កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ពាក់ព័ន្ធនឹងវិស័យកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តជាផ្លូវការហើយកាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នំា២០២៣ ហើយដើម្បីធានាបាននូវការអនុវត្ត កម្មវិធីគោលនយោបាយអាទិភាពទំាងពីរខាងលើនេះប្រកបដោយភាពជោគជ័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ជាក់លាក់សំខាន់ៗចំនួន៦ចំណុច។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដ៏សំខាន់នេះ ក៏ដូចជាការអនុវត្តចក្ខុវិស័យនៃការអភិវឌ្ឍវិស័យកសិកម្ម ដូចបានលើកឡើងពីខាងដើម ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ជាក់លាក់មួយចំនួន៖ (ទី១) ក្រុមការងារចម្រុះ សម្របសម្រួលខ្សែច្រវាក់តម្លៃផលិតកម្ម ផលិតផលកសិកម្ម ដែលជាយន្តការអន្តរក្រសួងក្នុងការរក្សាលំនឹងថ្លៃកសិផលយុទ្ធសាស្ត្រត្រូវបំពេញការងារជាបុរេសកម្មក្នុងការតាមដាននិន្នាការ ថ្លៃកសិផលសំខាន់ៗជាប្រចំា វាយតម្លៃផលប៉ះពាល់មកលើកសិករ និងអ្នកប្រើប្រាស់ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្នើសុំគោលការណ៍អន្តរាគមន៍បន្ទាន់ក្នុងករណីចំាបាច់។
ទន្ទឹមនឹងនេះក្រុមការងារត្រូវពន្លឿនការៀបចំយន្តការ និងនីតិវិធីរួម ដើម្បីអនុវត្តការងារអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារដើម្បីជួយគំាំទ្រដល់កសិករ និងវិស័យកសិកម្ម។
(ទី២) ចំពោះជម្រើសរើសមន្ត្រីកសិកម្ម ឃុំសង្កាត់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវសហការគ្នារៀបចំការប្រឡងប្រជែង ដែលធានាបានទំាងតម្លាភាព សមត្ថភាព និងគុណភាព។ ការជ្រើសរើសត្រូវបើកទូលាយដល់បេក្ខជនដែលមានចំណេះដឹង និងជំនាញវិជ្ជាជីវៈកសិកម្មសមស្រប និងមានសមត្ថភាពបំពេញការងារនៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវគិតគូរដល់ការស្នាក់នៅ ជីវភាពមន្ត្រីឱ្យបានសមរម្យ ដោយមានការចូលរួមជួយគំាំទ្រ និងទំនុកបំម្រុងពីរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសពីខាងអាជ្ញាធរឃុំសង្កាត់ដែលមន្ត្រីទៅបម្រើការ។
(ទី៣) ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទត្រូវដឹកនាំ និងតម្រង់ទិស ហើយទន្ទឹមនឹងនេះត្រូវរៀបចំផែនការបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីធានាប្រសិទ្ធភាពរយៈពេលវែង។ (ទី៤) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័នរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនឱ្យកាន់តែសកម្មខ្លំាងក្លាថែមទៀត ដើម្បីកៀរគរធនធាន និងគំាំទ្រចំាបាច់ ជាពិសេសធនធានមនុស្ស និងហិរញ្ញវត្ថុសម្រាប់ដំណើរការសហគមន៍កសិកម្មទំនើបឱ្យបានជោគជ័យ។
(ទី៥) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធទំាងអស់ត្រូវសហការរៀបចំយុទ្ធសាស្ត្រជាក់លាក់ដើម្បីពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ជាពិសេសលុបបំបាត់នូវរាល់សកម្មភាពណាមួយដែលរារាំងមិនឱ្យប្រជា
កសិករ និងវិស័យឯកជនប្រកួតប្រជែងនៅក្នុងទីផ្សារ និង (ទី៦) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធត្រូវសិក្សា និងកំណត់នូវបញ្ហាប្រឈមក៏ដូចជាយុទ្ធសាស្ត្រជាក់លាក់ក្នុងការពង្រឹងគុណភាព និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា ទំាងកសិផល និងផលិតផលកសិកម្មកែច្នៃ ដើម្បីធានាថាផលិតផលកម្ពុជាពិតជាមានគុណភាព មិនប៉ះពាល់ដល់សុខភាព ហើយមានតម្លៃសមរម្យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា “ផ្អែកលើចំណុចទំាង ៦ ខាងលើ ខ្ញុំរំពឹងយ៉ាងមុតមំាថា ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នេះក៏ដូចជាការអនុវត្តគោលនយោបាយកសិកម្មតាមរយៈចក្ខុវិស័យថ្មីៗទំាងអស់នឹងមានភាពជោគជ័យ ក្នុងការចូលរួមពង្រឹងសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយការចំណាយរបស់អ្នកទទួលទាន ហើយថែមទាំងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ” ។
យោងតាមសម្តេចធិបតី តើយើងត្រូវធ្វើដូចម្តេច ទើបយើងអាចធ្វើទំនើបកម្មវិស័យកសិកម្ម ឱ្យក្លាយទៅជាកសិកម្មតាមបែបឧស្សាហកម្មដែលមានស្តង់ដារខ្ពស់ ដើម្បីធានាការប្រកួតប្រជែង ធ្វើយ៉ាងណាជួយដល់ប្រជាកសិកររបស់យើង? ដើម្បីឆ្លើយតបទៅនឹងសំនួរខាងលើនេះទាមទារត្រូវមាន តួអង្គសំខាន់មាន៣៖ ទី១តួអង្គ អ្នកប្រតិបត្តិ សំដៅដល់កសិករ និងវិស័យឯកជនដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ (ទី២)តួអង្គរាជរដ្ឋាភិបាល និង(ទី៣)តួអង្គ អ្នកប្រើប្រាស់ ឬអតិថិជនហើយតួអង្គទំាង៣នេះ មានសារសំខាន់ណាស់នៅក្នុងខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់៕ SARETH ARDB