មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទបានលើកឡើងថាជារៀងរាល់ឆ្នំា អគ្គនាយកដ្ឋានកសិកម្ម ទទួលបន្ទុកផលិតគ្រាប់ពូជបន្លែបម្រុង ចំនួន៥០តោន និងគិតជាសាច់ប្រាក់ចំនួន ៥០តោន។
ឯកឧត្តម ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនៅក្នុងវេទិកាប្រព័ន្ធស្បៀងបម្រុងកម្ពុជាថ្មីៗនេះថា ចំពោះបន្លែយើងមាន
ផែនការផលិតឱ្យបានច្រើននូវប្រភេទគ្រាប់ពូជបន្លែ ស្វាយលម្អងដែលយើងហៅថាប្រភេទពូជ OPV ។ យើងមិនផលិតប្រភេទគ្រាប់ពូជ ហៃព្រីតទេ ដោយសារតែគ្រាប់ពូជហៃព្រិតនេះ វាមានបញ្ហានៅពេលយកវាទៅប្រើប្រាស់ ជូនកាលបើសិនជាយើងមិនមានការថែទំាឱ្យបានដិតដល់ ពូជហៃព្រីតមួយចំនួនផ្សេងទៀតវាមិនធន់ជាមួយសមាធាតុចង្រៃ ឬ មិនធន់ជាមួយអាកាសធាតុនៅក្នុងប្រទេសកម្ពុជា អាចធ្វើឱ្យមានបញ្ហា។ ចំណែកពូជស្វាយលម្អ ឬ ហៅថា OPV នេះវាមានភាពធន់ អាចសម្របសម្រួលជាមួយនឹងអាកាសធាតុនៅកម្ពុជារួចជាស្រេច ហើយប្រជាជនបើចង់រក្សាពូជនេះទុកដំាដុះបន្តគាត់អាចរក្សាទុកបានដោយពុំចាំបាច់ផលិតគ្រាប់ពូជាជារៀងរាល់ឆ្នំានោះទេ។
ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ថា គិតដល់ត្រឹម ថ្ងៃទី៣០ ខែតុលា ឆ្នំា២០២៣ ដោយមានការតម្រង់ទិសពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី លេខាធិការដ្ឋាន ប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានដឹកនាំកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេស ស្រុក- ក្រុង- ឃុំ-សង្កាត់ ផ្តល់គ្រាប់ពូជបន្លែដែលអាចទុកពូជបាន ដើម្បីជំរុញការដំាបន្លែសុវត្ថិភាពផ្គត់ផ្គង់គ្រួសារ ដល់ប្រជាជនជាង ៦៤ម៉ឺន គ្រួសារ ពីខេត្តចំនួន២០ ក្រុង-ស្រុក ចំនួន១៣២ ឃុំ-សង្កាត់ចំនួន១ ០៣២ ដោយប្រើគ្រាប់ពូជបន្លែសរុបជាង ២១៧តោន៕