បន្ទាប់ពីបានចាប់ផ្តើមមុខរបរដំាបន្លែលើដីនៅឆ្នំា២០១០ និងដំាបន្លែលើទឹកក្នុងឆ្នំា២០២២ គ្រួសារអ្នកស្រី ទុយ អាន ដែលបាននឹងកំពុងដំាដុះបន្លែសុវត្ថិភាពចម្រុះនៅភូមិស្នោរ ឃុំត្រពំាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននឹងកំពុងត្រៀមបង្កើនការដំាលើទឹកនៅក្នុងផ្ទះសំណាញ់ថែម១រោងទៀត ដើម្បីឈានទៅសម្រេចបានតាមផែនការដាំដុះរបស់ខ្លួន ក៏ដូច
ជាត្រៀមឆ្លើយតបទៅនឹងតម្រូវការនៅលើទីផ្សារក្នុងតំបន់ និងក្រៅតំបន់។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) បានចុះទៅពិនិត្យ និងស្វែងយល់អំពីបច្ចេកទេសការដំាដុះក៏ដូចជាប្រមូលផលបន្លែរបស់គ្រួសារអ្នកស្រី ទុយ អាន ខណៈនាពេលសព្វថ្ងៃនេះគ្រួសារអ្នកស្រី ប្រមូលផលបន្លែសរុបនៅក្នុងមួយថ្ងៃបានប្រមាណ ១៥០គីឡូក្រាម។
ទាក់ទងនឹងការដាំបន្លែនេះ បើយោងតាម លោក ម៉ៅ សៃ ដែលជាកូនប្រុសរបស់អ្នកស្រី ទុយ អាន បានឱ្យដឹងថា មកដល់ដើមខែកុម្ភៈឆ្នំា២០២៤នេះ ក្រុមគ្រួសារបាននឹងកំពុងបន្តសកម្មភាពដំាដុះ និងធ្វើការប្រមូលផលបន្លែដែលបានដំាលើដី សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់រាល់ថ្ងៃជាប្រចំា។ សម្រាប់បន្លែសាឡាត់អាចផ្គត់ផ្គង់ទីផ្សារពេញមួយឆ្នំា, ស្ពៃក្រញាញ់ផ្គត់ផ្គង់បាននៅចន្លោះពីមេសារហូតដល់ខែវិច្ឆិកា, ប៉េងបោះ ផ្គត់ផ្គង់បានចាប់ពីខែវិច្ចិកា ដល់ខែមេសា។
លោកម៉ៅ សៃ បញ្ជាក់ថា «ចំពោះបន្លែលើទឹកមានការដាំដុះបន្ថែមរាល់ថ្ងៃ ដោយសារនៅក្នុងរយៈពេល ២ឆ្នំាកន្លមកនេះ វាមិនទាន់បានពេញលេញឬឆ្លើយតបទៅនឹងផែនការអាជីវកម្មរបស់គ្រួសារ ពោលគឺយើងចង់ដំាដុះបន្ថែមឱ្យមានដូចក្នុងពេលសព្វថ្ងៃ ខណៈការដំាបន្លែលើដីឆ្លើយតបទៅនឹងផែនការ។ ប៉ុន្តែការដំាបន្លែលើទឹកនៅមិនទាន់ឆ្លើយតប ដែលទាមទារឱ្យមានការពង្រីកការដំាដុះបន្ថែម»។
លោកគូសបញ្ជាក់បន្ថែមថា« នៅក្នុងគោលដៅដំាបន្លែលើទឹកនេះ យើងធ្វើរោង ឬផ្ទះសំណាញ់ ៣ខ្នង ក្នុងនោះ១ខ្នងមិនទាន់បានដំា ដូចនេះយើងត្រូវការដាក់បន្ថែមទៀត ដើម្បីផ្ទះសំណាញ់ទំាង ៣ខ្នងពោរពេញទៅដោយបន្លែលើទឹក ហើយផែនការនេះនឹងចាប់ផ្តើមនៅចន្លោះខែមេសា និងខែឧសភា ដោយផ្តោតទៅលើប្រភេទបន្លែសាឡាត់ខ្មែរ សាឡាត់បរទេស និងស្ពៃក្រញាញ់»។
បើតាមលោក ម៉ៅ សៃ ដែលជាកូនច្បងនៅក្នុងគ្រួសាររបស់អ្នកស្រី ទុយ អាន បានឱ្យដឹងថា ក្នុង១ផ្ទះសំណាញ់អាចដំាបន្លែលើទឹកបាន១០រង ហើយនៅក្នុង១រងអាចប្រមូលផលបានពី៧៥ ទៅ១០០គីឡូក្រាម ហើយសរុបទំាង១០រងអាចបានផលពី៩០០គីឡូក្រាមទៅ១តោនបន្ថែមក្នុងមួយលើក។
លោក ម៉ៅ សៃ សង្កត់ធ្ងន់ថា «បើគម្រោងដាំបន្លែលើទឹកសម្រេចបានទៅតាមផែនការ ហើយរួមផ្សំជាមួយនឹងការដំាបន្លែលើដី ខ្ញុំសង្ឃឹមថាមុខរបរដំាំបន្លែមួយនេះ នឹងអាចជួយឱ្យក្រុមគ្រួសារមានជីវភាពធូធារជាងនាពេលបច្ចុប្បន្នថែមមួយកម្រិតទៀត»។
ទន្ទឹមនឹងក្តីស្រម៉ៃបានកើតមានទៅលើមុខរបរ លោក ម៉ៅ សៃ ក៏មិនភ្លេចផងដែរ ការរីកចម្រើនរបស់ក្រុមគ្រួសារនាពេលសព្វថ្ងៃនេះមួយចំណែកមកពីការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយផ្អែកទៅលើដើមទុនបានជួយឱ្យគ្រួសារមានលទ្ធភាពពង្រីកអាជីវកម្មដំាដុះបានធំជាងឆ្នំាមុនៗ មានលក្ខណៈតូចតាចប៉ុណ្ណោះ។ គួរបញ្ជាក់ថាបច្ចុប្បន្នការដំាបន្លែនៅក្នុងភូមិស្នោរ ឃុំត្រពំាងឬស្សី ការដាំបន្លែនៅក្នុងផ្ទះសំណាញ់របស់ប្រជាពលរដ្ឋមានចំនួន៨ខ្នង លើផ្ទៃដីជាង១០០ហិកតា៕
ដោយ៖Long Sareth