នៅក្នុងរយៈពេល១០ខែឆ្នំា២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុបជាង ៦លាន ២៧ម៉ឺន តោន ក្នុងនោះអង្ករមានជិត៥៣ម៉ឺនតោន ស្រូវមានចំនួន ១លាន ៩៩ម៉ឺនតោន និងកសិផលក្រៅពីស្រូវ អង្ករមានចំនួនជាង ៣លាន៧៤ម៉ឺនតោន ទៅកាន់ទិសដៅ៧៤ប្រទេស ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នំា២០២៣នេះ មានការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផលសរុប មានចំនួនជាង ៣ ៥១៦លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួនជាង ៤៥៨លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង ៧០៨ លានដុល្លារអាមេរិក និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ អង្ករមានជាង២ ៣៥០លានដុល្លារអាមេរិក។
របាយការណ៍ដដែលគូសបញ្ជាក់ថា “ការនាំចេញកសិផលក្នុងរយៈពេល១០ខែ ឆ្នំា២០២៣នេះ នៅតែបន្តថយចុះ ចំនួន៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២នេះ គឺដោយសារ (១) បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជាពិសេសប្រទេសដែលនាំចូលទំនិញ បង្ហាញពីសញ្ញានៃការថយចុះសកម្មភាពសេដ្ឋកិច្ច បណ្តាលឱ្យមានផលប៉ះពាល់ដល់បណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។ (២) សកម្មភាពការដោះដូរពាណិជ្ជកម្មតាមច្រករបៀង បណ្តាលឱ្យការនាំចេញទំនិញដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យនៅមានបរិមាណច្រើន ជាហេតុបង្កដល់ការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយ។ (៣) ថ្វីត្បិតតែបញ្ហាប្រែប្រួលអាកាសធាតុ និងការរឹតត្បិត លើការនាំចេញស្បៀងអាហាររបស់បណ្តាប្រទេសមួយចំនួននៅតែបន្តក៏ពិតមែន ប៉ុន្តែតម្លៃទីផ្សារអង្ករនៅលើពិភពលោក ហាក់មានកំណើនតិចតួចបំផុត ។ដោយឡែក ការនំាចេញស្រូវពីកម្ពុជា ដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមនៅតែមានចំនួនច្រើនដដែល។(៤) ចំពោះទីផ្សារអង្ករនាំចេញទៅប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដកម្ពុជាបានចុះកិច្ចសន្យាទិញ លក់រួចរាល់ជាមួយក្រុមហ៊ុនប៊ូលុកនៃប្រទេសឥណ្ឌនេស៊ី ហើយបានត្រួតពិនិត្យ និងចេញវិញ្ញាបនបត្រភូតគាមអនាម័យស្រាប់ ការនាំចេញអង្ករទៅប្រទេសឥណ្ឌូនេស៊ីចំនួន ០២ លើក ក្នុងបរិមាណ ៦ ៥០០តោន”។
របាយការណ៍សន្និដ្ឋានថា ចំពោះការនាំចេញកសិផលក្នុងរយៈពេល ១០ខែ ឆ្នំា២០២៣ នេះត្បិតតែនៅបន្តមានបរិមាណតិចជាងរយៈពេលដូចគ្នា ឆ្នំា២០២២ ក៏ពិតមែន ប៉ុន្តែបើប្រៀបធៀបទៅនឹងរយៈពេល ៩ខែឆ្នំា២០២៣ ឃើញថាមានកំណើនចំនួនរហូតដល់ជាង៥% ដែលបង្ហាញពីនិន្នាការនៃការនាំចេញកើនឡើង ពិសេសដំឡូងមីស្រស់បានកើនឡើងរហូតដល់ ជាង៧% ធៀបទៅនឹងរយៈពេល ១០ខែឆ្នំា២០២២៕
- Home
- All Program
- ព័ត៌មានពេលព្រឹក
- កម្ពុជាបានប្រាក់ចំណូលជាង ៣ ៥១៦លានដុល្លារពីការនំាចេញកសិផលរយៈពេល១០ខែ