ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ថ្មីៗនេះបានបង្ហាញអំពីរបាយការណ៍នៃការអនុម័តគម្រោងប្រចំាខែកុម្ភៈ ឆ្នំា២០២៤ មានទំាងគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៣៧គម្រោង មានទុនជិត១,២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសម្រាប់វិស័យកសិកម្ម និងកសិក-ឧស្សាហកម្មទទួលបានគម្រោងបណ្តាក់ទុនមានទឹកប្រាក់ជាង៥៤លានដុល្លារអាម៉េរិក ឬស្មើប្រមាណ៨% នៃទុនសរុប។
ពាក់ព័ន្ធនឹងគម្រោងបណ្តាក់ទុនក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មក្នុងខែកុម្ភៈនេះ បើយោងតាមឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ និងជាអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថានៅក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មនេះ ទទួលបានគម្រោង២។ ទី១ សំដៅលើគម្រោង Agro-Industry មានទុនជាង៣៨លានដុល្លារអាម៉េរិក និង ទី២ សំដៅលើគម្រោង Animal farming មានទុនជិត១៦លានដុល្លារអាម៉េរិក។
អ្នកឧកញ៉ា ហ៊ុន ឡាក់ សហស្ថាបនិក និងជានាយកក្រុមហ៊ុន LONGMATE AGRICULTURE បានឱ្យដឹងថាវិស័យកសិកម្មកម្ពុជា នៅតែមានសក្តានុពល ហើយបើសិនយើងពង្រីកវិសាលភាពនៃការកែច្នៃផលិតផលកសិកម្មដែលមានសក្តានុពល នឹងធ្វើឱ្យកាន់តែមានឱកាសនៅពេលខាងមុខ ស្របពេលការបម្រែបម្រួលអាធាតុអាចនឹងធ្វើឱ្យមានបញ្ហាប្រឈមទៅលើសន្តិសុខស្បៀង។ ដូចនេះបើសិនជាយើងជំរុញការវិនិយោគចូលទៅក្នុងប្រព័ន្ធកែច្នៃ នឹងមានភាពកាន់តែប្រសើរ។
អ្នកឧកញ៉ា ហ៊ុន ឡាក់ មានប្រសាសន៍ថា « គម្រោង Agro-Industry នេះ វាចូលទៅនឹងអ្វីដែលខ្ញុំបានលើកឡើង បានន័យថាវាពាក់ព័ន្ធនឹងឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ហើយគម្រោង Animal farming មួយទៀតក៏ជាការវិនិយោគសំខាន់មួយផងដែរនៅក្នុងវិស័យកសិកម្ម។ ដូចនេះបើសិនមានលំហូរវិនិយោគិនចូលមកក្នុងវិស័យកសិឧស្សាហកម្មកែច្នៃ និងការចិញ្ចឹមសត្វ គឺសុទ្ធតែមានសក្តានុពលសម្រាប់ប្រទេសកម្ពុជា ហើយអ្វីដែលត្រូវអភិវឌ្ឍន៍បន្តគឺវិស័យហេដ្ឋារចនាសម្ព័ន្ធពិសេសកំពង់ផែទឹកជ្រៅ និងការផ្តល់សេវា»។
អ្នកឧកញ៉ា លើកឡើងថា សម្រាប់វិស័យកសិកម្មកម្ពុជាមិនអាចពឹងផ្អែកតែទៅលើការនាំចេញនៅវត្ថុធាតុដើមបានទេ កាលណាមិនមានការគិតគូរទៅលើការកែច្នៃ ដល់ពេលរដូវប្រមូលផលម្តងៗ កសិផលក្នុងស្រុកលក់បានតម្លៃទាប ធ្វើឱ្យឈ្មួញនៅតាមប្រទេសជិតខាងគេប្រមូលទិញយកទៅស្តុកទុក។ តែបើសិនមានការជំរុញការលើកទឹកចិត្តទៅដល់វិនិយោគិននៅក្នុងប្រព័ន្ធកែច្នៃនឹងអាចទាក់ទាញ់អ្នកវិនិយោគបរទេសចូលមកបណ្តាក់ទុននៅកម្ពុជាបានជាបន្តបន្ទាប់បាននៅពេលខាងមុខ៕
ដោយ៖Long Sareth