ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញកសិផលមានទឹកប្រាក់ជាង៤ ៣០៤ លានដុល្លារអាម៉េរិក

ការនាំចេញកសិផលសរុបរបស់កម្ពុជាប្រចំាឆ្នំា២០២៣ ទៅកាន់ទីផ្សារខាងក្រៅមានជាង៨លាន ៤៤ម៉ឺនតោន បើគិតជាទំហំទឹកប្រាក់មានជាង៤ ៣០៤លានដុល្លារអាម៉េរិក ស្របពេលសេដ្ឋកិច្ចសកលលោកបន្តជួបបញ្ហា។
យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្មកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៣ បានបង្ហាញថាក្នុងឆ្នំា២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង ៨លាន ៤៤ម៉ឺនតោន ក្នុងនោះអង្ករមានជាង៦៥ម៉ឺនតោន, ស្រូវមានជាង២លាន ៧៣ម៉ឺនតោន និងកសិផលផ្សេងទៀតមានជាង៥លាន៦ម៉ឺនតោន ទៅកាន់ទិសដៅ៧៨ប្រទេស ដោយមានការថយចុះ១,៩០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២។

របាយការណ៍បញ្ជាក់ថា «សម្រាប់ឆ្នំា២០២៣ តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល ផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ មានជាង ៤ ៣០៤លានដុល្លារអាម៉េរិក ហើយក្នុងនោះតម្លៃបានមកពីការនាំចេញអង្ករមានជាង ៥៦៧លានដុល្លារអាម៉េរិក, តម្លៃបានមកពីការនាំចេញស្រូវមានជាង ៩៣៩លានដុល្លារអាម៉េរិក និងតម្លៃបានមកពីការនាំចេញកសិផលពីស្រូវ អង្ករមានជាង ២ ៧៩៩លានដុល្លារអាម៉េរិក»។

របាយការណ៍ដដែលបានបង្ហាញឱ្យដឹងទៀតថា ការនាំចេញកសិផលសំខាន់របស់កម្ពុជាក្នុងឆ្នំា២០២៣ កន្លងទៅនេះមានដូចជា ៖ អង្ករមាន៦៥៦តោន កើនឡើង៣%, ស្រូវមានជាង២ ៧៣០តោនកើនឡើង២៤%, ចំណិតដំឡូងមីក្រៀម១លាន ២៨ម៉ឺនតោនធ្លាក់ចុះ៣៧%, ដំឡូងមីស្រស់ ១លាន៩៦ម៉ឺនតោន កើនឡើង២៦%, ម្ស៉ៅដំឡូងមី ៣៦ពាន់តោន ធ្លាក់ចុះ៤៥%, កាកសំណល់ដំឡូងមី ៧៤ពាន់តោន កើនឡើង៧៥%, គ្រាប់ស្វាយចន្ទី ៤២៥ពាន់តោន ធ្លាក់ចុះ៩%, គ្រាប់ពោត ៧១ពាន់តោន ធ្លាក់ចុះ៥៨%, គ្រាប់សណ្តែកបាយ ២៨ពាន់តោនធ្លាក់ចុះ១៨%, គ្រាប់សណ្តែកសៀងមាន៥៤ពាន់តោន ធ្លាក់ចុះ៦០%, ផ្លែចេកស្រស់មាន២៨៨ពាន់តោន ធ្លាក់ចុះ ២១%, ផ្លែស្វាយស្រស់មាន១៦១ពាន់តោន ធ្លាក់ចុះ០,៣១%, ដំណាប់ស្វាយមាន២៧ពាន់តោន កើនឡើង៤៨%, ផ្លែមៀនស្រស់មាន១៧ម៉ឺនតោនកើនឡើង៤៥៤%, ដូងប្រេងមាន៧៩ពាន់តោន កើនឡើង១១%, ម្រេចមាន ៦ ១២៥តោន ធ្លាក់ចុះ២៦%, បន្លែចម្រុះមាន២២០តោន កើនឡើង១០៦%, និងកសិផលចំនួន១០០មុខផ្សេងទៀតមាន៥៣៧ពាន់តោន ធ្លាក់ចុះ១០%។
ស្របពេលបរិមាណកសិផលនាំចេញក្នុងឆ្នំា២០២៣ ធ្លាក់ចុះតិចតួច របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានធ្វើការសន្និដ្ឋានសរុបរួមថា ស្ថានភាពនៃការនាំចេញផលិតផលកសិកម្មសរុប ជារួមនៅតែមានលក្ខណៈល្អប្រសើរ ដោយសម្រេចបានជាង៨លានតោន ធ្លាក់ចុះ១,៩០% បើប្រៀបធៀបនឹងឆ្នំា២០២២។
ប៉ុន្តែការនាំចេញមានកំណើន៣,០៣% ទោះជាមានបញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្តិសេដ្ឋកិច្ច បញ្ហាបម្រែបម្រួលអាកាសធាតុ និងការទប់ស្កាត់ការនាំចេញស្បៀងអាហារ បូករួមជាមួយវិបត្តិបរិត្តផរណាក្នុងប្រទេសចិនបណ្តាលឱ្យប្រជាជនចិន បានកាត់បន្ថយការចំណាយក្នុងការបញ្ជាទិញទំនិញក៏ដោយ។
នេះសបញ្ជាក់ថា វិស័យកសិកម្ម នៅតែដើរតួយ៉ាងសំខាន់ក្នុងការគំាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ដែលមានភាពធន់ខ្លំាងជាងវិស័យដទៃទៀត។ ទន្ទឹមនឹងនេះ ក៏សង្កេតឃើញថាមានកំណើននាំចេញផលិតផលកែច្នៃ តួយ៉ាងការនាំចេញផលិតស្វាយកែច្នៃសម្រេចបានជាង ២៧ពាន់តោន កើនឡើងចំនួន៤៨,១១% ដែលឆ្លុះបញ្ចំាងពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នំា២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ដែលត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញសរុបឆ្នំា២០២៥៕

អត្ថបទដោយ៖ ឡុង សារេត


កាលវិភាគផ្សព្វផ្សាយ