រាជរដ្ឋាភិបាលផ្តល់ជូនការលើកទឹកចិត្ត ផ្នែកពន្ធដាទៅលើកសិផល ៥មុខបន្ថែមទៀតដល់វិស័យឯកជន

ដើម្បីឆ្លើយតបទៅការស្នើសុំរបស់វិស័យឯកជននៅពេលកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នំា២០២៣ បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដាទៅលើកសិផលចំនួន ៥មុខ ផ្សេងទៀតដល់វិស័យឯកជន មានរយៈពេល២ឆ្នំា ចាប់ពីឆ្នំា២០២៤ ដល់ ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្រាប់ការរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ នេះពិសេសតាមរយៈក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ក្រុម និងក្រុមការងារស្រូវអង្ករ វិស័យឯកជនមកពីអនុវិស័យជាច្រើននៃវិស័យកសិកម្ម បានស្នើប្រហាក់ប្រហែលគ្នា ពោលគឺ៖ ទី១) ស្នើសុំពន្យាសុពលភាពនៃការអនុគ្រោះពន្ធដែលនឹងផុតកំណត់នៅដំណាច់ឆ្នំា២០២៣។ ទី២) ស្នើសុំផ្តល់ការអនុគ្រោះដល់ផលិផលកសិកម្មមួយចំនួនទៀត និង ទី៣) ស្នើសុំបន្ថែមលើការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ជាការឆ្លើយតបរាជរដ្ឋាភិបាលសម្រេចផ្តល់ជូនតាមការស្នើសុំរបស់វិស័យឯកជនដែលបានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖ ១) បន្តការលើកទឹកចិត្តផ្នែកពន្ធដាចំនួន ២ឆ្នំាបន្តទៀត ស្របតាមប្រកាសលេខ២៥២ សហវ ប្រក ចុះថ្ងៃទី១១ខែមីនាឆ្នំា២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដាចំពោះ

សហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ។ ការបន្តលើកទឹកចិត្ត និងត្រូវពិនិត្យជាក់ស្តែងអំពីភាពចំាបាច់នៃការបន្ត ឬមិនបន្តនៅក្នុងរយៈពេល ២ឆ្នំាម្តង។

២) បន្ថែមកសិផលកសិកម្មចំនួន ៥មុខថែមទៀតដែលកំពុងមានសក្តានុពលគឺមាន មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នា និងប្រកាស២៥២ ស្តីពីការលើកទឹកចិត្តពន្ធដាចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញស្រូវអង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឱ្យមានការផ្តល់នៅបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬ សេវាកម្មឱ្យច្បាស់លាស់ទៅអគ្គនាយកដ្ឋានពន្ធដាសម្រាប់ផ្ទៀងផ្ទាត់ និង ៣) លើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសដំាដុះ ផលិត ឬផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម រួមមានស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី ស្វាយចន្ទីនិងជ័រកៅស៊ូ ដោយបន្ថែមនៅ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុដើមផលិតចំណីសត្វក្នុងស្រុកគឺមានរយៈពេល២ឆ្នំាគឺពីឆ្នំា២០២៤ ដល់ ២០២៥។
យោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កសិកម្មជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលបាននឹងកំពុងផ្តល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តជាច្រើនក្នុងគោលដៅគំាំទ្រ និងជំរុញការអភិវឌ្ឍន៍ឱ្យក្លាយទៅជាជន្ទុលសេដ្ឋកិច្ចមួយដ៏រឹងមំា។ ជាក់ស្តែងក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៨ កន្លងទៅសម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដា ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់នៅក្នុងស្រុក ឬនាំចេញកសិផលកសិកម្មចំនួន៨មុខ ដូចជា ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ។
ជារួមផលិតផលកសិកម្មចំនួន ៨មុខទទួលបានការលើកលែងពន្ធកាត់ទុកលើការទូទាត់ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតនៅក្នុងរបបស្វ័យប្រកាស អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់សេវាឱ្យដល់សហគ្រាសទទួលការផ្គត់ផ្គង់ ជាបន្ទុករបស់រដ្ឋ និងពន្ធអប្បបរិមា ក្នុងករណីកាន់នៅបញ្ជីគណនេយ្យត្រឹមត្រូវ សមស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។


កាលវិភាគផ្សព្វផ្សាយ