បើទោះបីម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅក្នុងស្រុកភាគច្រើនអះអាងថា បានចាក់វ៉ាក់សំាងការពារជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ទៅលើសត្វមាន់របស់ខ្លួនរួចរាល់ហើយយ៉ាងណាក៏ដោយ សម្រាប់សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជានៅតែព្រួយបារម្ភទៅលើប្រភេទជំងឺមួយនេះ។ ផ្អែកលើការព្រួយបារម្ភមួយនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គ្រោងចុះត្រួតពិនិត្យ និង នាំយកថ្នំាសម្លាប់មេរោគមួយចំនួនចែកជូនដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅតាមតំបន់មួយចំនួននាពេលខាងមុខផងដែរ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាមានប្រសាសន៍ថា “ទោះបីម្ចាស់កសិដ្ឋានអះអាងថាសត្វមាន់របស់ខ្លួនបានចាក់វ៉ាក់សំាងការពារជំងឺផ្តាសាយបក្សីទៅលើសត្វមាន់របស់ខ្លួនរួចរាល់ហើយក៏ដោយ ខាង សមាគមនៅតែចុះទៅត្រួតពិនិត្យនៅកន្លែងកសិដ្ឋានចិញ្ចឹមមាន់ ហើយលោកនឹងយកថ្នំាសម្លាប់មេរោគមួយចំនួនទៅចែកចាយជូនដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយចំនួនផ្អែកទៅលើទីតំាងជាក់ស្តែងមួយចំនួន ”។
លោក ស៊្រុន ពៅ សង្កត់ធ្ងន់ថា “បើទោះបីជំងឺផ្តាសាយបក្សីនេះមិនទាន់មានការរីករាលដាលនៅក្នុងស្រុកក៏ដោយ ប៉ុន្តែលោកមានការព្រួយបារម្ភខ្លំាង និងផ្តោតការយកចិត្តទុកដាក់ជាចម្បងទៅលើជំងឺផ្តាសាយបក្សីនេះមួយនេះព្រោះវាពាក់ព័ន្ធនឹងជីវិតមនុស្ស និង សត្វ ។ តួយ៉ាងជំងឺផ្តាសាយបក្សី H5N1 នេះកាលពីឆ្នំាមុនៗបានធ្វើឱ្យម្ចាស់កសិដ្ឋានជួបការខាតបង់សត្វមាន់រាប់សែនក្បាល”។
លោក សុក សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្នាតធំមួយកន្លែងនៅខាងខេត្តកំពង់ស្ពឺ បានយល់ឃើញាថា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ត្រូវបង្កើនវិធានជីវៈសុវត្ថិភាព ឱ្យបានតឹងរឹងជាងមុន ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងកសិដ្ឋាន ត្រូវត្រួតពិនិត្យសុខភាពមាន់ជាប្រចាំ ត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សី កុំមិនឱ្យមានការទិញសាច់មាន់មកបរិភោគក្នុងកសិដ្ឋាន និង ត្រូវឧស្សាហ៏យកឈាមមាន់ពិនិត្យមើលអង់ទីគ័រការពារមេរោគ ។
លោកបានបន្តឱ្យដឹងទៀតថា សម្រាប់កសិដ្ឋានរបស់លោកមានថ្នាំការពារមេរោគជាប់ជាប្រចាំ ប្រើសំលាប់មេរោគតាមរដូវកាល និង មានការចាក់វ៉ាក់សំាងការពារសត្វមាន់ចំនួន១-២ដង ជាប្រចាំទៅតាមកាលកំណត់។ ប៉ុន្តែសម្រាប់កសិករ និង កសិដ្ឋានចិញ្ចឹមមាន់ខ្នាតតូចៗ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់។
លោក សុក សីហា សង្កត់ធ្ងន់ថា “តាមការយល់ឃើញរបស់លោកសម្រាប់កសិដ្ឋានធំៗ ក៏នៅតែមានការបារម្ភខ្លំាងដែរ ដោយសារថា ខ្លាចវីរុស H5N1 វាបម្លែងខ្លួន ទៅជាវីរុសប្រភេទផ្សេងទៀត ហើយក៏ខា្លចវ៉ាក់សាំងសព្វថ្ងៃមិនអាចការពារបាន” ៕