1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. វិទ្យាល័យ ហ៊ុន សែន វាលរេញបណ្តុះបំណិនដំាបន្លែដល់សិស្ស ចង់ប្រែក្លាយភូមិក្នុងតំបន់ពោពេញដោយបន្លែបៃតង

វិទ្យាល័យ ហ៊ុន សែន វាលរេញបណ្តុះបំណិនដំាបន្លែដល់សិស្ស ចង់ប្រែក្លាយភូមិក្នុងតំបន់ពោពេញដោយបន្លែបៃតង

បន្ទាប់ពីបានបណ្តុះបណ្តាលបំណិនដល់សិស្សទៅលើការដំាបន្លែក្នុងផ្ទះសំណាញ់ ជាមួយនិងការចិញ្ចឹមត្រី និងកង្កែបនៅក្នុងទីតំាងសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ បាន៣វគ្គកន្លងរួចមក ក្រៅពីគោលបំណងចង់ឱ្យសិស្សមានប្រាក់ចំណូលសម្រាប់បន្តការសិក្សា គឺនាយកសាលាមានគោលបំណងចង់ឃើញ ឬចង់កែប្រែភូមិនៅក្នុងតំបន់ក្លាយទៅជាភូមិមួយដែលពេញពេញទៅដោយបន្លែបៃតងសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារនៅថ្ងៃខាងមុខ។
លោក ងៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុនសែន វាលរេញមានប្រសាសន៍ថា មកដល់ម៉ោងនេះយើងបានដំាបន្លែ ចិញ្ចឹមត្រីនិងកង្កែបបាន៣វគ្គរួចមកហើយ។សម្រាប់បន្លែនៅទី៤នេះ យើងកំពុងតែរៀបចំដំណើរការ ហើយក្រោយដំាបានផលហើយ សិស្សអាចដកយកទៅលក់នៅមុខសាលា ក្នុងគោលបំណងចង់ឱ្យសិស្សមានប្រាក់ចំណូលបន្តការសិក្សា កាត់បន្ថយការចំណាយនៅតាមក្រុមគ្រួសាររបស់ពួកគាត់។

យោងតាមលោកនាយកសាលា នៅក្នុងរយៈពេលនៃការអនុវត្តដំាបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមត្រី កង្កែបបាន៣វគ្គកន្លងមកនេះ មានសិស្សប្រមាណ២០នាក់ចែកជា៣ក្រុម បានអនុវត្តផ្ទាល់នៅនឹងកន្លែង និង១ក្រុមផ្សេងទៀតជាក្រុមគំាំទ្រក៏មានការបណ្តុះបណ្តាលឱ្យយល់ដឹងពីការដាំដុះនិងតម្លៃ ហើយសាលានឹងឱ្យពួកគាត់ចូលអនុវត្តផ្ទាល់ ដើម្បីសិស្សយកទៅអនុវត្តដំាបន្លែនៅតាមផ្ទះនីមួយៗ។

លោកសង្កត់ធ្ងន់ថា ដើម្បីឱ្យឪពុកម្តាយ និងសិស្ស បានយល់អំពីផលប្រយោជន៍ ពីសារៈប្រយោជន៍និងការដំាបន្ថែទទួលបាននូវអត្ថប្រយោជន៍ទំាងអស់គ្នា យើងនឹងធ្វើកិច្ចសហការជាមួយខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ដើម្បីជំរុញការងារនេះ។ ខ្ញុំគិតថានៅពេលឪពុកម្តាយរបស់សិស្សមួយចំនួន បានឃើញកូនរបស់គាត់អនុវត្តនៅសលារៀន ប្រហែលគាត់មានការប្រែប្រួលអារម្មណ៍ថានឹងកូនគាត់អនុវត្តការដំាបន្ថែក្នុងផ្ទះសំណាញ់នេះ។
លោក ងៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុនសែន វាលរេញមានប្រសាសន៍ថា “ក្នុងគោលបំណងរបស់យើង យើងនឹងខិតខំធ្វើយ៉ាងម៉េចនៅក្នុងភូមិរបស់យើងក្លាយជាភូមិបៃតងមានបន្ថែនិងអាចផ្គត់ផ្គង់ទៅលើទីផ្សារបាននៅថ្ងៃអនាគត ហើយបាន ចូលរួមកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ ទោះបីជាធម្មតាទីផ្សារសេរីវាអ្នកណានាំចូលបន្លែក៏បាន ប៉ុន្តែខ្ញុំជឿថាបើយើងមានការដំាបន្ថែនៅក្នុងតំបន់ ប្រជាពលរដ្ឋប្រាកដជាគំាំទ្របន្លែដែលបានដំានៅក្នុងតំបន់ ជាងបន្ថែនាំចូលពីខាងក្រៅ”។
ទាក់ទងនិងការដំាបន្លែនិងការចិញ្ចឹមត្រី និងកង្កែបដែលសិស្សបានអនុវត្តជាក់ស្តែងនៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតនៅស្រុកព្រៃនប់ ឃុំវាលរេញ ខេត្តព្រះសីហនុ បាន៣វគ្គកន្លងមកនេះ អាចរកប្រាក់សរុបជិត៦លានរៀល៕


កាលវិភាគផ្សព្វផ្សាយ