បើពុំមានការប្រែប្រួលធ្វើឱ្យប៉ះពាល់នោះទេ ផលិតផលស្វាយចន្ទីសម្រេចរបស់កម្ពុជា ជាង២តោននឹងនាំចេញ នៅចុងខែធ្នូឆ្នំា២០២៣នេះ ដើម្បីឆ្លើយតបទៅនិងតម្រូវការបញ្ជាទិញរបស់ទីផ្សារហុងកុង។នេះបើយោងតាមស្ថាបនិក សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង។
គួររម្លឹកផងដែរថា ថ្មីៗនេះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានចុះពិនិត្យស្វែងយល់អំពីកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង នៅ ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
អ្នកស្រី មុត ចរិយា ស្ថាបនិក HANDCRAFET CASHEW NUTS STUNG TRENG មានទីតំាងនៅភូមិឃុំខាងលើបានឱ្យដឹងថា នៅពេលកន្លងមកក្រុមហ៊ុនធំមួយ មានមូលដ្ឋាននៅទីក្រុងហុងកុង បានសាកល្បងបញ្ជាទិញផលិតផលស្វាយចន្ទីសម្រេចពីសិប្បកម្មរបស់អ្នកស្រីចំនួន១កុងតឺន័រ មានបរិមាណ៨តោន តែជាការឆ្លើយតបជាក់ស្តែង សិប្បកម្មមានសមត្ថភាពផ្គត់ផ្គង់ជូនបានត្រឹម២តោន១០០គីឡូក្រាម ហើយនិងត្រៀមនាំចេញយ៉ាងយូរនៅចុងខែឆ្នំាឆ្នំា២០២៣ខាងមុខនេះ។
អ្នកស្រីលើកឡើងថា«ផ្អែកទៅលើតម្រូវទីផ្សារក្នុងឆ្នំា២០២៣ សម្រាប់ឆ្នំា២០២៤ខាងមុន យើងគ្រោងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅក្នុងស្រុកឱ្យបានរហូតដល់៦ពាន់តោន បើគិតជាសាច់ប្រាក់ត្រូវការទុនបម្រុងពី១លានទៅ២លានដុល្លារអាមេរិក។បរិមាណប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងឆ្នំា២០២៤នេះ បើប្រៀបធៀបនិងឆ្នំា២០២៣ ប្រមូលទិញគ្រាប់ស្វាយចន្ទីមានតែ៥០តោនប៉ុណ្ណោះ»។
ស្របពេលតម្រូវការទីផ្សារមានការកើនឡើង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងមួយនេះក៏ត្រូវការទុនបម្រុងមួយចំនួនផងដែរ ដើម្បីសាងសង់នៅឃ្លំាងស្តុកគ្រាប់ស្វាយន្ទីដែលបានប្រមូលទិញពីប្រជាកសិករនៅតាមតំបន់ ហើយពាក់ព័ន្ធនិងទុនបម្រុងនេះ, អ្នកស្រី មុត ចរិយា មានប្រសាសន៍ថា«ខ្ញុំសង្ឃឹមយ៉ាងមុតមំាថាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) អាចជួយមកដល់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្ញុំបានក្នុងការផ្តល់នូវទុនសម្រាប់បង្កើតជាឃ្លំាងស្តុកគ្រាប់ស្វាយចន្ទីនៅពេលខាងមុខនេះ»។
ទាក់ទងនិងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានបង្កើតឡើងនៅចុងឆ្នំា២០២១ ហើយនៅដំណើរការកែច្នៃដំបូងៗ សិប្បកម្មមួយនេះមានសមត្ថភាពកែច្នៃក្នុងមួយខែបានតែប្រមាណ៣តោន តែនៅពេលបច្ចុប្បន្ននៅក្នុងរយៈពេលមួយខែយើងមានសមត្ថភាពរហូតដល់៣៦តោន ៕