កសិករច្បាស់លាស់នឹងការងារកសិកម្មអាចជួយឱ្យជីវភាពងើបផុតពីភាពក្រីក្រ ទៅរកភាពល្អប្រសើរ

លោក ឈៀវ ហុង ម្ចាស់កសិដ្ឋានបន្លែសុវត្ថិភាព « ហុងEco Farm» ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបម្នាក់បានចាត់ទុកការប្រកបមុខរបរដំាបន្លែ ការចិញ្ចឹមត្រី និងការចិញ្ចឹមមាន់ ដែលស្ថិតនៅក្នុងវិស័យកសិកម្មមួយនេះដើរតួរសំខាន់ក្នុងការជួយឱ្យក្រុមគ្រួសារមានជីវភាពល្អប្រសើរ ងើបផុតពីភាពក្រីក្រនៅពេលកសិករច្បាស់លាស់ជាមួយនឹងការងារកសិកម្ម។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០២៤ កន្លងមកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានចុះទៅពិនិត្យ និងស្វែងយល់អំពីការដាំដុះនិងការប្រមូលផលរបស់លោក ឈៀវ ហុងផងដែរ។
ពាក់ព័ន្ធនឹងមុខរបរនៅក្នុងវិស័យកសិកម្មនេះ បើយោងតាម លោក ឈៀវ ហុង បច្ចុប្បន្នលោកកំពុងតែដំាបន្លែសុវត្ថិភាព ចិញ្ចឹមត្រីប្រា និងចិញ្ចឹមមាន់សាច់ នៅក្នុងកសិដ្ឋានរបស់ខ្លួននៅលើទីផ្សារដីប្រមាណ៦ហិកតា។ សម្រាប់បន្លែ មានទំាងប្រភេទបន្ថែផ្លែ និងបន្លែស្លឹក ហើយនៅក្នុងមួយខែអាចប្រមូលផលបានប្រមាណ៤តោន, ចំណេកត្រីប្រមូលផលម្តងបាន៤០តោន និងមាន់បានប្រមាណ៣០តោន។

លោក ឈៀវ ហុង បានឱ្យដឹងថា «បើយើងច្បាស់លាស់នឹងការងារកសិកម្មគឺយើងអាចរកប្រាក់ចំណូលបានខ្ពស់ជួយឱ្យជីវភាពល្អប្រសើរ ធ្វើឱ្យក្រុមគ្រួសារងើបផុតពីភាពក្រីក្រ ហើយចំណេះជំនាញដែលខ្ញុំទទួលបានយកមកប្រកបមុខរបររហូតមកដល់សព្វថ្ងៃនេះ បានមកពីមន្ទីរកសិកម្ម, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងបានមកពីអង្គការដៃគូរជាច្រើនទៀត»។

លោកលើកឡើងថា កសិករបើចង់ក្លាយជាកសិករជោគជ័យត្រូវមាន៥ចំណុច ហើយចំណុចទំាងនេះខ្ញុំធ្លាប់បានឆ្លងកាត់កន្លងកាត់និងអនុវត្តជាក់ស្តែង៖(១)- កសិករត្រូវការមានការតំាងចិត្តខ្ពស់។ យើងធ្វើជាកសិកម្ម កុំគិតទៅលើមុខរបរផ្សេងទៀតច្រើនជាងការងារធ្វើកសិកម្មរបស់ខ្លួនឯងពេក, (២)- កសិករត្រូវរៀនដំាដុះឱ្យចេះខ្លួនឯងជាមុនសិន។ មានន័យថាបើយើងដំាត្រកួនមួយមុខ ដំាលើកទី១ ទទួលបានផល១០គីឡូក្រាម ចុះលើកទី២ ឬលើកទី៣អាចទទួលបានផលប៉ុន្មានលើទំហំដីដូចគ្នា។ (៣)-ពេលរៀនដំាចេះហើយ យើងត្រូវដឹងអំពីអាយុកាលនៃដំណាំនីមួយៗមិនថាប្រភេទបន្លែផ្លែឬបន្លែស្លឹកនោះទេ, (៤)-យើងត្រូវដឹងឱ្យច្បាស់អំពីតម្រូវការនៅលើទីផ្សារ។ មានន័យថានៅក្នុងខែកុម្ភៈឆ្នំា២០២៤នេះថាទីផ្សារមានត្រូវអ្វីខ្លះ? និង(៥)-យើងត្រូវមានផែនការដំាដុះឱ្យច្បាស់។ ឧទាហរណ៍នៅប៉ុន្មានថ្ងៃខាងមុខនេះនឹងចូលឆ្នំាចិននឹងត្រូវការខាត់ដើមយកមកធ្វើជាមុខម្ហូប។ ដូចនេះយើងត្រូវកំណត់ការដំាដុះដាក់ឱ្យត្រូវ ពេលនោះកសិករនឹងទទួលបានជោគជ័យ ហើយបូករួមជាមួយនឹងចំណុចទំាង៥យកទៅអនុវត្តន៍កសិករនឹងជោគជ័យថែមទៀត៕ ដោយ៖ Long Sareth


កាលវិភាគផ្សព្វផ្សាយ