ឆ្នំា​២០៣០​ ប្រទេសកម្ពុជា​អាចនឹងក្លាយជាអធិរាជស្វាយចន្ទី

មន្ត្រីជាន់ខ្ពស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ រួមនិង​អ្នកជំនាញ​ក្នុងវិស័យស្វាយចន្ទី​បានបង្ហាញ​ក្តីរំពឹង​ថា​នៅឆ្នំា​២០៣០​ខាងមុខ ប្រទេសកម្ពុជានឹងអាចក្លាយជា​អធិរាជស្វាយចន្ទី​​ ​ដើម្បី​សម្រេចបាន​នូវ​អធិរាជស្វាយចន្ទី​​ អ្នកជំនាញ​ទាមទារឱ្យភាគីពាក់ព័ន្ធ​ចូលរួមជំរុញ​គោលនយោបាយជាតិស្តីពីស្វាយចន្ទី​ឆ្នំា​២០២២-២០២៧​​ទំាងអស់គ្នា​។​

យោងតាម​ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹង​ថា​ បច្ចុប្បន្ន​​កម្ពុជាមានផ្ទៃដីដំាដុះដំណាំស្វាយចន្ទីសរុបដែលអាចប្រមូលផលបានមានជាង៥៨ម៉ឺនហិកតា ដែលអាច​ផ្តល់ទិន្នផល​បាន​​៧៨ម៉ឺនតោន ​និង​ឆ្នំាខ្លះទៀត​អាច​បាន​ដល់​៩០ម៉ឺនតោន ​ហើយដូចឆ្នំា២០២៤​ នេះអាចមានការថមថយ​ទិន្នផល​នៅរង្វង់៨០ម៉ឺនតោន ​ដោយសារការអាកាសធាតុមានការប្រែប្រួល។

ឯកឧត្តម តូច ប៊ុនហួរ​ បាន​គូសបញ្ជាក់ថា “មកទល់បច្ចុប្បន្នយើងមានសមត្ថភាពផលិតកែច្នៃដោយខ្លួនឯងមានត្រឹម១០% នៃគ្រាប់ស្វាយចន្ទីសរុប ក្រៅពីនេះមានជាង៨០%បាននាំចេញទៅប្រទេសជិតខាង មានដូចជាប្រទេសវៀតណាម មានគ្រាប់ឆៅ សើមនិងស្ងួត និងមួយផ្នែកទៀតបាននាំចេញទៅប្រទេសឥណ្ឌា ចិន ម៉ាឡេស៊ី បង់ក្លាដេសជាដើម”។

បើយោងតាម ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម​​​ថា ការនាំចេញវត្ថុធាតុដើមជាគ្រាប់ស្វាយចន្ទី ឆៅទៅប្រទេសច្រើន ហើយការកែច្នៃក្នុងស្រុកមានចំនួនតិច ធ្វើឱ្យបាត់បង់នូវតម្លៃបន្ថែម។សម្រាប់​គ្រាប់​គ្រាប់ស្វាយចន្ទីស្ងួត១តោន អាចកែច្នៃទៅជាផលិតផលសម្រេចគឺបាន២៥០គីឡូក្រាម​។​

​​ឯកឧត្តម តូច ប៊ុនហួរ​ ​មានប្រសាសន៍ថា ដោយមើលឃើញពីសក្តានុពលនៃផលិតផលដំណាំស្វាយចន្ទី សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ការណែនាំទៅដល់គណៈកម្មការគោលនយោយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំធ្វើយ៉ាងណាអភិវឌ្ឍន៍ដំណាំស្វាយចន្ទីនេះឱ្យមានការរីកចម្រើននិងមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

គោលបំណងជំរុញការកែច្នៃនិងការនាំចេញផលិតផលដែលបានកែច្នៃនេះទៅកាន់ពិភពលោកឱ្យបានកាន់តែច្រើន ជំរុញស្វាយចន្ទីកម្ពុជាឱ្យក្លាយជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក តាមរយៈការចរចារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ហើយបន្ទាប់យើងនិងពិចារណាទៅលើបញ្ហាចំនួនដើមទុនវិនិយោគលើការកែច្នៃនៅពេលបន្ទាប់ទៅតាមលទ្ធភាពជាក់ស្តែ និងចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើប សម្រាប់ដំណាំស្វាយចន្ទី។

ឯកឧត្តម សង្កត់ធ្ងន់ថា “អ្វីដែលខ្ញុំសម្លឹងឃើញក្នុងឆ្នំា២០៣០ គឺ១០០%យើងនឹងឈានទៅអធិរាជស្វាយចន្ទីពិតប្រាកដ។មូលហេតុដែលខ្ញុំមានការអះអាងទីមួយយោងទៅលើកម្មវិធីគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧បានកំណត់ថានៅឆ្នំា២០២៧ ត្រូវកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានយ៉ាងតិចបាន២៥%។ប៉ុន្តែបើយើងក្រឡេកទៅមើលសន្ទុះក្នុងរយៈពេល៣ឆ្នំាចុងក្រោយនេះ ឃើញថាមានការវិនិយោគ ការកែច្នៃច្រើន រហូតមកដល់ពេលនេះមានជាង១០% អីចឹងនៅក្នុងរយៈពេល៣ឆ្នាំទៀត យើងគិតថា ២៥%នឹងឈានទៅដល់ ”។

 

ទាក់ទងកម្ពុជាអាចនិងក្លាយជា អធិរាជស្វាយចន្ទី​នៅឆ្នំា​២០៣០​ខាងមុខ  ត្រូវបាន​ លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា បាន​ឯកភាព​ថានៅឆ្នំា​២០៣០​ កម្ពុជានឹង​អាចក្លាយជាអ្នកនាំចេញ​ស្វាយចន្ទី​ដ៏ធំ​មួយ​។ប៉ុន្តែ​ទាមទារ​​ឱ្យភាពគីជាប់ពាក់ព័ន្ធទំាងអស់​ចូលរួម​ជួយជំរុញគោលនយោបាយជាតិស្តីពីស្វាយចន្ទី​២០២២-២០២៧​ ដែល​គ្រោង​ធ្វើការកែច្នៃ​គ្រាប់ស្វាយចន្ទី​ឱ្យបាន​ដល់​២៥% ឬស្មើនឹង​១៧ម៉ឺនតោន​។


កាលវិភាគផ្សព្វផ្សាយ