ខេត្តតាកែវ៖ ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យកសិដ្ឋានចំនួនបួនទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខេត្តតាកែវ។
ដំណើរចុះពិនិត្យនេះ មានគោលបំណងលើកទឹកចិត្ត ក្តាប់ស្ថានភាពជាក់ស្តែង និងជំរុញសកម្មភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស។
១- ដំណើរទស្សនកិច្ចកសិដ្ឋានគំរូចំនួនបួនទីតាំងរួមមាន៖
* កសិដ្ឋាន លោក យក់ ចំរើនឫទ្ធិ ដែលកំពុងពង្រីក និងដាំដុះបន្លែចម្រុះ ស្ថិតនៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
* កសិដ្ឋាន លោក ស៊ន ចាន់បូរ ដែលកំពុងចិញ្ចឹមមេមាន់យកពង ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
* កសិដ្ឋាន លោក សាប់ សារុន ដែលកំពុងចិញ្ចឹមបង្កង និងត្រី ស្ថិតនៅភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
* កសិដ្ឋាន លោក សួង សង្ហា ដែលកំពុងចិញ្ចឹមត្រី ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
២- ការលើកទឹកចិត្ត និងការជំរុញផលិតកម្ម
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានទាំងបួន ឲ្យបន្តពង្រឹង និងពង្រីកការដាំដុះ និងការចិញ្ចឹមសត្វបន្ថែមទៀត ឲ្យបានកាន់តែច្រើន និងមានទំហំធំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឲ្យបានពេញលេញ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលកសិកម្មពីបរទេស។
៣- កញ្ចប់ហិរញ្ញប្បទានពី ARDB
ទន្ទឹមនឹងការជំរុញផលិតកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានទាំងអស់ អាចធ្វើការទាក់ទងមកធនាគារ ARDB ដើម្បីទទួលបានទុនវិនិយោគបន្ថែម ជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ពិសេសសម្រាប់ពង្រីកខ្សែសង្វាក់ផលិតកម្ម។ នេះជាយន្តការមួយរបស់រាជរដ្ឋាភិបាល តាមរយៈ ARDB ក្នុងការគាំទ្រដល់កសិករ និងកសិដ្ឋានខ្នាតតូច និងមធ្យម ឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម។
៤- ការចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានចូលរួមចងក្រងជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីងាយស្រួលក្នុងការតភ្ជាប់គ្នា រវាង៖
* ទទួលបានកម្ចី ដើម្បីយកទៅពង្រីកមុខរបរ
* ទទួលបានបច្ចេកទេសពីអ្នកជំនាញតាមផ្នែក
* ភ្ជាប់ទៅកាន់ទីផ្សារ
សមាគមបណ្តាញកសិករតេជោនឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់មួយ ក្នុងការជួយសម្របសម្រួល និងធានានូវចីរភាពនៃការដាំដុះ និងការចិញ្ចឹមសត្វរបស់កសិករ និងកសិដ្ឋានកម្ពុជា។
ដំណើរចុះពិនិត្យនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជីវភាពកសិករ តាមរយៈការគាំទ្រទាំងទុន ទាំងបច្ចេកទេស និងទីផ្សារ៕












