កំពត៖ អ្នកស្រី សុខ គង្គា ជាគណនេយ្យរបស់ក្រុមហ៊ុន ថូងអ៊ិនធ័រប្រាយស៍ បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុន បានប្រមូលទិញអំបិលពីកសិករដើម្បីបំផុសទីផ្សារនិងជំរុញការផលិតក្នុងសហគមន៍ កុំឱ្យកសិករឈប់ធ្វើអំបិលហើយនាំគ្នាយកដីលក់ និងជួយការពារសម្បត្តិមរតកដូនតាដែលបានបន្សល់ទុកកុំឱ្យបាត់បង់។
អ្នកស្រីបានលើកឡើងថា៖’ក្រុមហ៊ុនបានទិញអំបិលពីប្រជាកសិករ ដោយសារសង្កេតឃើញថា កសិករមិនមានទីផ្សារលក់ ដូច្នេះហើយទើបត្រូវជួយបំផុសគ្នាឱ្យមានទីផ្សារកុំឱ្យកសិករគាត់នំាគ្នាលក់ដីអស់ ធ្វើឱ្យបាត់បង់មរតកដូនតាពីជំនាន់ដើម និងជួយបង្កើនចំណូលជូនកសិករនៅក្នុងសហគមន៍”។
ការផលិតអំបិលនេះ ក្រុមហ៊ុន ប្រើប្រាស់បច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ដោយប្រើកម្លាំងពលកម្មចំនួន ១៥នាក់ និងមានម៉ាស៊ីនជំនួយចំនួន ៣ធំៗ ដែលមានមុខងារផ្សេងៗគ្នា គឺម៉ាស៊ីនសម្ងួត ម៉ាស៊ីនរើសគ្រួស ឬសំរាម និងម៉ាស៊ីនរើសប្រភេទគ្រាប់អំបិលពីលេខ១ ដល់៦។
បើតាមអ្នកស្រី គង្គា ក្រុមហ៊ុន ថូងអ៊ិនធ័រប្រាយស៍ បានផលិតអំបិលចំនួន ៦ប្រភេទខុសៗគ្នា រួមមាន អំបិលជុលសា, អំបិលគ្រួសអនាម័យស្អាត, អំបិលម៉ត់, ផ្កាអំបិល, អំបិលស្លឹក និងអំបិលផ្កាក្រហម។ អ្នកស្រីបានពន្យល់បែបនេះថា អំបិលជុលសា ជាអំបិលគ្រួសដែលគេទើបយកពីស្រែពោល គឺវត្ថុធាតុដើម ដែលមិនទាន់បានកែច្នៃ។ អំបិលគ្រួសអនាម័យស្អាត គឺជាអំបិលដែលបានកែច្នៃក្នុងម៉ាស៊ីនរួចរាល់។
ចំពោះអំបិលម៉ត់វិញ គេយកទឹកទៅសោ្ងរំង៉ោសធ្វើជាអំបិលម៉ត់ បន្ទាប់មកដាក់ចូលម៉ាស៊ីសម្ងួត។ ផ្កាអំបិល ជាវត្ថុកម្រពិបាកផលិត តម្រូវឱ្យមានខ្យល់ មានបន្លឺព្រះអាទិត្យ ដោយមានសារធាតុផ្សំគ្រប់គ្រាន់ទើបមានចេញផ្កា។ អំបិលស្លេក ត្រូវយកទៅស្លេកវាឱ្យស្ដើងៗ បន្ទាប់មកយកទៅហាលបែបធម្មជាតិ។ អំបិលផ្កាក្រហម គេយកទៅច្នៃបន្ថែមដោយយកដាក់លាយវត្ថុធាតុផ្សំផ្សេងៗទៀត ដើម្បីឱ្យអំបិលចេញផ្កាក្រហម។
ចំពោះអំបិលដែលភ្ញៀវពេញនិយមបរិភោគជាងគេគឺ អំបិលម៉ត់ អំបិលគ្រួស អំបិលស្លឹក និងផ្កាអំបិល ខណៈក្រុមហ៊ុន ថូងអ៊ិនធ័រប្រាយស៍ បានដាក់លក់នៅតាមផ្សារទំនើបក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិនៅតាមបណ្ដាប្រទេសប៉ែកអឺរ៉ប់ប្រមាណជាង ៣០ប្រទេស។ នេះបើតាមអ្នកស្រី សុខ គង្គា។
សូមជម្រាបថា ការផលិតអំបិលនៅឆ្នំា២០២៣នេះ ត្រូវបានបិទបញ្ចប់ការផលិត និងការប្រមូលផលកាលពីខែកក្កដាកន្លងទៅ ដោយទទួលបានអំបិលប្រមាណជាង ៧ម៉ឺនតោន ពោលគឺកើនឡើងជាង ១០០ភាគរយ បើប្រៀបធៀបនឹងឆ្នំា២០២២ ដោយមានជាង ៣ម៉ឺនតោនតែប៉ុណ្ណោះ។ បរិមាណអំបិលដែលបានផលិតក្នុងឆ្នំា២០២៣នេះ អាចផ្គត់ផ្គត់តម្រូវការទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ដោយពុំចំាបាច់នាំចូលពីខាងក្រៅនោះទេ៕
អត្ថបទដោយ៖ ញឹក សំអូន