1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. OXFAM កំពុងពិនិត្យរកមើលបច្ចេកទេសវេចខ្ចប់ទឹកឃ្មុំដើម្បីបង្កើតប្រាក់ចំណូលដល់កសិករក្នុងសហគមន៍

OXFAM កំពុងពិនិត្យរកមើលបច្ចេកទេសវេចខ្ចប់ទឹកឃ្មុំដើម្បីបង្កើតប្រាក់ចំណូលដល់កសិករក្នុងសហគមន៍

នាយិកាអង្គការ OXFAM ប្រចំាកម្ពុជាបានអះអាងថា OXFAMនិងអង្គការដៃគូកំពុងតែពិនិត្យរកមើលពីបច្ចេកទេសសម្រាប់ការវេចខ្ចប់ទឹកឃ្មុំមួយដែលល្អនិងមានភាពទាក់ទាញ ដើម្បីផ្តល់ជូនពលរដ្ឋនៅក្នុងសហគមន៍អាចរកប្រាក់ចំណូលពីមុខរបរចិញ្ចឹមឃ្មុំបាន។
អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការ OXFAM ប្រចំាកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេលជាង១ឆ្នំាកន្លងមកនេះ បន្ទាប់ពី OXFAM ធ្វើការជាមួយអ្នកចិញ្ចឹមឃ្មុំ ចាប់ពីដំបូងរហូតដល់ទទួលបានទឹកឃ្មុំដាក់លក់នៅលើទីផ្សារ ឃើញថាកសិករដែលបានចិញ្ចឹមឃ្មុំ ពួកគាត់មានបញ្ហាអំពីការវេចខ្ចប់ទឹកឃ្មុំឱ្យ របស់ខ្លួននៅឡើយ និងនៅពុំទាន់មានទីផ្សារដូចទៅនិងផលិតផលក្នុងស្រុកផ្សេងទៀត។
អ្នកស្រី មានប្រសាសន៍ថា«យើងកំពុងតែពិនិត្យមើលជាមួយអង្គការដៃគូ តើត្រូវជួយគាត់ វេចខ្ចប់ទឹកឃ្មុំបានយ៉ាងម៉េច ដើម្បីអាចយកទឹកឃ្មុំទៅលក់នៅលើទីផ្សារបានប្រកបទៅដោយភាពទាក់ទាញពីមហាជន។កិច្ចការនេះគឺយើងកំពុងតែពិភាក្សាគ្នាជាមួយអង្គការដៃគូរបស់យើង។បន្ថែមលើសពីនេះ យើងព្យាយាមបើកទីផ្សារជូនពួកគាត់ ឱ្យមានការចូលរួមតំាងពិព័រណ៍កម្រិតសហគមន៍ ឬ កម្រិតថ្នាក់ខេត្ត ក៏ដូចជាថ្នាក់ជាតិនេះ ដើម្បីស្វែងរកទីផ្សារនិងដៃគូ»។
បើតាមនាយិកាអង្គការ OXFAM តាមរយៈគម្រោងFOSTER ដែលទទួលបានការគំាំទ្រពីសហគមន៍អឺរ៉ុប, OXFAM បានធ្វើការសហការជាមួយអង្គការដៃគូដូចជា CEPA និងអង្គការ FACT។សម្រាប់អង្គការ CEPA មានកម្មករចំនួន១៥នាក់់អាចផលិតឃ្មុំបាន៤៥០លីត្រ លក់បានចំណូលប្រមាណ២ពាន់ដុល្លារអាមេរិក។ចំណែក ខាងអង្គការ FACT មានសមាជិក៦នាក់ ផលិតទឹកឃ្មុំកន្លងមកបាន១១០លីត្រ និងលក់បានប្រាក់៦០០ដុល្លារអាមេរិក។
អ្នកស្រី ភាណ សោភ័ណ បន្តថា« កន្លងមកដែលអង្គការ OXFAM បានធ្វើជាមួយកសិករចំនួន៣១គ្រួសារ តែក្នុងនោះ១០គ្រួសារ គាត់មិនទាន់ទទួលផលពីការលក់ទឹកឃ្មុំរបស់ខ្លួននៅឡើយទេ ដោយសារគាត់កំពុងចាប់ផ្តើម»។
លោក នៅ សំណាង តំណាង សហគមន៍ស្តីឬស្សីក្រោមស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបងបានឱ្យដឹងថា សហគមន៍ស្តីឬស្សីក្រោមមានសមាជិក១០គ្រួសារ ហើយបានចាប់ផ្តើមចិញ្ចឹមឃ្មុំនៅឆ្នំា២០២២ តែដោយសារខ្វះបច្ចេកទេសក្នុងការចិញ្ចឹមឃ្មុំបាន ធ្វើឱ្យសមាជិកម្នាក់ៗរបស់ខ្លួនខូចខាតអស់ពាក់កណ្តាលនៅក្នុងចំណោមឃ្មុំសរុប៤០ធុង។តែចូលដល់ឆ្នំា២០២៣ បន្ទាប់ពីទទួលបានជំនួយបន្ថែមពី OXFAM ទើបធ្វើឱ្យដំណើរការចិញ្ចឹមឃ្មុំរបស់សមាជិកសហគមន៍ទទួលបានជោគជ័យមកទល់សព្វថ្ងៃនេះ។
លោក នៅ សំណាង បញ្ជាក់ថា« ចាប់ពីខែមករាដល់ចុងឆ្នំា២០២៣នេះ សហគមន៍ឬស្សីក្រោម អាចប្រមូលទឹកឃ្មុំបានប្រហែល៣០០លីត្រ ខណៈបច្ចុប្បន្នផលិតផលទឹកឃ្មុំនៅមិនពុំទាន់ទទួលបានការគំាំទ្រច្រើនពីប្រជាពលរដ្ឋក្នុងស្រុកនៅឡើយនោះទេ»៕

ដោយ៖ SARETH


កាលវិភាគផ្សព្វផ្សាយ