តម្លៃដំឡូងជ្វានៅក្នុងដំណាក់កាលប្រមូលផលនៅខែកក្កឆ្នំា២០២៣កន្លងទៅនេះ កសិករអាចលក់បានតម្លៃ១១០០រៀលក្នុង១គីឡូក្រាម តែចូលមកដល់ខែតុលានិងវិច្ឆិកា តម្លៃបានធ្លាក់ចុះមកនៅ៤០០រៀល ប៉ុន្តែតម្លៃនេះខាងសហគមន៍កសិកម្មចម្រើនជីវភាពរំពឹងវានឹងងើបឡើងមកវិញនៅពាក់កណ្តាលខែធ្នូខាងមុខនេះ។
នៅក្នុងដំណើរទស្សនៈកិច្ចពិនិត្យនិងស្វែងយល់នៅសហគមន៍កសិកម្មចម្រើនជីវភាពរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មកាលពីថ្ងៃទី២ខែធ្នូ ឆ្នំា២០២៣កន្លងមកនេះ អ្នកស្រី ឡុញ ធារ៉ា ប្រធានសហគមន៍ មានទីតំាងស្ថិតនៅភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកបាររាយណ៍ ខេត្តកំពង់ធំបានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកចំនួន១០០គ្រួសារ ក្នុងនោះប្រហែល៦០% ប្រកបរបរដំាដុះដំឡូងជ្វា និងមួយចំនួនផ្សេងទៀតធ្វើការដំាដុះ បន្លែស្លឹកនិងបន្លែផ្លែ។
សម្រាប់តម្រូវការនិងទីផ្សារដំឡូងជ្វា, អ្នកស្រី ឡុញ ធារ៉ា បានលើកឡើងថា«ដំឡូងជ្វា កសិករចាប់ផ្តើមប្រមូលផលពីខែកក្កដាដោយក្នុង១ថ្ងៃបាន៥តោន និងបន្តកើនរហូតដល់៧០តោនក្នុង១ថ្ងៃ ហើយតម្លៃអាចលក់បានថ្លៃ១ ១០០រៀលក្នុង១គីឡូក្រាម។តែចូលមកដល់ខែតុលានិងខែវិច្ឆិកាកន្លងទៅនេះ តម្លៃបានធ្លាក់ចុះនៅ៤០០រៀលក្នុង ១គីឡូក្រាម បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានឹងឆ្នំាមុនៗក្នុងកំឡុងខែវិច្ឆិកា ខែធ្នូ កសិករអាចលក់បានថ្លៃ១ ៧០០រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែនៅពាក់កណ្តាលខែធ្នូឆ្នំា២០២៣ខាងមុខនេះតម្លៃដំឡូងជ្វាអាចនឹងឡើងថ្លៃវិញដោយសារការផ្គត់ផ្គង់ដំឡូងជ្វានៅក្នុងតំបន់អាចនិងមានការថមថយ»។
បើយោងតាមប្រធានសហគមន៍កសិកម្មចម្រើនជីវភាព តម្លៃដំឡូងជ្វាមានការធ្លាក់ចុះ៖១)- ដោយសារតែខាងភាគីវៀតណាមងាកមកនិយមបរិភោគផ្លែស្វាយច្រើនជាងដំឡូងជ្វា,២)- ខាងវៀតណាមបានបិទច្រកអូរយ៉ាដាវមិនឱ្យនាំចូល ព្រោះតែឈ្មួញរកស៊ីធំៗរបស់វៀតណាមប្រកួតប្រជែងគ្នាខ្លំាង ធ្វើឱ្យមានភាពរញ៉េរញ៉ៃទើបអាជ្ញាធរបិទច្រក, ៣)-ការប្រមូលដំឡូងជ្វាវាដល់រដូវកាលប្រមូលផលច្រើនដូចគ្នាទំាងនៅកម្ពុជា វៀតណាម និងថៃ។
អ្នកស្រី ឡុញ ធារ៉ា បន្តថា ដំឡូងជ្វានៅឆ្នំាមុនៗមានទីផ្សារពេញនិយមខ្លំាង មិនថាដំឡូងជ្វាដំានៅលើប្រភេទដីក្រហម ដីខ្មៅ ដីសនោះទេហើយកាលពីមុនដំឡូងជ្វាពឹងផ្អែកភាគច្រើនទៅលើទីផ្សារក្នុងស្រុក ទើបតែនៅឆ្នំា២០២៣នេះ ដែលដំឡូងជ្វាកម្ពុជាធ្វើការនាំចេញទៅទីផ្សារប្រទេសវៀតណាមច្រើន ព្រោះតម្រូវការក្នុងស្រុកងាកទៅនិយមដំឡូងជ្វាដំនៅខេត្តផ្សេងច្រើនជាងដំឡូងជ្វាដំាដោយសមាជិកសហគមន៍។
អ្នកស្រីលើកឡើងថា« ក្នុងកំឡុងពេលតម្លៃដំឡូងជ្វារបស់សហគមន៍មានធ្លាក់ចុះ ប៉ុន្តែមានអារម្មណ៍ថារំភើប បើទោះពីថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចុះមកពិនិត្យការប្រមូលផលរបស់សមាជិកសហគមន៍កសិកម្មចម្រើនជីវភាព មិនបាននាំទីផ្សារឱ្យមកខាងកសិករក៏ដោយ តែពួកគាត់បានចុះមកស្វែងយល់អំពីបញ្ហារបស់ពួកខ្ញុំ»៕