ផលិតផលកសិកម្ម និងឧស្សាហកម្មរបស់ខេត្តបាត់ដំបងចំនួន៤៦មុខ ត្រូវបានជ្រើសរើសនិងវាយតម្លៃនិងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ជាផលិតផលសក្តានុពលប្រចំាខេត្ត។
យោងតាមក្រសួងពាណិជ្ជកម្មថ្មីៗនេះបានឱ្យ ដឹងថា ខេត្ដបាត់ដំបង មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពល ចំនួន៤៦មុខ ដែលត្រូវបានជ្រើសរើស វាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ព្រមទាំងផលិតផលមួយចំនួនទៀតត្រូវបានកត់សម្គាល់ថាជាផលិតផលសក្តានុពលរបស់ខេត្តបាត់ដំបង។
បើតាមក្រសួងពាណិជ្ជកម្ម “ផលិតផលទាំង៤៦មុខមានដូចជា បន្លែសុវត្ថិភាព, បន្លែធម្មជាតិ, មាន់ស្រែ, ស្រូវប្រណិត, ស្រូវដំណើប, ក្រូចពោធិ៍សាត់, ទុរេន, ដំឡូងមី, មៀនប៉ៃលិន, ខ្ញីទឹកឃ្មុំ, ទឹកទំពាំងបាយជូរ, ស្រាទំពាំងបាយជូរ, ស្រាប៊ិនឌី, ជីគ្រាប់ធម្មជាតិ (ជីកំប៉ុស), អំបុកធម្មជាតិ, កាហ្វេម្សៅចេក, ម្សៅចេកបាត់ដំបង, ត្រីឆ្ងាញ់ធម្មជាតិ, ត្រីឆ្ងាញ់ទន្លេសាប, ម្ទេសគ្រឿងបាត់ដំបង, ម្ទេសបីពណ៌ធម្មជាតិ, ចេកល្ងបាត់ដំបង, ចេកល្ងរសជាតិត្រី, អំបុកលាយគ្រឿង, អំបុកផ្លែឈើចម្រុះ, អំបុកសារាយសមុទ្រ, អាហារល្ងបាត់ដំបង, អំបុកចេកបាត់ដំបង, ត្រីឆ្អើរបាត់ដំបង, ចម្លាក់ថ្ម, ម្សៅខ្ញី, ម្សៅរមៀត, មៀនកំប៉ុង, គ្រឿងសង្ហារិមធ្វើពីវល្លិផ្ដៅ, ម្ស៉ៅពន្លៃ, ស្ក្រាប់ខាត់ស្បែក, កែច្នៃស្វាយ (ដំណាប់ ទឹកស្វាយ) និងណែម”។
លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឱ្យដឹងថា ផលិតផលក្នុងខេត្តបាត់ដំបងដែលមន្ទីរកសិកម្មខេត្តបានសង្កេតនិងកំពុងជំរុញឱ្យប្រជាកសិករធ្វើការដំាដុះប្រកបគុណភាព និងមានសុវត្ថិភាពផ្នែកចំណីអាហារមានដូចជាមៀនប៉ៃលិន(បាត់ដំបង),ដំណំាបន្លែ,ទុរេន,ប៊ឺរ,ល្មើ,ម្នាស់,ស្វាយចន្ទី,ដូងក្រអូប, ដូងខ្ទិះ, ពោត,ដំឡូងមី,ស្រូវផ្ការំដួល,ស្រូវសែនក្រអូប ០១ និងពូជស្រូវដំណើបស្ពៃមង្គល ហើយផលិតផលទំាងនេះនៅពេលអ្នកប្រើប្រាស់ក្នុងស្រុកទទួលស្គាល់ថាមានសុវត្ថិភាពហើយ នៅពេលខាងមុខគឺនាំចេញ បានទៅទីផ្សារអាស៊ាននិងទីផ្សារអឺរ៉ុបផងដែរ។
លោកលើកឡើងថា បន្ទាប់ពីមន្ទីរកសិកម្មខេត្តធ្វើការជំរុញឱ្យប្រជាកសិករដំាដុះបន្លែ ផ្លែឈើអស់រយៈជាច្រើនឆ្នំាមកនេះ ខ្ញុំសង្កេតឃើញថាទទួលបានសន្ទុះពីអ្នកប្រើប្រាស់នៅក្នុងស្រុកខ្លំាង ហើយទន្ទឹមនិងនេះ យើងក៏កំពុងជំរុញឱ្យកសិករ ចេះរៀបចំគម្រោងផែនការអាជីវកម្មនិងចេះការប្រៀបធៀបតម្រូវការទីផ្សាររបស់គាត់។
បើយោងតាមអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងថា សម្រាប់ដំណាំបន្លែ និងដំណំាហូបផ្លែនៅក្នុងខេត្តបាត់ដំបង ក្នុងពេលបច្ចុប្បន្ននេះ មានការគំាំទ្រច្រើនពីអ្នកប្រើប្រាស់ក្នុងតំបន់និងក្រៅតំបន់ ហើយកសិផលខ្លះផ្សេងទៀត បានក្លាយជាផលិតផលកសិទេសចរណ៍ថែមទៀត តួយ៉ាងដូចជា ទុរេន សៅម៉ាវជាដើម។
យោងតាមក្រសួងពាណិជ្ជកម្ម ការចងក្រងអត្តសញ្ញាណនិងទិន្នន័យផលិតផលសក្តានុពលខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការស្វែងរកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាសំដៅស្វែងរកអ្នកវិនិយោគ និងដៃគូសហការដើម្បីអភិវឌ្ឍន៍ផលិតផលឱ្យឈានដល់ស្តង់ដារអន្តរជាតិសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាន និងតម្រូវការទីផ្សារ៕