ភ្នំពេញ៖នៅក្នុងពិព័រណ៍វារីវប្បកម្មលើកទី១ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ៦និងទី៧ខែធ្នូកន្លងមកនេះ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា បច្ចុប្បន្នការអភិវឌ្ឍវារីវប្បកម្មកម្ពុជានូវជួបប្រទេះបញ្ហាជាច្រើនមានទាំងទីផ្សារពុំមានស្ថិរភាពសម្រាប់កសិករយកត្រីទៅលក់ដោយផ្ទាល់។ តែទោះជាយ៉ាងនេះក្តី មន្រ្តីជំនាញលើកឡើងថា ផលវារីវប្បកម្មយើងនៅតែមានឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការពង្រីក ខ្សែច្រវាក់ប្រភេទពូជក្នុងស្រុក ដោយពង្រឹងគុណភាពឱ្យស្របតាមស្តង់ដារអាហារ។
លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋាបាលជលផល មានប្រសាសន៍ថា បច្ចុប្បន្នការអភិវឌ្ឍវារីវប្បកម្មកម្ពុជានូវជួបប្រទះបញ្ហាមួយចំនួនដូចជាទីផ្សារពុំមានស្ថិរភាពសម្រាប់កសិកម្មយកត្រីទៅលក់ដោយផ្ទាល់, អស្ថិរភាពនៃការផ្គត់ផ្គង់ត្រីនៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ, តម្លៃផលនៃវារីវប្បកម្មនៅប្រទេសជិតខាងមានតម្លៃថោកជាង, បច្ចេកទេសនៃការចិញ្ចឹមត្រី និងការផលិតកូនត្រីរបស់វារីវប្បករនៅមានកម្រិត, ការវិនិយោគ្នុងវិស័យវារីវប្បកម្មនៅមានទំហតូចនៅឡើយ, កន្លែងប្រមូលផ្តុំនិងចែកចាយត្រីមិនទាន់គ្រប់គ្រាន់តាមតម្រូវការ, ការចងក្រងបណ្តុះវារីវប្បករមិនទាន់បានទូលំទូលាយ, កាកែច្នៃនិងការធ្វើពិពិធកម្មផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។
លោកគូសបញ្ជាក់ថា “ទោះបីជាយ៉ាងនេះក្តី, ផលវារីវប្បកម្មយើងនៅតែមានឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការពង្រីក ខ្សែច្រវាក់ប្រភេទពូជក្នុងស្រុក ដោយពង្រឹងគុណភាពឱ្យស្របតាមស្តង់ដារអាហារ។ ដោយយល់ឃើញពីភាពចាំបាច់ ក្នុងការអភិវឌ្ឍវារីវប្បកម្មកម្ពុជា និងដើម្បីឆ្លើយតបតម្រូវការទីផ្សារអន្តរជាតិ រដ្ឋបាលជលផលបាននិងកំពុងធ្វើការរៀបចំផែនការយុទ្ធសាស្ត្រថ្មី ក្នុងការអភិវឌ្ឍវារីវប្បកម្មកម្ពុជាពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣៤”។
លោក ថាយ សុមុនី បន្តថា “ខ្ញុំសង្ឃឹមនិងជឿជាក់ថា ការប្រឹងប្រែងរបស់យើងទាំងអស់គ្នា នឹងធ្វើឱ្យវិស័យវារីវប្បកម្ម នឹងមានការវិវត្តន៍ស្របតាមបរិបទជាតិនិងអន្តរជាតិ ។ដូចនេះ នៅពេលដែលវិស័យវារីវប្បកម្មមានការរីកចម្រើន នឹងបានជួយដល់ប្រាក់ចំណូលដល់វារីវប្បករ ពាណិជ្ជករ អាជីវករនិងកត្តាវឌ្ឍនៈភាពការងារ តាមរយៈការនាំចេញផល ផលិតផលជលវារីវប្បកម្មទៅកាន់ទីផ្សារអន្តរជាតិ”។
នៅក្នុងឱកាសនោះផងដែរ, ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថាពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ឆ្នាំ២០២៤ក្នុងរយៈពេល២ថ្ងៃនេះក្នុងគោលបំណងផ្សព្វផ្សាយគុណភាព និងការអភិវឌ្ឍវារីវប្បកម្ម។ ទី១)បង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា, ទី២) ពិព័រណ៍វារីវប្បកម្មនឹងក្លាយជាវេទិការដាក់តាំងបង្ហាញអំពីផលិតផលស្រស់ៗ ដែលបានកែច្នៃមកពីអនុវិស័យវារីវប្បកម្មឱ្យសាធារណៈជនបានឃើញនិងបានទិញ, ទី៣)បង្កើតឱកាសសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់ ឬរៀនសូត្រអំពីការចិញ្ចឹមវារីសត្វ ឬវារីរុក្ខាជាតិនិងការកែច្នៃ, ទី៤) បង្កើតទីផ្សារលក់ផលិតផលបានមកពីវារីវប្បកម្មកម្ពុជា, ទី៥) បង្ហាញអំពីអ្នកជោគជ័យប្រកបអាជីវកម្មលើអនុវិស័យវារីវប្បកម្ម, ទី៦)កែប្រែទស្សនៈអ្នកបរិភោគផលិតផលបានមកពីវារីវប្បកម្ម ដែលតែងតែគិតថាត្រីចិញ្ចឹមកម្ពុជាមិនមានសុវត្ថិភាពនិងគ្មានអនាម័យ, ទី៧) បំផុសចលនាសាធារណៈជនឱ្យចូលរួមផុសផុលឱ្យមានការគាំទ្រផលិតផលវារីវប្បកម្មក្នុងស្រុក៕