ក្រសួងពាណិជ្ជកម្មបាន​​ចុះហត្ថលេខាជាមួយនិងធនាគារARDB ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្ម​​

THN1

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃអង្គារទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត​នាទីស្តីការក្រសួងដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់។​​

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគីដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។

នៅក្នុងឱកាសនោះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​បានចាត់ទុកថា ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ ARDB ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋទាំងពីរដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ។

សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ធនាគារ (ARDB) បាន​​សម្ដែងនូវអំណរគុណផងដែរ ជូនចំពោះវត្តមានរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម,មន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៍ ដោយចាត់ទុកថា ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់​រាជរដ្ឋាភិបាលធនាគារARDB​ បាននិងកំពុងបំពេញបេសកកម្មក្នុងការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជនបទ រួមទាំងហិរញប្បទានបៃតង ដើម្បីឈានឆ្ពោះទៅរកទស្សនវិស័យក្លាយជាធនាគារដែលមានចីរភាព (Sustainable Bank) ដូចដែលបានចែងក្នុងផែនទីចង្អុលផ្លូវ ១០ឆ្នាំរបស់ធនាគារ ។

ក្រោមអនុស្សារណៈយោគយល់នេះ ធនា​គារARDBនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិ​បត្តិការដែលមានកិច្ចធានា, ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ, ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក,​ និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ ព្រមទាំងសហការអនុវត្តគម្រោង AIMS ជំហាន២ ឱ្យបានជោគជ័យផងដែរ​​។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារ ARDBមានសំពៀតឥណទានសរុបចំនួន ៤៧១ លានដុល្លារអាម៉េរិក ក្នុងនោះវិស័យឥណទានក្នុងវិស័យស្រូវ-អង្ករមានសមាមាត្រធំជាងគេប្រមាណ ៤០,៨៩% ធៀបនឹងសំពៀតឥណទានសរុប។ ទន្ទឹមនេះ ធនា​គារ​បាននិងកំពុងធ្វើពិពិធកម្មលើការផ្តល់ឥណទានដល់អនុវិស័យផ្សេងៗ ក្នុង​នោះ ស្វា​យចន្ទីមានសមាមាត្រចំនួន ៧,៩៥ %,​ដំឡូងមី ១,៤១ %, បន្លែ ១៤,៨៤ %,ការចិញ្ចឹមសត្វ ១៥%,វារីវប្បកម្ម២,៩៣%, កែច្នៃផលិតផលកសិកម្ម និងចំណីអាហារ ២,៤១% និងផ្សេងៗទៀត ១៤,៥% ព្រមទាំងជំរុញការផ្តល់ឥណទានដល់កសិករខ្នាតតូច ក្នុងគោលដៅលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ផងដែរ ។ ធនាគារ ARDB មានបណ្តាញប្រតិបត្តិការគ្រប​ដណ្តប់ទូទាំងប្រទេស ដោយមានសាខាចំនួន ២គឺ នៅបាត់ដំបង និងភ្នំពេញ (សាខាដូនពេញ), និងការិយាល័យចល័តតាមខេត្តសរុបចំនួន ១៦ រួមមាន៖ ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, សៀមរាប,​ ស្ទឹងត្រែង, រតនគិរី, ក្រចេះ, ត្បូងឃ្មុំ, ព្រៃវែង, តាកែវ, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ធំ, ពោធិ៍សាត់,​ កំពង់ស្ពឺ និងស្វាយរៀង។

ជាថ្មីម្តងទៀតសង្ឈឹមថា កិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រសួងពាណិជ្ជកម្ម នឹងក្លាយជាកម្លាំងចលករប្រកបដោយជវភាពក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងពាណិ​ជ្ជកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខែ្សច្រវាក់តម្លៃកសិកម្មពីធនាគារ និងការបង្កើតតម្លៃបន្ថែម​លើផលិតផលកសិកម្មដោយការតភ្ជាប់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញ ដោយក្រសួងពាណិជ្ជកម្ម។

 


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ