1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. សហភាពរឺរ៉ុប គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ៩២.៦២លានដុល្លារ

សហភាពរឺរ៉ុប គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ៩២.៦២លានដុល្លារ

សហភាពរឺរ៉ុប(EU) បានគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុបប្រមាណ ៨៦លានអឺរ៉ូ ស្មើប្រមាណ ៩២,៦២លានដុល្លារអាម៉េរិក ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែរឹងមាំ។ នេះបើយោងតាមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានប្រាប់ដំណឹងដ៏ល្អនេះ នាឱកាសពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

ការផ្តល់ហិរញ្ញប្បទាននេះ គឺស្ថិតនៅក្រោមក្របខណ្ឌ Global Gateway ដែលជាយុទ្ធសាស្រ្តថ្មីរបស់ EU ក្នុងគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព ប្រសិទ្ធភាពនិងប្រសិទ្ធផល នៃកិច្ចអន្តរាគមន៍របស់ខ្លួន។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក ឌីសម៉ាន់ អ៊ូហ្គ (Driesmans Igor) បានលើកឡើងថា នៅក្រោមយុទ្ធសាស្ត្រ Global Gateway, ប្រទេសនៅក្នុងតំបន់អឺរ៉ុប និងប្រទេសជាសមាជិក EU ដែលជារួមហៅថា “Team Europe” បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives – TEIs) ចំនួនពីរ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ (Green Growth and Decent / Jobs) ដែលក្នុងនោះរួមមាន TEI 1 ផ្តោតលើចីវភាពខ្សែច្រវាក់តម្លៃកសិកម្ម (Sustainable Agriculture Value Chains) និង TEI 2 ផ្តោតលើថាមពលបៃតង និង ខ្សែច្រវាក់តម្លៃឧស្សាហកម្ម (Green Energy_and_Industrial Value Chains)។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជារូបនេះ បានបន្តថា៖ ក្រោមក្របខណ្ឌ Global Gateway, EU បានគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុបប្រមាណ ៨៦លានអឺរ៉ូ ស្មើប្រមាណ ៩២,៦២លានដុល្លារអាម៉េរិក សម្រាប់កម្មវិធីថ្មីចំនួន ៤ រួមមាន ទី១.កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព, ទី២. កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ទី៣.កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលការអប់រំបច្ចេកទេស – ២០២៤-២០២៧ និង ទី៤. កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីសមិទ្ធផលសម្រេចម៉ាក្រូសេដ្ឋកិច្ចកម្ពជា បើទោះបីសេដ្ឋកិច្ចសកល និងតំបន់ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្ដី សេដ្ឋកិច្ចកម្ពុជានៅតែបន្តនិនាការកើនឡើង ដែលត្រូវបានរំពឹងថា មានការកើនឡើង ៥,៦ភាគរយ ក្នុងឆ្នាំ២០២៣ ហើយបានព្យាករណ៍ថា នឹងកើនឡើង ៦,៦ភាគរយក្នុងឆ្នាំ២០២៤។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបសម្រាប់ជំហរគាំទ្រកម្ពុជា ជាពិសេសក្រោមក្របខណ្ឌ Global Gateway ដែលកម្មវិធីទាំង ៤ ខាងលើ ចូលរួមគាំទ្រដល់របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងសង្ឃឹមយ៉ាងមុតមាំថានឹងអាចសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕


កាលវិភាគផ្សព្វផ្សាយ