គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា អាជ្ញាធរខេត្តតាកែវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រើកម្លាំងជួយសង្គ្រោះប្រមូលផលស្រូវប្រជាពលរដ្ឋដោយសារទឹកភ្លៀងឡើងខ្លាំងបានផ្ទៃដី ៤៦៧ហិកតាហើយ ខណៈផ្ទៃដីរងផលប៉ះពាល់ជិត ២ពាន់ហិកតា។ នេះបើប្រធានមន្ទីរកសិកម្មខេត្តតាកែវ លោក ញិប ស្រ៊ន ។
ប្រធានមន្ទីរកសិកម្មរូបនេះ បានបន្តថា “ស្រូវលិចទឹកនេះ ដោយសារមានភ្លៀងនៅចុងរដូវជារៀងរាល់ថ្ងៃ បណ្ដាលឱ្យទឹកឡើងខ្លាំង ពលរដ្ឋប្រមូលផលមិនទាន់ពេលវេលា។ បច្ចុប្បន្នអាជ្ញាធរខេត្តបានបើកទ្វារទឹកទាំង៦ ដែលពាក់ព័ន្ធនៅក្នុងស្រុកគីរីវង់ហើយ ដោយមួយសប្ដាហ៍ ទៅ១០ថ្ងៃទៀត គឺអាចប្រមូលផលអស់ហើយ” ។
បច្ចុប្បន្នអាជ្ញាធរខេត្តតាកែវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកម៉ាស៊ីនខ្នាតតូច និងខ្នាតធំជាង ២០គ្រឿង និងកម្លាំងជាច្រើននាក់ ដើម្បីជួយសង្គ្រោះប្រមូលផលស្រូវដល់ប្រជាពលរដ្ឋនៅក្នុងឃុំគោកព្រិច និងឃុំអង្គរប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ ចំពោះស្រូវដែលលិចនោះ សុទ្ធសឹងតែជាស្រូវផ្ការំដួលទាំងអស់។ លោក ញិប ស្រ៊ន យ៉ាងដូច្នេះ។
បើតាមលោក ញិប ស្រ៊ន ស្រូវដែលប្រមូលផលទាំងអស់នោះ អាចលក់តម្លៃបាន ១គីឡូក្រោម ១៣០០រៀល ដោយលោកបញ្ជាក់ថា តម្លៃនេះសមរម្យ ពលរដ្ឋអាចទទួលយកបាន ខណៈតម្លៃនេះនឹងមានការប្រែប្រួលជាបន្តបន្ទាប់។
គូរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារយុវជនក្រសួង និងកងកម្លាំងយោធា នគរបាល និងអាជ្ញាធរខេត្តតាកែវ បានរួមគ្នាក្នុងប្រតិបត្តិការជួយសង្គ្រោះប្រមូលផលស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ។
ដោយសារទឹកភ្លៀងឡើងខ្លាំង ការប្រមូផលស្រូវរបស់ប្រជាជននៅស្រុកគិរីវង់មានផលលំបាក ដែលជាហេតុធ្វើឱ្យម៉ាស៊ីនមិនអាចចូលច្រូតកាត់បាន។ មើលឃើញបែបនេះ ក្រសួងក៏បានសម្រេចចុះអន្ត
រាគមន៍បន្ទាន់ ដែលមានការសហការពីសំណាក់អាជ្ញាធរខេត្ត កងកម្លាំងយោធា នគរបាល និងយុវជនក្រសួង នៅក្នុងប្រតិបត្តិការជួយច្រូតសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យខូចស្រូវ។