1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ជាត្រីវិស័យក្នុងការជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ

កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ជាត្រីវិស័យក្នុងការជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានកសិកម្ម ហើយនៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមបានលើកឡើង និងបញ្ជាក់ជាថ្មីថា «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ជាត្រីវិស័យវិស័យក្នុងការជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ»។

ឯកឧត្តមរដ្ឋមន្ត្រី ក្រៅពីសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ មានភាពម្ចាស់ការ និងសម្រេចបានលទ្ធផលល្អក្នុមួយឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមរដ្ឋ បានលើកឡើងអំពីគោលនយោបាយរបស់ក្រសួង ដែលចាំបាច់ត្រូវធានាសន្តិសុខស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានផងដែរ។

ឯកឧត្តម ឌិត ទីណា មានប្រសាសន៍បញ្ជាក់បន្ថែមថា «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលជាត្រីវិស័យក្នុងជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ ធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងតម្លៃ តាមរយៈការជំរុញសហគមន៍កសិកម្មទំនើបដែលបម្រើឱ្យវិស័យកសិកម្មទាំងមូល ព្រមទាំងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋាន ដើម្បីជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។

ឯកឧត្តមបន្តថា គ្រប់អនុវិស័យទាំងអស់ត្រូវយកចិត្តទុកដាក់ សហការ ធ្វើការជាមួយគ្នាឱ្យបានល្អ ត្រូវមានការសិក្សា និងវាយតម្លៃច្បាស់លាស់ទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងនយោបាយ។ លើសពីនេះទៀត ត្រូវមានផែនការជាក់លាក់ ស្របតាមគោលនយោបាយ ហើយត្រូវពិនិត្យតាមដានស្ថានភាពកសិកម្មជាទៀងទាត់ រៀបចំយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើមផលិត សំដៅផ្តល់ផលចំណេញដល់កសិករ និងមិនបង្កើតបញ្ហា ឬផលប៉ះពាល់ផ្សេងៗដល់សន្តិសុខស្បៀងទាំងក្នុងស្រុក និងការនាំចេញកសិផល ព្រមទាំងផលិតផលកសិកម្ម។
គួរបញ្ជាក់ផងដែរថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្រឈម មានដូចជា៖ (១) លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន១០០ លានដុល្លារអាម៉េរិក ដែលនឹងសម្រួលដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងធានាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ និងដើម្បីគំាំទ្រដល់ការផលិតរបស់កសិករ ក៏ដូចជាតម្រូវការស្បៀងអាហាររបស់ប្រជាពលរដ្ឋកម្ពុជា។ (២) ការដាក់ពង្រាយមន្ត្រីកសិកម្ម ឃុំសង្កាត់ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងកង្វះបច្ចេកទេសរបស់កសិករ និងសហគមន៍នៅមូលដ្ឋាន ជួយតម្រង់ទិសដល់កសិករក្នុងការដំាដុះផលិតផល និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារជូនកសិករពេលប្រមូលផល។ (៣) អភិវឌ្ឍន៍សហគមន៍ទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈម នៅក្នុងផលិតកម្មកសិកម្ម ប្រកបដោយប្រសិទ្ធភាព និងមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈការប្រមូលផ្តុំការប្រើប្រាស់ដី ផលិតកម្មក្នុងទំហំមួយសមសម្របដល់ការប្រើប្រាស់មធ្យោបាយទំនើប កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនផលិតភាព បង្កើនផលចំណេញ កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនផលិតភាព បង្កើនប្រាក់ចំណេញ និងបែងចែកផលលាភជូនកសិករប្រកបដោយតម្លាភាព និងសមធម៌។
ក្នុងការរៀបចំសហគមន៍កសិកម្មទំនើបនេះ មន្ត្រីកសិកម្មឃុំ សង្កាត់នឹងក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងការគំាំទ្រដល់ការកសាង និងទ្រទ្រង់ដំណើរការរបស់សហគមន៍។ បន្ថែមពីនេះ ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងមូលនិធិសហគមន៍កសិកម្មដែលដឹកនាំដោយរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវបង្កើតឡើងដើម្បីគំាំទ្រដល់សហគមន៍កសិកម្មទំនើប ទំាងផ្នែកនយោបាយ និងហិរញ្ញវត្ថុ សំដៅធានានិរន្តរភាពនៃសហគមន៍កសិកម្មទំនើប និងបង្កើនភាពប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ។

សូមបញ្ជាក់បន្ថែមផងដែរថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នំា២០២៣ កន្លងមកនេះ ក្រសួងមុខងារសាធារណៈបានចេញសេចក្តីព័ត៌មានស្តីពីលទ្ធផល បេក្ខជនដែលបានប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំចំនួន២៥០នាក់ និងបានបែងចែកទៅតាមខេត្តគោលដៅចំនួន១៧ខេត្ត ហើយក្នុងនោះមាន ខេត្តតាកែវ, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នំាង, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង,ខេត្តព្រះវិហារ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តបន្ទាយមានជ័យ, ខេត្តកណ្តាល និងខេត្តមណ្ឌលគិរី៕

ដោយ៖ SARETH


កាលវិភាគផ្សព្វផ្សាយ