ប្រមុខរដ្ឋាភិបាលត្រៀមបញ្ចេញថវិកា១០០លានដុល្លារដើម្បីរក្សាស្ថិរភាពតម្លៃផលិតផលកសិកម្ម

ដើម្បីរក្សាស្ថិរភាពតម្លៃគ្រប់ប្រភេទផលិតផលកសិកម្មនៅក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាប្រមាណ ១០០លានដុល្លារអាមេរិក។ នេះបើយោងតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៣ខែកញ្ញា ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក កន្លងទៅថ្មីៗនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍៍ថា ការណែនាំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន មានគោលបំណងជំរុញផលិតកម្ម ទីផ្សារ និងរក្សាតុល្យភាពនៃតម្លៃកសិផលសំខាន់ៗក្នុងកម្រិតសមហេតុផល តាមរយៈការដាក់ឱ្យប្រើប្រាស់កញ្ចប់ថវិកាជាក់លាក់មួយ ដោយចាប់ផ្តើមពី ១០០ លានដុល្លារអាមេរិក ជាមួយនឹងលទ្ធភាពក្នុងការបែងចែកថវិកាបន្ថែមទៀត ប្រសិនបើចាំបាច់ដើម្បីធ្វើអន្តរាគមន៍ទាន់ពេលវេលាដើម្បីទិញកសិផលពីកសិកម្ម ជាមួយគោលដៅរក្សាស្ថិរភាពតម្លៃក្នុងរដូវប្រមូលផលនីមួយៗ។
ទន្ទឹមនឹងរាជរដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារអាមេរិក ដើម្បីរក្សាស្ថិរភាពតម្លៃផលិតផលកសិកម្ម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៣ រដ្ឋាភិបាលនឹងជ្រើសរើសមន្ត្រីបច្ចេកទេសចំនួន ២៥០នាក់ ដើម្បីផ្តល់សេវាកសិកម្មដល់គ្រប់ឃុំនៅតាមតំបន់ជនបទទូទាំងប្រទេស ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ តាមរយៈការលើកកម្ពស់ផលិតផលកសិកម្ម។


កាលវិភាគផ្សព្វផ្សាយ