងវិស័យវារីវប្បកម្មចូលរួមដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខ និងទី២)-យើងចង់ប្រមូលផ្តុំអ្នកដែលពាក់ព័ន្ធទាំងឡាយមកជួបជុំគ្នាកសាងបណ្តាញ និងរៀបចំផែនការពង្រឹង ពង្រីកអាជីវកម្មវារីវប្បកម្មនៅតាមតំបន់។
លោក ឡែមផូរ សុថាវវរិទ្ធិ គូសបញ្ជាក់ថា «បញ្ហាប្រឈមធំៗនៅក្នុងផលិតកម្មយើងចំណាយថ្លៃដើមខ្ពស់ ,បញ្ហាទីផ្សារនៅពេលរដូវប្រមូលផលមានច្រើននៅលើទីផ្សារធ្វើឱ្យតម្លៃត្រីចុះថោក,បញ្ហាស្តង់ដារយើងមិនទាន់ធ្វើតាមស្តង់ដារត្រឹមត្រូវ, ការបម្រែបម្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ទៅដល់ផលិតកម្ម-ទីផ្សារ និងអ្នកចិញ្ចឹមត្រីមិនទាន់ទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ពីគ្រឹះស្ថានហិរញ្ញវត្ថុ»។
លោកលើកឡើងថា ចំពោះបញ្ហាលើកឡើងខាងលើនេះកន្លងមក យើងបានដោះស្រាយបានជាបណ្តើរៗមិនទាន់បានពេញលេញនៅឡើយទេ ដូចនេះបានជាយើងរៀបចំឱ្យមានកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មនេះឡើងដើម្បីឱ្យពួកគាត់មកចូលរួមដោះស្រាយបញ្ហាប្រឈមចំពោះមុខទំាងអស់គ្នា។
អ្នកស្រី ឡឹប ម៉ារី នាយិកាគ្រប់គ្រងសហគ្រាសយូនីកាបានឱ្យថាកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់ថ្ងៃនេះជាវេទិកាល្អ ដោយសារអ្នកចូលរួមមានគ្រប់ផ្នែកក្នុងវិស័យវារីវប្បកម្មនេះ មានទំាងអ្នកចិញ្ចឹម អ្នកកែច្នៃ អ្នកចែកចាយ អ្នកផ្តល់ធាតុចូល អ្នកផ្តល់សេវា, ធនាគារ និងអ្នកផ្គត់ផ្គង់ចំណីត្រី។ ដូចនេះនៅក្នុងកិច្ចពិភាក្សាថ្ងៃនេះ យើងនឹងលើកឡើងពីបញ្ហាប្រឈមរបស់គ្រប់តួអង្គយកមកជជែកគ្នា ហើយពិភាក្សាដើម្បីរកដំណោះស្រាយរួមគ្នា ហើយសង្ឃឹមថានៅពេលបញ្ចប់វេទិកានេះទៅ ទំាងអ្នកចិញ្ចឹម អ្នកកែច្នៃ និងអ្នកទីផ្សារគាត់នឹងបានយល់ ថានៅថ្ងៃខាងមុខទៀតគាត់ធ្វើបែបណាទៀតទើបជំរុញឱ្យអាជីវកម្មរបស់យើងមានការអនុវត្តន៍បានកាន់តែប្រសើរ។
អ្នកស្រី លើកឡើងថា តាមការសង្កេតនៅពេលកន្លងមករហូតមកដល់ថ្ងៃនេះ បន្ទាប់ពីមានការផ្សព្វផ្សាយអំពីត្រីនៅក្នុងស្រុក និងស្តង់ដារម្ហូបអាហារ យើងឃើញថាអ្នកប្រើប្រាស់ របស់យើងមួយចំនួន គាត់ចាប់ផ្តើមងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកច្រើន ធ្វើឱ្យមានកំណើនល្អជាងឆ្នំាមុន ហើយយើងសង្ឃឹមថាទៅថ្ងៃខាងមុខនឹងមានការផ្សព្វផ្សាយអំពីផលប្រយោជន៍ ក៏ដូចជាគុណភាព សុវត្ថិភាពត្រីឱ្យបានច្រើន ដើម្បីឱ្យពលរដ្ឋបានយល់កាន់តែច្បាស់ ធ្វើឱ្យការគំាទ្រកើនឡើងថែមទៀត។
ស្រដៀងគ្នានេះផងដែរ,លោក ពេញ ពៃ តំណាងប្រជាកសិករចិញ្ចឹមត្រី និងភ្ញាស់កូនត្រីនៅស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យដឹងថាកិច្ចសន្ទនាអាជីវកម្មនៅថ្ងៃនេះខ្ញុំទទួលបានចំណេះដឹងក៏ដូចជាព័ត៌មាននៅក្នុងវិស័យវារីវប្បកម្មបានច្រើន ដោយសារមានម្ចាស់គម្រោងជាច្រើនបានមកចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់ខ្លួនជូនដល់អ្នកចិញ្ចឹមត្រីយល់កាន់តែច្បាស់ថែមទៀត។
លោក ពេញ ពៃ លើកឡើងថា តាមការសង្កេតនៅក្នុងឆ្នំា២០២៤នេះ មានអ្នកចិញ្ចឹមត្រីថ្មីនៅក្នុងតំបន់មួយចំនួនបានរៀបចំស្រះទុកសម្រាប់ចិញ្ចឹមត្រីរបស់ខ្លួនជាបណ្តើរៗ ហើយកសិករពីមុនធ្លាប់ផ្អាកការចិញ្ចឹមត្រី ឥឡូវក៏បានចាប់ផ្តើមចិញ្ចឹមត្រីឡើងវិញច្រើននៅពេលដែល ត្រីប្រាលក់បានថ្លៃនៅលើទីផ្សារ៕
ដោយ៖Long Sareth