ទីផ្សារចិន និងសហគមអឺរ៉ុប កំពុងចាប់ផ្តើមនិយមប្រើប្រាស់អង្ករដំណើបស្បៃមង្គលរបស់កម្ពុជា

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងមួយរយៈកាលចុងក្រោយនេះបានកត់សម្គាល់ឃើញថា៖ អង្ករដំណើបស្បៃមង្គលរបស់កម្ពុជា កំពុងមានតម្រូវការប្រើប្រាស់នៅលើទីផ្សារប្រទេសចិន និងសហគមន៍អឺរ៉ុប បន្ទាប់ពីពូជស្រូវដំណើបស្បៃមង្គលថ្មីមួយនេះ ត្រូវបានកសិករធ្វើការដំាដុះច្រើននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ថ្មីៗលើកឡើងថា៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថា CARDI បានព្យាយាមបង្កើតបានពូជស្រូវដំណើប “ស្បៃមង្គល” ហើយកសិករចាប់ផ្តើមផលិតដើម្បីពង្រីកធ្វើពាណិជ្ជកម្ម។
ឧកញ៉ា មានប្រសាសន៍ថា “សព្វថ្ងៃនេះពូជស្រូវដំណើបស្បៃមង្គល ដែលកសិករនៅតាមតំបន់ផលិតបានកែច្នៃធ្វើជានំសម្រាប់លក់ធម្មតា តែយើងព្យាយាមពង្រីកការដំាដុះឱ្យបានច្រើន ដើម្បីនាំចេញទៅប្រទេសចិន ព្រោះគេត្រូវការប្រភេទអង្ករស្បៃមង្គលនេះច្រើន ហើយចំពោះទីផ្សារនៅសហគមន៍អឺរ៉ុបក៏កំពុងត្រូវការដែរ។ ដូចនេះខ្ញុំមានជំនឿថា ម៉ាកយីហោអង្កររបស់កម្ពុជានេះចូលរួមប្រកួតប្រជែងទីផ្សារនៅពេលខាងមុខ ឱ្យទទួលបានទំាងបរិមាណនាំចេញ និងគុណភាពស្របតាមស្តង់ដារ” ។
លោក ឡោ ប៉ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានឱ្យដឹងថា ពូជស្រូវដំណើបស្បៃមង្គលជាពូជទី១ ដែលបានបញ្ចេញឱ្យកសិករប្រើប្រាស់ ហើយពូជនេះមានអង្ករល្អ និងមានគុណភាពល្អ។ តែអាយុកាលពូជស្រូវដំណើបនេះ អត់អាចកំណត់បានទេ តែការដំាដុះនៅពេលណាក៏ដោយ កសិករអាចប្រមូលនៅពាក់កណ្តាលខែធ្នូ ដោយសារតែវាជាស្រូវប្រកាន់រដូវ។
លោកបញ្ជាក់ថា “ពូជស្រូវដំណើបស្បៃមង្គលនេះ ជាពូជស្រូវធ្ងន់ ផ្តល់ទិន្នផលបានពីចន្លោះ ៣,២តោន ទៅ ៤តោនក្នុងមួយហិកតា អាស្រ័យទៅលើគុណភាពដី ហើយពូជស្រូវនេះវាធន់ទៅនឹងភាពរាំងស្ងួត និងធន់ទៅនឹងទឹកជំនន់រយៈពេលខ្លី ពិសេសវាធន់ទៅនឹងជំងឺ ប្លាស់” ។
បើតាម នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សង្កេតឃើញថា សព្វថ្ងៃនេះកសិករនៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបងធ្វើការដំាដុះពូជស្រូវដំណើបស្បៃមង្គលច្រើន បន្ទាប់ពីពូជស្រូវដំណើបស្បៃមង្គលនេះ បានបញ្ចេញកសិករប្រើប្រាស់កាលឆ្នំា ២០១៣។
លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នមន្ទីរកសិកម្មខេត្តបាននឹងកំពុងជំរុញឱ្យ កសិករនៅ ស្រុកមោងឬស្សី ធ្វើការដំាដុះស្រូវដំណើបពូជស្បៃមង្គលលើផ្ទៃដីជាង ២០០ហិកតា ហើយអាចផ្តល់ទិន្នផលរាប់ពាន់តោន ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ។
លោកបន្តថា កន្លងមកកសិករនៅក្នុងស្រុកមោងឬស្សី ធ្លាប់ធ្វើការដំាដុះពូជស្រូវដំណើបសល់ពីបុរាណ ទើបខាងមន្ទីរជំរុញឱ្យកសិករធ្វើការដំាដុះពូជស្រូវដំណើបស្បៃមង្គល ដែលចេញដោយ CARDI ដែលជាពូជមានគុណភាពល្អសម្រាប់ធ្វើជានំ ព្រោះមានការវាយតម្លៃថាវាមានទីផ្សារល្អ។
លោក លើកឡើងថា កន្លងមកមន្ទីរកសិកម្មខេត្តបានបង្ហាញពូជស្រូវដំណើបស្បៃមង្គលទៅដល់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវកែច្នៃនាំចេញអង្ករទៅទីផ្សារខាងក្រៅ ឃើញពួកគាត់មានការចាប់អារម្មណ៍លើស្រូវដំណើបស្បៃមង្គលច្រើន ប៉ុន្តែខាងក្រុមហ៊ុន និងកសិករមិនទាន់បានជួបគ្នាផ្ទាល់ទេ។ តែជាទូទៅទីផ្សារស្រូវមួយនេះ ឈ្មួញកណ្តាលប្រមូលទិញស្រូវពីកសិករយកទំាងអស់ ជាពិសេសឈ្មួញមកពីប្រទេសវៀតណាមដោយសារ វាមានភាពសុទ្ធច្រើន និងមានភាពស្អិតល្អ ។
លោក អ៊ិន សុវណ្ណមុនី្ន បញ្ជាក់ថា “កន្លងមក កសិករនៅក្នុងតំបន់ធ្លាប់ធ្វើពូជស្រូវដំណើបដែលនៅសល់ពីបុរាណដល់ពេលប្រមូលផល កសិករអាចលក់បាន ថ្លៃពី ១ ០០០ ទៅ ១ ១០០រៀល តែសម្រាប់ពូជស្បៃមង្គលនេះ អាចលក់បានថ្លៃ ១៤០០ ទៅ ១៥០០រៀល ក្នុងមួយគីឡូក្រាម” ។
បើសិនតម្រូវការអង្ករដំណើបស្បៃមង្គលមានសញ្ញាល្អនៅលើទីផ្សារខាងក្រៅ លោក អ៊ិន សុវណ្ណមុន្នី មានប្រសាសន៍ថា “ ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងកន្លងមកតែងតែយកចិត្តទុកដាក់ និងជំរុញទៅលើខ្សែច្រវាក់ផលិតកម្មដែលមានសក្តានុពលនៅតាមភូមិ ឃុំ បើសិនទីផ្សារខាងក្រៅកើតឡើងមែនពិតនោះ មន្ទីរកសិកម្មនឹងធ្វើការជំរុញឱ្យកសិករពង្រីកផ្ទៃដីផលិតស្រូវដំណើបស្បៃមង្គលថែមទៀត ក្រៅពីនៅស្រុកមោងឬស្សី ស្រុកថ្មគោល ស្រុកបវិល រួមនិងខាងស្រុកបាណន់” ។
បើយោងតាមអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ស្រូវដំណើបស្បៃមង្គលរបស់ប្រជាកសិករ មកដល់ខែវិច្ឆិកាឆ្នំា២០២៣ នេះ ស្រូវដំណើបស្បៃមង្គលកំពុងចេញផ្កា៕ SARETH ARDB


កាលវិភាគផ្សព្វផ្សាយ