វៀតណាមនាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាប្រមាណ៩០ភាគរយ

ស្របពេលទីផ្សារប្រទេសចិនត្រូវការគ្រាប់ស្វាយចន្ទីរបស់កម្ពុជា​ ពាក់កណ្តាលសម្រេច​ គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាមប្រមាណ៩០ភាគរយ​នាពេលបច្ចុប្បន្ន​។​

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ប្រាប់ថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង៨៧ម៉ឺនតោន ដោយក្នុងនេះបាននាំចេញទៅកាន់ប្រទេសវៀតណាម៨០ម៉ឺនតោន។សម្រាប់ប្រទេសចិនពុំចង់បានគ្រាប់ឆៅទេពោលគឺចង់បានគ្រាប់កែច្នៃពីព្រោះថាតម្លៃពលកម្មនៅប្រទេសគេថ្លៃ ហេតុនេះហើយទើបគេចង់បានគ្រាប់ចន្ទីកែច្នៃពាក់កណ្តាលសម្រេច។សម្រាប់ប្រទេសឥណ្ឌាត្រូវការតែគ្រាប់ចន្ទីឆៅផងដែរ ប៉ុន្តែដោយសារការដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌាមានរយៈចម្ងាយឆ្ងាយ អញ្ចឹងហើយការទិញរបស់ប្រទេសឥណ្ឌាទើបតម្លៃទាបជាងឈ្នួញ ប្រទេសវៀតណាម  ហេតុនេះទើបប្រជែងមិនឈ្នះវៀតណាមទេ។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា​​បច្ចុប្បន្នស្វាយចន្ទីកម្ពុជាបានចុះក្នុងបញ្ជីចំនួន៤ប្រភេទ​មាន​ពូជចន្ទី M23, IM4, M10, H09​ហើយ​​ពូជស្វាយ​ចន្ទី M23 ​កសិករដាំច្រើនជាងគេដោយមានចំនួនប្រមាណ៦០ភាគរយ។​សម្រាប់តម្លៃគ្រាប់ផ្លែចន្ទីឆៅនាដើមខែកញ្ញានេះតម្លៃ១តោនថ្លៃ​១ ៥៧០ដុល្លារម៉េរិក​បានធ្លាក់ថ្លៃបន្តិចបើធៀបនឹងខែកក្កដាតម្លៃ១៧០០ដុល្លារក្នុងមួយតោន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹង​ថា​ “ ពូជស្វាយចន្ទីប្រភេទ M23 កំពុងមានប្រជាប្រិ​យ​ភាពក្នុងចំណោមកសិករក្នុងស្រុកកំពុង​​សម្រុកដាំ។ក្រៅពីនេះការលក់ចេញងាយស្រួលហើយ​បានតម្លៃខ្ពស់ដោយសារតែវាជាប្រភេទគ្រាប់ចន្ទីមានរស់ជាតិឆ្ងាញ់ ហើយពិសេសពូជ​ M23ផ្តល់ផលលឿនជាងគេ​ ដោយ​​ចំណាយពេល​ត្រឹម៣ឆ្នាំ ​អាចផ្តល់ផលហើយ។​លើសពីនេះ​​ពូជ​ M23ដាំលើផ្ទៃដីអន់បំផុតក៏បានទិន្នផល​២៣០០គីឡូក្រាមក្នុងមួយហិកតា ហើយចំណាយថវិការតែ១លានរៀលទេ”។

​ប្រធានសមាគមស្វាយចន្ទីកម្ពុជាលើកឡើង​ថា ​តាមការពិសោធន៍នៅទីក្រុងតូក្យូប្រទេសជប៉ុន គ្រាប់ស្វាយចន្ទីពូជ​ M23របស់កម្ពុជា​មានសារជាតិកូឡេស្តេរ៉ូល (ខ្លាញ់ក្នុងសរសៃឈាម)០ភាគរយ។ក្រៅពីនេះក៏មានសារជាតិផ្សេងៗទៀតសុទ្ធតែផ្តល់ផលល្អសម្រាប់អ្នកបរិភោគ។

​លោកជំទាវ អ៊ឹម រចនាមន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទមានប្រសាសន៍ថា កម្ពុជាមានមោទនភាពគ្រាប់ចន្ទីពីព្រោះក្រៅពីមានរស់ជាតិឆ្ងាញ់ជាងគេ ហើយនៅមានការនាំចេញច្រើនបើប្រៀបធៀបនឹងប្រទេសដទៃទៀតផង។

យោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦ ០០០ តោន។ដោយឡែកឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៦៧ម៉ឺនតោន ដែលមានតម្លៃ ១ ០៧៧ លានដុល្លារ តាមរយៈទីផ្សារសំខាន់ៗមានប្រទេសវៀតណាម ជប៉ុន និងចិន។

កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា។ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកូម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា អធិរាជស្វាយចន្ទី នាពេលអនាគត៕


កាលវិភាគផ្សព្វផ្សាយ