ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ជំរុញការ វិនិយោគបន្ថែមរបស់ខ្លួនទៅលើវិស័យគ្រប់គ្រងធនធានទឹក និង ឧត្តុនិយម។
យោងតាមក្រសួងធនធានទឹក និង ឧត្តុនិយមនៅថ្ងៃទី២៦ ខែតុលា ឯកឧត្តម ថោ ជេដ្ឋា បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោកជំទាវ Jyotsana Varma នាយិកាតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និង ការងារវិស័យធនធានទឹក ក្រោមជំនួយបច្ចេកទេស និង ADB ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និង ឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និង ហានិភ័យនៃគ្រោះធម្មជាតិនានា។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែងលើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និង ឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០៣៩ ឈានទៅដល់ការកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និង ហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និង អេកូទេសចរណ៍។
លោកជំទាវ Jyotsana Varma និង សហការីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និង សន្យាបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និង ឧតុនិយម ជាពិសេសទុនវិនិយោគលើការងារជួសជុលថែរទាំប្រព័ន្ធធារាសាស្រ្ត ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
បើតាមក្រសួងធនធានទឹក និង ឧត្តុនិយមគូសបញ្ជាក់ថា “គិតមកដល់ពេលបច្ចុប្បន្ននេះធនាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និង ឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួនពីរគឺ ទី១)-គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម (IAIP) និង ទី២)-គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ។ ដោយឡែកគម្រោងដែលកំពុងសិក្សាមានចំនួនពីរគឺ ទី១)-គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ និងទី២)-គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់ និងមាននិរន្តរភាព”៕